ប្រធានាធិបតី​បារាំង​ត្រូវ​ពលរដ្ឋ​ខ្លួនឯង​ទះ​មួយ​កំផ្លៀង

នៅ​លើ​ពិភពលោក​នេះ​មាន​រឿង​ប្លែកៗ​ជាច្រើន​ទៅលើ​មេដឹកនាំ។ មេដឹកនាំ​ខ្លះ​ត្រូវ​បាន​ពលរដ្ឋ​នាំគ្នា​ដាក់​បណ្ដាសា​ដោយសារ​ទង្វើ​ក្បត់​ជាតិ និង​កំហុស​ផ្សេងៗ​ទៀត។ មេដឹកនាំ​ខ្លះ​គឺ​យ៉ាងហោចណាស់​ក៏​ត្រូវ​បាន​ពលរដ្ឋ​គប់​ពងមាន់​ស្អុយ​ដាក់ ឬ​គប់​ស្បែកជើង និង​ធ្វើ​បាតុកម្ម​ដេញ​ចុះ​ពី​តំណែង។ មេដឹកនាំ​ខ្លះ ពលរដ្ឋ​ខ្លួនឯង​បន់ស្រន់​ឱ្យ​តែ​អស់​អំណាច។ តែ​ក៏​មាន​មេដឹកនាំ​ខ្លះ ពលរដ្ឋ​យំសោក​សម្រែក​ព្រោះ​តែ​ស្ដាយ​មេដឹកនាំ​រូប​នោះ។ ទាំងនេះ​សុទ្ធតែ​មាន​រឿង​ផ្សេងៗ​គ្នា​កើត​ឡើង​នៅ​លើ​ពិភពលោក។

សម្រាប់​ប្រធានាធិបតី​បារាំង Emmanuel Macron មិន​ត្រូវ​បាន​ពលរដ្ឋ​ប្រទេស​នេះ​ដាក់​បណ្ដាសា​ថា​ជា​មេដឹកនាំ​ក្បត់ជាតិ​នោះ​ទេ ប៉ុន្តែ​មេដឹកនាំ​បារាំង​វ័យក្មេង​ជាងគេ​នេះ រង​មួយ​កំផ្លៀង​យ៉ាង​អាម៉ាស់​ពី​ពលរដ្ឋ​ខ្លួនឯង។

បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​សរុប​ព្រឹត្តិការណ៍​នេះ​ដោយ​ចុះផ្សាយ​ថា ប្រធានាធិបតី Emmanuel Macron ត្រូវ​បាន​បុរស​ម្នាក់​នៅ​ក្នុង​ហ្វូង​មហាជន​ទះ​កំផ្លៀង ខណៈ​ដែល​លោក​បម្រុង​នឹង​និយាយ​ទៅ​កាន់​សាធារណជន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​មិថុនា។

នៅពេល​ដែល​លោក Macron ដើរ​ទៅកាន់​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ ហើយ​ចាប់ដៃ​បុរស​ម្នាក់​នៅ​ក្នុង​ហ្វូង​មហាជន មួយ​រំពេច​នោះ លោក​ត្រូវ​បាន​ស្វាគមន៍​ភ្លាមៗ​ដោយ​ការ​ទះ​មួយ​កំផ្លៀង​របស់​បុរស​នោះ។

បុរស​នោះ​ពេល​កំពុង​កាន់ដៃ​ខាងស្ដាំ​របស់​លោក Macron គឺ​បុរស​នោះ​កាន់​យ៉ាង​ជាប់ ហើយ​ស្ទុះ​ទះ​កំផ្លៀង​ថ្ពាល់​ខាងឆ្វេង​របស់​លោក Macron តែម្ដង ហើយ​ស្រែក​ខ្លាំង​នូវ​ពាក្យ​ថា “Macronie” ដែល​ជា​សូរសព្ទ​ប្រជាជន​បារាំង​និយម​ប្រើ​ក្នុង​សង្គម​បារាំង​ជំនាន់​មុន ហើយ​ពួកគេ​ប្រើ​សម្រាប់​តំណែង​ប្រធានាធិបតី Macron បច្ចុប្បន្ន។

ពេល​នោះ អង្គរក្ស​របស់​លោក Macron ក៏​ស្ទុះ​អន្តរាគមន៍​យ៉ាង​ឆាប់រហ័ស ដោយ​បាន​ចាប់​បុរស​នោះ​ហើយ​ការពារ​ប្រធានាធិបតី។ ប៉ុន្តែ​លោក Macron ត្រូវ​មួយ​កំផ្លៀង​ទៅ​ហើយ។ ទោះជាយ៉ាងណា លោក Macron នៅតែ​បន្ត​ធ្វើ​ទស្សនកិច្ច​របស់​លោក​ដដែល។

មួយ​រំពេច​មុន​ពេល​លោក ម៉ាក្រុង រង​ការ​ទះ​មួយ​កំផ្លៀង គឺ​គេ​ឮ​សម្រែក​ពី​ជនល្មើស​ដែល​បាន​ស្រែក​ថា Montjoie Saint-Denis ដែល​ជា​សម្រែក​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​កាល​នៅ​ក្នុង​យុគ​មជ្ឈិម​សម័យ​នៃ​ប្រទេស​បារាំង​ក្នុង​រាជវង្ស Capetian ដែល​គ្រប់គ្រង​ប្រទេស​បារាំង​ពី​សតវត្សរ៍​ទី​១០ ដល់​សតវត្សរ៍​ទី​១៨។

Montjoie Saint-Denis គឺ​ប្រៀប​បាន​ទៅ​នឹង​បាវចនា​មួយ​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​នៅ​ប្រទេស​បារាំង ថា​ជា​ខ្សែភាពយន្ត​បែប​កំប្លែង​ផង និង​បែប​រវើរវាយ​ផង​ហើយ ត្រូវ​បាន​សម្ដែង​ម្ដង​ទៀត​ឆ្នាំ​១៩៩៣ ដែល​មាន​ចំណងជើង​ថា «Les Visiteurs»។

ខ្សែភាពយន្ត​នេះ​រំឭក​អំពី​រឿងរ៉ាវ​សតវត្សរ៍​ទី​៩ និង​ទី​១២ និង​រំឭក​មន្តអាគម​របស់​បុរស​ខ្លាំង​ក្នុង​សាច់រឿង​នោះ។ ប៉ុន្តែ​ដោយសារតែ​ពេលវេលា គឺ​រឿង​នេះ​ក៏​បាន​រសាត់​បាត់​នៅ​ក្នុង​សង្គម​ទំនើប​នេះ។

បុរស​អាយុ ២៨​ឆ្នាំ ២​នាក់ គឺ​ជន​ដៃដល់​ដែល​បាន​រួម​គំនិត​គ្នា​ទះ​កំផ្លៀង​លោក ម៉ាក្រុង និង​ម្នាក់​ទៀត​ដែល​នៅ​ជាមួយ​បុរស​រូប​នោះ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ឃុំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក។

ការិយាល័យ​រដ្ឋអាជ្ញា​នៃ​ទីក្រុង Valence បាន​ប្រាប់​ទូរទស្សន៍ CNN ថា ជន​ដៃដល់​ត្រូវ​បាន​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​បុគ្គល​ដែល​កាន់​អំណាច​សាធារណៈ។ ជន​សង្ស័យ​ពេលនេះ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​តាម​បទ​ចោទ​ពី​បទ​រំលោភ​អ្នក​មាន​អំណាច​សាធារណៈ គឺ​បុគ្គល​នោះ​អាច​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​ម៉ឺន ៥​ពាន់​អឺរ៉ូ ឬ​ជិត ៥​ម៉ឺន ៥​ពាន់​ដុល្លារ។

បុរស​ទី​មួយ​ដែល​ទះ​កំផ្លៀង​ប្រធានាធិបតី ត្រូវ​បាន​គេ​ជឿ​ថា​មាន​មាន​និន្នាការ​ស្តាំ​និយម និង​ជា​មនុស្ស​បែប​រាជានិយម ងប់ងុល​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​បារាំង និង​មន្តអាគម​នៅ​យុគ​សម័យ​កណ្ដាល។

នៅ​លើ​ទំព័រ Instagram របស់​បុរស​រូប​នោះ បាន​ពណ៌នា​ខ្លួន​លោក​ថា​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​ជាតិ​នៃ​សិល្បៈ​ក្បាច់គុន​អឺរ៉ុប​តាំងពី​បុរាណកាល។ លោក​តែងតែ​បង្ហោះ​រូបភាព​សម្លៀកបំពាក់​ពី​យុគ​សម័យ​កណ្តាល ហើយ​មាន​កាន់​ដាវ​វែង​មួយ​ជា​និមិត្តរូប​នៃ​អំណាច​អាណាចក្រ។

ភ្លាមៗ​មុន​ពេល​កើតហេតុ គឺ​លោក ម៉ាក្រុង បាន​ឈរ​នៅ​ក្បែរ​បុរស​ពីរ​នាក់​ផ្សេង​ទៀត​ក្នុង​ពេល​លោក​ធ្វើ​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ដែល​ក្នុង​នោះ​មាន​ម្នាក់​និយាយ​ថា មាន​រឿង​ជាច្រើន​ដែល​យើង​ចង់​និយាយ​ទៅ​លោក ម៉ាក្រុង។

ផ្ទះ​របស់​ជន​សង្ស័យ​ទាំងពីរ​ត្រូវ​បាន​គេ​ដឹង​ថា​ស្ថិតនៅ​ក្នុង​ភូមិ​មួយ​នៅ​ភាគ​ខាងជើង​នៃ​សង្កាត់ Tain-l’Hermitage។ ចំណែក​ជន​សង្ស័យ​ទី​២ ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​មនុស្ស​ស្រឡាញ់​ងប់ងុល​នៃ​ក្បាច់គុន​ក្នុង​ការ​ប្រយុទ្ធ​នៅ​យុគ​មជ្ឈិម​សម័យ។

នៅ​តាម​បណ្តេញ​សង្គម Facebook និង Twitter មនុស្ស​ម្នាក់ៗ​បង្ហោះ​សារ​ជេរប្រមាថ​គ្នា រើសអើង​ប្រកាន់​ពូជសាសន៍ និង​មាក់ងាយ​មក​លើ​ថ្នាក់​ដឹកនាំ​ប្រទេស។ ជាមួយ​គ្នា​នេះ លោក Jean Castex នាយករដ្ឋមន្ត្រី​បារាំង បាន​ប្រកាស​ថា អ្នក​នយោបាយ​ក៏ដូចជា​ពលរដ្ឋ​បារាំង​ទាំងអស់ ត្រូវតែ​ស្ទុះ​ឡើង​ការពារ​ស្ថាប័ន​កំពូល​របស់​រដ្ឋ ដែល​ជា​សសរទ្រូង​នៃ​លទ្ធិប្រជាធិបតេយ្យ។ លោក​ថា​លទ្ធិប្រជាធិបតេយ្យ គឺជា​ការ​តស៊ូ​មតិ មិនមែន​ស្តែង​ឡើង​តាមរយៈ​អំពើ​ហិង្សា​នោះ​ទេ។

ចំណែក​មេដឹកនាំ​ស្តាំ​និយម​ឈ្មោះ Marine Le Pen ដែល​ជា​គូប្រជែង​នយោបាយ​ដ៏​ធំ​បំផុត​របស់​លោក Macron បាន​និយាយ​ថា​ការវាយប្រហារ​មក​លើ​រូបកាយ​របស់​ប្រធានាធិបតី គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ អ្នកស្រី Marine Le Pen បាន​បន្ថែម​ថា យើង​អាច​វាយប្រហារ​គាត់​លើ​ឆាក​នយោបាយ ប៉ុន្តែ​អំពើ​ហិង្សា​ណាមួយ​ប្រឆាំង​នឹង​បុគ្គល ត្រូវ​ថ្កោលទោស​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

លោក Macron ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដើម្បី​ជួប​ម្ចាស់​ភោជនីយដ្ឋាន​នានា មុន​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រទេស​ដោយសារតែ​ការ​វាយលុក​នៃ​ជំងឺ​កូវីដ​១៩។

បច្ចុប្បន្ន លោក Macron កំពុង​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង នឹង​ត្រូវ​ធ្វើ​ឡើង​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ ហើយ​ប្រទេស​នេះ​នៅសល់​តែ ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​មាន​ព្រឹត្តិការណ៍​បោះឆ្នោត​ក្នុង​តំបន់ គឺ​នៅ​ថ្ងៃ​ទី​២០ និង ២៧ ខែ​មិថុនា នេះ។

កាលពី​ចុង​ខែ​មេសា ប្រធានាធិបតី​ម៉ាក្រុង បាន​ប្រាប់​សារព័ត៌មាន​ថា​លោក​ចង់​ទៅ​តំបន់​ឆ្ងាយៗ​ដើម្បី​ទាក់ទង​ជាមួយ​ប្រជាជន។ តែ​ក្រុម​អ្នក​ប្រឆាំង​នយោបាយ​របស់​លោក​និយាយ​ថា ការ​ចេញ​ទៅ​ក្រៅ​ក្រុង​របស់​ប្រធានាធិបតី​នៅ​ពេលនេះ គឺជា​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែប៉ុណ្ណោះ។ តែ​យ៉ាងណា លោក ម៉ាក្រុង មិនមែន​ជា​អ្នក​នយោបាយ​បារាំង​ដំបូង​គេ​ដែល​ត្រូវ​បាន​រង​ការ​ទះ​កំផ្លៀង​ពេល​ទៅ​ជួប​ពលរដ្ឋ​នោះ​ទេ គឺ​កាលពី​ខែ​មករា ឆ្នាំ​២០១៧ អតីត​នាយករដ្ឋមន្ត្រី Manuel Valls ក៏​ត្រូវ​បាន​ពលរដ្ឋ​ទះ​កំផ្លៀង​ដូចគ្នា​នេះ​ដែរ គឺ​នៅ​ពេល​ដែល​លោក​ទៅ​ទស្សនា​ទីក្រុង Lamballe នៅ Brittany។

លោក Manuel Valls ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ចន្លោះ​ឆ្នាំ​២០១៤ និង ២០១៦ ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Francois Hollande៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.