លោក ហូ សិទ្ធី បដិសេធថា សំណង់ធំស្កឹមស្កៃលើចំណីមាត់ព្រែកស្រែអំបិល មិនមែនជារបស់លោកនោះទេ

នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី គឺលោក ហូ សិទ្ធី បានចេញលិខិតបំភ្លឺ ចំពោះការផ្សាយ របស់ សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលបានចុះផ្សាយថា លោក ហូ សិទ្ធី មានជាប់ពាក់ព័ន្ធនឹងសកម្មភាពសង់សំណង់រឹងមាំ រំលោភលើដីមាត់ព្រែកស្រែអំបិល នៃខេត្តកោះកុង ហើយប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ ប៉ុន្តែការចុះផ្សាយនេះ ត្រូវបានលោក ហូ សិទ្ធី បំភ្លឺថា ជារឿងមួលបង្កាច់ដោយគ្មានមូលដ្ឋាន ដើម្បីបំពេញចិត្តចៅហ្វាយបរទេស តែប៉ុណ្ណោះ។

សេចក្តីបំភ្លឺចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានផ្តិតស្នាមមេដៃ លោក ហូ សិទ្ធី ដែលសារព័ត៌មានក្នុងស្រុកឈ្មោះ Fresh News លើកយកមកចុះផ្សាយមានខ្លឹមសារថា រូប លោកមិនប្រើប្រាស់តួនាទី ដើម្បីឆ្លើយតបទៅសារព័ត៌មាន The Cambodia Daily នោះទេ គឺឆ្លើយតបក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ ដែលរងគ្រោះដោយភាពអយុត្តិធម៌ នៃការចោទប្រកាន់មួយគ្មានភស្តុតាង និងសាក្សីដែលអាចយកជាការបាន។ ត្រង់ចំណុចនេះ លោក ហូ សិទ្ធី ឆ្លើយតបយ៉ាងខ្លីថា រូបលោកគ្មានដី សូម្បីមួយតឹកណានៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុងនោះឡើយ។

សំណេររបស់លោក ហូរ សុទ្ធី បន្តថា ប្រសិនជា The Cambodia Daily ចោទរូបលោកដោយមានសុឆន្ទៈត្រឹមត្រូវ គឺប្រាកដជានឹងយកភស្តុតាង ឬសាក្សី មកបង្ហាញ ឬបកស្រាយនៅចំពោះមុខសាធារណៈជនបាត់ទៅហើយ។ ប៉ុន្តែលោកជឿជាក់ថា ការវាយប្រហារមកលើលោកពេលនេះ គឺសារព័ត៌មានមួយនេះ ចង់វាយឱ្យដល់រដ្ឋអំណាចដែលកំពុងធ្វើការងារក្នុងពេលបច្ចុប្បន្ន។

លិខិតបំភ្លឺ របស់លោក ហូ សិទ្ធី ដដែលនេះ ក៏បានលើកយកប្រវត្តិសព លោក Bernard Krisher កាលពេលនៅរស់ កាសែត The Cambodia Daily តែងតែព្យាយាមមួលបង្កាច់លើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះផ្សាយសំអុយមន្ត្រីនេះ ឬមន្ត្រីនោះ មិនចេះឈប់មិនចេះឈរឡើយ។ ហើយពេលនេះ រូបលោកក៏មិននឹកស្មានថា មានជនរួមជាតិរបស់លោក ទៅតាំងខ្លួនធ្វើជា “សុនខរបស់បរទេសសោះ។ ហើយរូបលោកមិនចង់ខាតវេលាទៅពន្យល់ “មនុស្សល្ងើដែលធ្វើជាចេះនោះទេ”។

លោក ហូ សិទ្ធី បញ្ជាក់ថា ដូចលើកមុនៗផងដែរ រូបលោកនឹងមិនប្តឹងផ្តល់ចំពោះ The Cambodia Daily ទេ ព្រោះវាងាយនឹងឈ្នះពេក ហើយលោកយល់ថា បើ «សុនខ» ខាំលោក លោកនឹងមិនខាំ “សុនខ» វិញដែរ។ សម្រាប់សាធារណជន និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន នៅកម្ពុជា ថ្លែងកោតសរសើរ ចំពោះភាពក្លាហានរបស់លោក ហូ សិទ្ធី ដែលហ៊ានចេញបកស្រាយចំពោះរឿងនេះ។

គួររំលឹកថា កាលពីរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily បានលើកយកអត្ថបទមួយមកចុះផ្សាយថា           រាល់ថ្ងៃនេះ មានបទល្មើសដឹកដីចាក់លុបចំណីព្រែក និងសង់សំណង់រឹងមាំរំលោភមាត់ព្រែកស្រែអំបិល បានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ខណៈអភិបាលខេត្តកោះកុង ជាពិសេសលោក ហ៊ុន សែន កំពុងមមាញឹកនឹងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩នៅកម្ពុជា។

នៅក្នុងអត្ថបទផ្សាយនោះ បានដកស្រង់ប្រភពពីពលរដ្ឋរស់នៅស្រុកស្រែអំបិល បានអះអាងថា នៅក្នុងមូលដ្ឋានរបស់ខ្លួន មានបទល្មើសដឹកអាចម៍ដីចាក់លុបមាត់ព្រែក និងសង់សំណង់រឹងមាំ រំលោភលើមាត់ព្រែកស្រែអំបិល របស់បុគ្គលមួយចំនួន បានបន្តកើតមានយ៉ាងអនាធិបតេយ្យ និងគ្មានការហាមឃាត់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង ឲ្យមានប្រសិទ្ធភាពនៅឡើយទេ។

ហើយថា បទល្មើសទាំងនេះ បានធ្វើសកម្មភាពជាងមួយឆ្នាំមកហើយ ពោលគឺក្នុងអំឡុងពេលដែលកម្ពុជា ត្រូវជំងឺកូវីដ-១៩ឆ្លងរាតត្បាត។

ប្រភពដដែលបន្តថា ចំពោះសកម្មភាពចូលទន្ទ្រានឈូសឆាយដីព្រៃកោងកាង ឬការដឹកអាចម៍ដីចាក់លុបចំណីពែក និងការសង់សំណង់រឹងមាំរំលោភលើមាត់ព្រែកស្រែអំបិល ជាបន្តបន្ទាប់មកនេះ គឺភាគច្រើនជាមន្ត្រីមានឋានន្តរសក្តិធំៗ ហើយមន្ត្រីខ្លះ មានតួនាទីជានាយខុទ្ធកាល័យ របស់លោកហ៊ុន សែន ថែមទៀតផង។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក៏ធ្លាប់ប្រាប់ព័ត៌មានក្នុងស្រុកថា ពិតជាមានសកម្មភាពបុគ្គលមួយចំនួន បាននាំយកប្រើគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង, ដឹកយកអាចម៍ដីចាក់លុបចំណីព្រែក និងសង់សំណង់រឹងមាំរំលោភលើដីចំណីមាត់ព្រែកស្រែអំបិល ពិតប្រាកដមែន ដែលធ្វើឡើងដោយខុសច្បាប់។

ដោយឡែកប្រភពពីមន្ត្រីរាជការខេត្តកោះកុង ក៏បានអះអាងថា ទីតាំងដីសាធារណៈរបស់រដ្ឋ ដែលមានសកម្មភាពដឹកអាចម៌ដីចាក់លុបចំណីព្រែក និងទីតាំងកំពុងសង់សំណង់រឹងមាំធំស្កឹមស្កៃមួយកន្លែង នៅលើមាត់ព្រែកស្រែអំបិលខាងលើនេះ គឺត្រូវគេទិញលក់តៗគ្នាច្រើនម្ចាស់រួចមកហើយ។

ក្រុមអ្នកភូមិនិយាយថា សំណង់វីឡាដ៏ធំស្កឹមស្កៃ ដែលកំពុងសង់នៅលើមាត់ព្រែកស្រែអំបិលរាល់ថ្ងៃនេះ គឺជាសំណង់សង់អត់ច្បាប់ ហើយជាកម្មសិទ្ធិ របស់ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ចំពោះការផ្សាយត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យ លោក ហូ សិទ្ធី ខឹងសម្បារជាខ្លាំង ហើយបញ្ចេញប្រតិកម្មប្រឆាំងនឹង សារព័ត៌មាន The Cambodia Daily ថាផ្សាយព័ត៌មានមិនពិត ដើម្បីផ្គាប់ចិត្តហៅហ្វាយបរទេសទៅវិញ។

ចំពោះរឿងនេះ The Cambodia Daily សូមថ្លែងអំណរគុណដល់ លោក ហូ សិទ្ធី ដែលបានបំភ្លឺថា សំណង់ធំស្កឹមស្កៃ ដែលកំពុងសង់នៅលើមាត់ព្រែកស្រែអំបិលនោះ មិនមែនជាកម្មសិទ្ធីរបស់លោក។

យ៉ាងណាក៏ដោយ ពលរដ្ឋស្រុកស្រែអំបិល បានសំណូមពរដល់ អ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឲ្យជួយបំភ្លឺផងដែរថា តើម្ចាស់សំណង់ថ្មដ៏ធំស្កឹកស្កៃ ដែលកំពុងសង់នៅលើមាត់ព្រែកស្រែអំបិលរាល់ថ្ងៃនេះ ជាកម្មសិទ្ធិ របស់បុគ្គល ឬមន្ត្រីរូបណាដែរឲ្យពិតប្រាកដ ព្រោះលោក ហូ សិទ្ធី បានបដិសេធថា មិនមែនជាសំណង់របស់លោកទៅហើយនោះ?។ ហើយសំណង់ខាងលើនេះ មានច្បាប់សាងសង់ស្របច្បាប់ត្រឹមត្រូវដែរឬទេ? បើមានច្បាប់ តើមន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធណាខ្លះ នៃរដ្ឋបាលខេត្តកោះកុង ជាអ្នកផ្តល់ច្បាប់អនុញ្ញាត ឲ្យសង់រំលោភលើមាត់ព្រែកស្រែអំបិលបែបនេះ?។

ទោះជាយ៉ាងណាក៏ដោយ រាល់ការផ្សាយរបស់ The Cambodia Daily គឺមានទិសដៅផ្សព្វផ្សាយព័ត៌មានពិត ដើម្បីចូលរួមចំណែកស្ថាបនាលើចំណុចដែលអាជ្ញាធរពាក់ព័ន្ធ ឬរាជរដ្ឋាភិបាល មិនបានដឹងដូចជា៖ ករណីឈូសឆាយរំលោភយកដីព្រៃកោងកាង, ករណីដឹកអាចម៍ដីចាក់លុបចំណីព្រែក និងករណីសង់សំណង់រំលោភលើមាត់ព្រែកស្រុកស្រែអំបិលខាងលើនេះជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.