29 C
Phnom Penh

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ថៃ​មិន​អាច​ចម្លង​វប្បធម៌ ឬ​អរិយធម៌​របស់​កម្ពុជា​ធ្វើ​ជា​របស់​ខ្លួន​បាន​ទេ ព្រោះ​ថា​ប្រាសាទ​អង្គរវត្ត និង​អរិយធម៌​មួយ​ចំនួន​ផ្សេងទៀត​របស់​ខ្មែរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ ដូច្នេះ​អង្គការ​នេះ​ក៏​មាន​ភារកិច្ច​ការពារ​វប្បធម៌ និង​អរិយធម៌​ឲ្យ​កម្ពុជា​ផង​ដែរ។

លោក​អះអាង​ថា ទោះបីជា​ប្រទេស​ថៃ អាច​សាងសង់​ប្រាសាទ​ដែល​មាន​​​រូបរាង​ដូច​អង្គរវត្ត​របស់​កម្ពុជា​មែន ក៏​គ្រាន់តែ​ជា​ប្រាសាទ​សិប្បនិមិត្ត​តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​ទេសចរ​បរទេស​ចង់​មើល​ប្រាសាទ​បុរាណ​ដែល​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​ពិតប្រាកដ ពួកគេ​នៅតែ​ត្រូវ​ទៅ​មើល​ប្រាសាទ​អង្គរវត្ត​នៅ​កម្ពុជា​ដោយ​ផ្ទាល់​ដដែល។

បណ្ឌិត សុខ ទូច បញ្ជាក់​ថា ប្រសិនបើ​មាន​ការ​រំលោភបំពាន​ណាមួយ​ពី​ប្រទេស​ជិតខាង​លើ​ប្រាសាទ​អង្គរវត្ត សម្បត្តិ​ជាតិ​កម្ពុជា​ពិត​មែន​នោះ កម្ពុជា​អាច​ប្តឹង​ទៅកាន់​អង្គការ​យូណេស្កូ ឬ​ក៏​អាច​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ផង​ដែរ ដើម្បី​តវ៉ា​អំពី​ការ​រំលោភបំពាន​ទាំងនោះ។ លោក​ថា ជា​បទពិសោធន៍ កម្ពុជា​ក៏​បាន​ឈ្នះ​ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ ម្តង​រួច​មក​ហើយ​ដែរ ដូច្នេះ​វិធី​នេះ​អាច​ឲ្យ​កម្ពុជា​រក​យុត្តិធម៌​លើ​ការ​រំលោភបំពាន​របស់​បរទេស​មក​លើ​ខ្លួន​បាន។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច

កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ មាន​ការ​ប្រតិកម្ម​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម Facebook នូវ​រូបភាព​ដែល​វិស្វករ​ថៃ បាន​បង្ហាញ​គម្រោង​សាងសង់​ប្រាសាទ​មួយ​ដែល​ដូច​គ្នា​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ ដែល​បាន​សាងសង់​នៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា បញ្ហា​អង្គរវត្ត​របស់​ខ្មែរ និង​ការ​លួច​ចម្លង​រចនាបថ​នានា​ដោយ​ប្រទេស​ថៃ គឺជា​រឿង​ធំ​ទី​២ ប៉ុណ្ណោះ។

លោក​អះអាង​ថា បញ្ហា​ទំនាស់​ផលប្រយោជន៍​ពាក់ព័ន្ធ​មហិច្ឆតា​ឈ្លានពាន​ជាប់​មិន​ដាច់​ពី​ប្រទេស​វៀតណាម មក​លើ​ប្រទេស​កម្ពុជា ក្នុង​សម័យកាល​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ទើប​ជា​រឿង​ធំ​ទី​១ សម្រាប់​កម្ពុជា។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​បន្ត​ធ្វើ​ខ្លួន​ដូចជា​កូនង៉ា​ទៀត​បាន​ទេ ត្បិត​ប្រទេស​ជិតខាង​កំពុង​ពង្រីក​អំណាច​ក្នុង​តំបន់ ទាំង​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ធនធាន​មនុស្ស និង​ប្រជាសាស្ត្រ (ពលរដ្ឋ) យ៉ាង​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ប្រាសាទ​អង្គរវត្ត​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​កន្លែង​បុរាណវិទ្យា​ដ៏​សំខាន់​បំផុត​មួយ​នៅ​អាស៊ី​ផង​ដែរ ខណៈ​ដែនដី​ភាគ​ខាងកើត​របស់​កម្ពុជា ដែល​មាន​ខ្សែ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម កំពុង​រង​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ។

សៀវភៅ​ស្តី​អំពី​ព្រំដែន​របស់​លោក ស៊ាន ប៉េងសែ អតីត​ប្រធាន​គណៈកម្មការ​ព្រំដែន​ខ្មែរ​ក្នុង​ប្រទេស​បារាំង បាន​កត់ត្រា​ថា ទឹកដី​កម្ពុជា​មួយ​ផ្នែក​ធំ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម រហូត​ដល់​សព្វថ្ងៃ​នេះ ដូចជា​ព្រំដែន​ទឹក​មាន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា រួម​បញ្ចូល​ទាំង​កោះត្រល់ ទំហំ ៥៧៤​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ទាំង​កោះក្រចកសេះ ទំហំ​ប្រហែល ៦​គីឡូម៉ែត្រ​ក្រឡា និង​ការ​បាត់បង់​ព្រំដែន​គោក​ប្រហែល​ពី ៤​ពាន់ ទៅ ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា​ថែមទៀត បន្ទាប់ពី​លោក ហ៊ុន សែន បាន​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ចុះហត្ថលេខា​បន្ត​ប្រើប្រាស់​សន្ធិសញ្ញា​ខុសច្បាប់​ផ្សេងៗ​ជាមួយ​ប្រទេស​វៀតណាម​រួច​មក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស