29 C
Phnom Penh

អាជីវករ​ដឹក​ផ្លែឈើ​សំណូមពរ​លោក ហ៊ុន សែន ពិនិត្យ​ការងារ​ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១

បទវិភាគ

ក្រុម​អាជីវករ​ដឹក​ផ្លែឈើ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា បាន​ចោទ​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ មាន​ទីស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ថា​បាន​គាប​សង្កត់​ជំរិត​ទារ​លុយ​ពី​ពួកគាត់​ក្នុង​រថយន្ត ១​គ្រឿង​ដែល​ដឹក​ផ្លែឈើ​មួយ​ជើង តម្រូវ​ឲ្យ​បង់លុយ​ចន្លោះ​ពី ១០​ម៉ឺន​រៀល​ទៅ ៣០​ម៉ឺន​រៀល ទៅតាម​ប្រភេទ​រថយន្ត​តូច ឬ​ធំ​ជា​កំហិត​ដោយ​គ្មាន​វិក្កយបត្រ។

ភាព​មិន​ប្រក្រតី​ខាងលើ​នេះ បាន​កើតឡើង​ជា​ថ្មី​ទៀត​បន្ទាប់ពី​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ចាប់​ឡាន​ដឹក​ផ្លែឈើ​របស់​អាជីវករ​ម្នាក់​នាំ​យក​មក​ផាក​ពិន័យ ៥​ពាន់​ដុល្លារ​អាមេរិក តែ​ម្ចាស់​ផ្លែឈើ​រូប​នោះ​មិនព្រម​បង់​ឲ្យ ហើយ​ក៏​បាន Live វីដេអូ​តាម Facebook នាំ​ឲ្យ​មន្ត្រី​គយ​ខាងលើ​ខឹង​ច្រឡោត រួច​ក៏​ដំឡើង​ថ្លៃ​ផាក​ពិន័យ​រហូត​ដល់ ៧​ពាន់​ដុល្លារ​អាមេរិក​ថែម​ទៀត។ ប៉ុន្តែ​ការ​ដំឡើង​តម្លៃ​ផាក​ពិន័យ​តាម​កំហឹង​នេះ ក៏​ត្រូវ​បាន​ម្ចាស់​រថយន្ត​ដឹក​ផ្លែឈើ​នៅតែ​បន្ត​ឡាយ​វីដេអូ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ឃើញ ក៏ដូចជា​បាន​ឃើញ​ដល់​ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជាពិសេស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៀត។

ទោះ​យ៉ាងណា នៅ​ចុង​បញ្ចប់ ទាំង​អាជីវករ និង​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ នេះ ក៏​ត្រូវរ៉ូវ​គ្នា​បង់លុយ​ត្រឹម ៥០០​ដុល្លារ​អាមេរិក ដើម្បី​បញ្ចប់​រឿង​ក្រោយ​មាន​អន្តរាគមន៍​ពី​ថ្នាក់លើ។

ស្ត្រី​ជា​អាជីវករ​ម្នាក់​ឈ្មោះ ជា ឆៃនី រស់នៅ​ផ្សារ​នាគមាស ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រូប​គាត់​ធ្លាប់​នាំ​ចូល​ផ្លែឈើ​មាន​ផ្លែ​គូលែន​ជាដើម ចេញពី​ប្រទេស​វៀតណាម ចូល​មក​រាជធានី​ភ្នំពេញ ដោយ​ប្រើ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ (វ៉េ អង) ដោយ​ក្នុង​មួយ​លើក​ត្រូវ​បង់លុយ​ឱ្យ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ចំនួន ៣០​ម៉ឺន​រៀល​ជា​រៀងរាល់​លើក ដោយ​មន្ត្រី​គយ​ទាំងនោះ​មិន​ផ្តល់​វិក្កយបត្រ​ជូន​គាត់​ទេ។

អាជីវករ​រូប​នេះ​បាន​រិះគន់​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដឹកនាំ​ដោយ​លោក ផែន ភឿន ថា​បាន​យក​តួនាទី​ការងារ​រដ្ឋ​មក​ធ្វើ​អាជីវកម្ម​រកស៊ី​ផ្ដាច់មុខ ដើម្បី​រកលុយ​ដាក់​ហោប៉ៅ​ដោយ​កិបកេង​ថវិកា​ជាតិ​ធ្ងន់ធ្ងរ​ជា​រៀងរាល់​ឆ្នាំ។

ក្រុម​អាជីវករ​បន្ត​ថា ទោះបីជា​រថយន្ត​ដឹក​ទំនិញ ឬ​ដឹក​ផ្លែឈើ​របស់​ពួកគាត់​មាន​ក្រដាស​បង់ពន្ធ​ត្រឹមត្រូវ​ពី​ព្រំដែន​កម្ពុជា-វៀតណាម ត្រឹមត្រូវ​បែប​ណា​ក្តី ក៏​នៅតែ​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ មក​គាបសង្កត់​ឲ្យ​បង់លុយ​ជាដាច់ខាត​ដោយ​ក្នុង ១​ឡាន​ចំនួន ៣០​ម៉ឺន​រៀល។

ប៉ុន្តែ​ក្នុង​ករណី​រថយន្ត​ដឹក​ផ្លែឈើ​មិន​មាន​ក្រដាស​ស្នាម​បង់ពន្ធ​ពី​ព្រំដែន​ទេ គឺ​ត្រូវ​មន្ត្រី​គយ​ចល័ត​ខាងលើ​នេះ​ចាប់​ជំរិត​ឲ្យ​បង់លុយ​រហូត​រាប់​លាន​រៀល​ក្នុង ១​ជើង។

ក្រុម​អាជីវករ​ដឹក​ផ្លែឈើ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ ឬ​ត្រួតពិនិត្យ​តួនាទី​លោក ផែន ភឿន ឬ​ដាក់​មន្ត្រី​ជំនួស​វិញ មនុស្ស​ថ្មី​ដែល​មាន​ការងារ​ប្រសើរ​ជាង​ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដូច​រាល់​ថ្ងៃ​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​តាម​ការ​បង់ពន្ធ​ត្រឹមត្រូវ​ផង​ដែរ។

កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ បាន​ចាប់​រថយន្ត​ដឹក​ផ្លែ​គូលែន​របស់​អាជីវករ​ម្នាក់ ដោយ​នាំ​យក​រថយន្ត​នោះ​ទៅកាន់​ទីស្នាក់ការ​គយ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច រួច​ជំរិត​ទារ​លុយ ២០​លាន​រៀល​ទើប​ដោះលែង​វិញ។ ប៉ុន្តែ​ដោយសារតែ​អាជីវករ​រូប​នោះ​មិន​មាន​លទ្ធភាព​បង់លុយ​ឲ្យ​គ្រប់​ចំនួន​តាម​ការកំណត់​នោះ ទើប​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ បាន​បង្ខាំង​ទុក​រថយន្ត​បណ្ដាល​ឲ្យ​ខូចខាត​ផ្លែឈើ​អស់​ប្រាក់​ប្រមាណ ៥​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​មន្ត្រី​គយ​ទាំងនោះ​គេច​មិន​ទទួល​ខុសត្រូវ​ទេ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់ លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា រថយន្ត​ដឹក​ផ្លែឈើ​ដែល​មន្ត្រី​គយ​របស់​លោក​ចាប់​នាំ​យក​មក​ដាក់​ក្នុង​ទីស្នាក់ការ​ថ្មីៗ​នេះ គឺ​ដោយសារ​រថយន្ត​ដឹក​ផ្លែឈើ​នោះ​មិន​បាន​បង់ពន្ធ។ យ៉ាងនេះ​ក្តី លោក ផែន ភឿន មិន​ឆ្លើយ​សំណួរ​លើ​ករណី​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក ជំរិត​ទារ​លុយ​ពី​រថយន្ត​ដឹក​ផ្លែឈើ​ក្នុង​មួយ​ជើង​ដើម្បី​ជំរិត​ទារ​លុយ​ចន្លោះ​ចាប់ពី ១០​ម៉ឺន ទៅ ៣០​ម៉ឺន​រៀល​ក្នុង​រថយន្ត​ដឹក​ផ្លែឈើ ១​ឡាន​នោះ​ទេ ដោយ​និយាយ​ខ្លី​ថា អត់​ដឹង​រឿង​ហ្នឹង​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស