28 C
Phnom Penh

រុស្ស៊ី​ជា​ប្រទេស​លក់​អាវុធ​ឱ្យ​របប​សឹក​ភូមា គាំទ្រ​យន្តការ​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា

បទវិភាគ

ក្នុង​ដំណើរ​ជាន់​ដី​អាស៊ាន តំណាង​ប្រទេស​មហាអំណាច​មួយ គឺ​ប្រទេស​រុស្ស៊ី បាន​ប្រកាស​គាំទ្រ​សមាគម​អាស៊ាន​ដែល​បាន​ដាក់​ចេញ​យន្តការ​ក្នុង​តំបន់ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា។

យន្តការ​អាស៊ាន ៥​ចំណុច​នេះ ត្រូវ​បាន​អនុម័ត​ដោយ​មេដឹកនាំ​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល កាលពី​ថ្ងៃ​ទី​២៤ មេសា ឆ្នាំ​២០២១។

យន្តការ​ទាំងនេះ​រួមមាន៖

  • ទី​១ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​បង្កើន​ការ​អត់ធ្មត់​ឲ្យ​ដល់​កម្រិត​ខ្ពស់​បំផុត។
  • ទី​២ ចាប់ផ្តើម​ការសន្ទនា​ប្រកប​ដោយ​ការស្ថាបនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន។
  • ទី​៣ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​ការ​សម្រុះសម្រួល​នៃ​ដំណើរការ​រៀបចំ​កិច្ចសន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។
  • ទី​៤ អាស៊ាន​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល AHA
  • ទី​៥ ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ី​ត្រូវ​បាន​មើលឃើញ​ជា​ខ្នង​បង្អែក​របស់​ក្រុម​យោធា​ភូមា​ដែល​ចាំបាច់​ត្រូវ​បកស្រាយ ហើយ​ប្រកាន់​ជំហរ​របស់​ខ្លួន​បែប​នេះ​ទៅ​មេដឹកនាំ​យោធា​ភូមា។

លោក Sergei Lavrov បាន​បញ្ជាក់​ថា ក្នុង​ការទាក់ទង​របស់​រុស្ស៊ី ជាមួយ​មេដឹកនាំ​ភូមា គឺជា​បញ្ហា​មួយ​ទៀត។ ប៉ុន្តែ​រុស្ស៊ី លើក​ស្ទួយ​គោលជំហរ​របស់​អាស៊ាន ដោយ​ចាត់ទុក​ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ភូមា និង​នាំ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​នេះ​ឱ្យ​វិលត្រឡប់​មក​រក​សភាព​ប្រក្រតី​វិញ ក្រោម​ការ​សម្របសម្រួល​ដោយ​យន្តការ​អាស៊ាន។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ។

បើ​ដូចនេះ​មែន រុស្ស៊ី គឺ​ជា​មហាអំណាច​មួយ​ទៀត​ដែល​ទទួលស្គាល់​តួនាទី​របស់​អាស៊ាន ក្នុង​ការស្វែងរក​ច្រកចេញ​ពី​វិបត្តិ​នយោបាយ​នៅ​ភូមា។

ការ​គាំទ្រ​តួនាទី​អាស៊ាន​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ការបរទេស Sergei Lavrov ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី នៅ​ចំ​ពេល​ឥណ្ឌូនេស៊ី កំពុង​បង្ហាញ​ការ​ខិតខំ​ប្រឹងប្រែង​ជា​ខ្លាំង​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ភូមា​ឡើងវិញ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី លោក Sergei Lavrov បាន​ជួប​ជាមួយ​សមភាគី Retno Marsudi។

តាម​ការ​កត់សម្គាល់ គឺ​ក្រោយ​រដ្ឋប្រហារ មហាអំណាច​រុស្ស៊ី បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​របប​រដ្ឋប្រហារ​ភូមា ព្រោះ​រុស្ស៊ី ជា​សម្ព័ន្ធមិត្ត​សំខាន់​នៃ​ក្រុម​ឧត្តមសេនីយ៍​ភូមា ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស។

ប៉ុន្តែ​ការ​ថ្លែង​បញ្ជាក់​ជំហរ​របស់​ក្រុង​ម៉ូស្គូ បន្ទាប់ពី​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ ដែល​ជា​ទស្សនកិច្ច​នៅ​បរទេស​លើក​ទី​ពីរ​របស់​មេដឹកនាំ​សឹក​នេះ​នៅ​ក្រៅ​ប្រទេស។

មក​ដល់​ពេល​នេះ សមាគម​អាស៊ាន​នៅ​ពុំ​ទាន់​រក​ច្រកចេញ​រួច​មួយ​នៅ​ឡើយ​ក្នុង​ចំណោម​យន្តការ​ទាំង ៥​ចំណុច​នេះ សូម្បីតែ​បញ្ជូន​ប្រេសិត​ទៅកាន់​ប្រទេស​ភូមា ក៏​ពុំ​ទាន់​អាច​ធ្វើ​ទៅ​បាន​ដែរ ដោយសារតែ​ក្នុង​សមាគម​អាស៊ាន​នៅតែ​មាន​ការ​ជំទាស់ ហើយ​ប្រទេស​ខ្លះ​បង្ហាញ​ជំហរ​គាំទ្រ​ពួក​យោធា​ច្រើន​ជាង​គាំទ្រ​របប​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​រដ្ឋប្រហារ។ ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​ថា​នឹង​ស្នើ​ឲ្យ​មាន​ការ​បញ្ជូន​ប្រេសិត​អាស៊ាន​ទៅកាន់​ភូមា​ភ្លាមៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ មក គឺ​ពួក​យោធា​បាន​បង្ក្រាប​ជនស៊ីវិល​ដែល​ងើប​ឡើង​ប្រឆាំង​របប​សឹក​របស់​ខ្លួន គឺ​ស្លាប់​រហូត​ដល់​ទៅ​ជិត ៩០០​នាក់​ហើយ ក្នុង​នោះ​ចាប់​ខ្លួន​ជិត ៥០០០​នាក់។ ពួក​យោធា​បាន​ប្រកាស​ថា ក្រុម​បះបោរ​ប្រឆាំង​របប​សឹក​របស់​ខ្លួន ថា​ជា​ក្រុម​ភេរវកម្ម។ ប៉ុន្តែ​ពិភពលោក​មិន​ទទួលស្គាល់​ការ​អះអាង​របស់​ពួក​យោធា​ឡើយ។

នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១៣ មិថុនា របប​សឹក​ភូមា​ត្រូវ​បាន​វាយប្រហារ​យ៉ាង​អាម៉ាស់។

ក្នុង​មហាសន្និបាត​នេះ ប្រទេស ១១៩​ប្រទេស បាន​បោះឆ្នោត​ថ្កោលទោស​ពួក​យោធា​ភូមា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោកស្រី អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃ​ទី​១ កុម្ភៈ។

មិនតែប៉ុណ្ណោះ មហាសន្និបាត​ក៏​បាន​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា ដោយ​ប្រាប់​ទៅ​ពួក​យោធា​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​បញ្ចប់​អំពើ​ហិង្សា ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ប៉ុន្តែ​ក្នុង​ចំណោម​ប្រទេស ១៩៣​នៃ​សមាជិក​អង្គការ​សហប្រជាជាតិ គឺ ៣៦​ប្រទេស​បោះឆ្នោត​អនុប្បវាទ គឺ​មាន​រុស្ស៊ី ចិន និង​ប្រទេស​បួន​ទៀត​នៃ​សមាគម​អាស៊ាន​មាន​កម្ពុជា​ផង​ដែរ។

ចំណែក​ឯ ៣៧​ប្រទេស​ទៀត មិន​បោះឆ្នោត​នោះ​ទេ។ យ៉ាងណាក៏ដោយ របប​សឹក​ភូមា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាន់​អំណាច​បាន​ជាង ៥​ខែ​មក​ដល់​ពេល​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស