29 C
Phnom Penh

ក្រសួង​បរិស្ថាន​សម្ដែង​មោទកភាព​ក្នុង​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ ប៉ុន្តែ​សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​មោទកភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាធរមាន។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រសួង​បរិស្ថាន បាន​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៥​កន្លែង ក្នុង​នោះ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជាង ១​ម៉ឺន ៤​ពាន់​ករណី​ត្រឹមតែ​រយៈពេល ៦​ខែ​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ខែ​មករា រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២១។

លោក​អះអាង​ថា នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ នៅ​មាន​បទល្មើស​ទ្រង់ទ្រាយ​តូច និង​ធំ​ជាច្រើន​បាន​កើតឡើង ដែល​ក្រសួង​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​បន្ត​អនុវត្ត​ច្បាប់​ដោយ​ការ​ទទួល​ខុសត្រូវ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ទាំងនេះ​បាន​យ៉ាង​ល្អ​ប្រសើរ និង​យកចិត្ត​ទុកដាក់​ជាទីបំផុត។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន រូប​នេះ​បញ្ជាក់​ទៀត​ថា ដោយសារតែ​ក្រសួង​បរិស្ថាន អាច​ការពារ និង​អភិរក្ស​តំបន់​ធម្មជាតិ​ទាំងនេះ​បាន​ល្អ​ប្រសើរ​នេះ​ហើយ ទើប​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ ព្រមទាំង​ផ្តល់​នូវ​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ដល់​ពលរដ្ឋ​នៅ​តាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទាំងនោះ​ផង​ដែរ។

ការ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ ធ្វើឡើង​ផ្ទុយ​ទៅ​នឹង​ការ​មើលឃើញ​របស់​ក្រុម​អ្នក​ឃ្លាំមើល​ព្រៃឈើ និង​សកម្មជន​បរិស្ថាន​ទាំងស្រុង ដែល​អ្នក​ទាំងនោះ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ឃុបឃិត​រវាង​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ខិលខូច​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា គឺជា​ការ​និយាយ​ចេញ​មក​មិន​ចេះ​ខ្មាស​ខ្លួនឯង ខណៈ​ឈើ​ប្រណិត​ខ្មែរ​ដែល​ត្រូវ​គេ​លួច​រត់​ពន្ធ​ដោយ​ខុសច្បាប់​ទៅកាន់​ទីក្រុង​ហុងកុង នា​ពេល​កន្លងមក អាជ្ញាធរ​នៅ​មិន​អាច​រក​មុខ​អ្នក​ប្រព្រឹត្ត​មិន​ឃើញ​ផង ប៉ុន្តែ​បែរជា​ហ៊ាន​ចេញ​មុខ​មក​អួត​ពី​ស្នាដៃ​របស់​ខ្លួន​បាន​ទៀត។

ទាក់ទិន​នឹង​បញ្ហា​ការពារ​បរិស្ថាន​នេះ កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន​ជាង ១០០​លាន​ដុល្លារ​លើ​កម្មវិធី​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​បទល្មើស​នៃ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា នៅតែ​បន្ត​កើត​មាន​ដដែល។

ប្រភព​ដដែល​រិះគន់​ថា បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា លើ​ដែន​ជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធម្មជាតិ​នានា បន្ត​កើត​មាន​មិន​ស្រាកស្រាន្ត ខណៈ​អាជ្ញាធរ​កម្ពុជា​មិន​បាន​កាត់ទោស ឬ​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ឈ្មួញ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លើ​សត្វព្រៃ ឬ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២១ មន្ត្រី​គយ​នៃ​ទីក្រុង​ហុងកុង បាន​រឹបអូស​ឈើ​ប្រណិត​ចំនួន ៧​កុងតឺន័រ ដែល​មាន​តម្លៃ​ជាង ១​លាន​ដុល្លារ​ហុងកុង ដែល​គេ​អះអាង​ថា ជា​ឈើ​ដែល​នាំចេញ​ពី​កម្ពុជា ហើយ​ពួកគេ​បញ្ជាក់​ថា ឈើ​ដែល​បាន​រក​ឃើញ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ឈើ​ប្រណិត​ជិត​ផុត​ពូជ​ដែល​មាន​ចំនួន​ដល់​ទៅ ២១១​តោន។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន កាលពី​ខែ​ឧសភា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រសួង​មិន​បាន​ដឹង​ពី​ការ​នាំចេញ​ប្រភេទ​ឈើ​ដែល​ជិត​ផុត​ពូជ​ទៅ​ទីក្រុង​ហុងកុង ឬ​ទៅ​បរទេស​នោះ​ទេ។

បែប​នេះ​ក្តី សកម្មជន​ឃ្លាំមើល​ព្រៃឈើ រិះគន់​ថា អាជ្ញាធរ​ខ្មែរ​ក្រៅតែ​ពី​ពូកែ​ខាង​តែ​ឆ្លើយ​ថា មិន​ដឹង ឆ្លើយ​ដាក់​គ្នា ពូកែ​ខាង​ប្រកែក និង​ច្រានចោល ហើយ​និង​អួត​បំផ្លើស​ការពិត គឺ​គ្មាន​ជំនាញ​ផ្សេង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​មាន​ភស្តុតាង​ជាក់ស្តែង ពួកគេ​តែង​ប្រើ​លេស​ថា កំពុង​រង់ចាំ​ចំណាត់ការ​ពី​ថ្នាក់លើ​ជាដើម។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា ថា ទោះបី​កម្ពុជា​មាន​ច្បាប់​ការពារ​ព្រៃឈើ​ក៏ដោយ ក៏​កម្ពុជា​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក។ តាំងពី​ឆ្នាំ​១៩៩៣ មក ក្រសួង​បរិស្ថាន បាន​បង្កើត​ដែន​ជម្រក​សត្វព្រៃ​នៅ​តំបន់​ផ្សេងៗ​ជាច្រើន ដូចជា​ដែន​ជម្រក​សត្វ​ព្រៃឡង់ ដែន​ជម្រក​សត្វព្រៃ​គូលែន និង​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង ជាដើម ដែល​សរុប​ទាំងអស់​មាន ៧៥​កន្លែង និង​មាន​ផ្ទៃដី​សរុប ៧,៣​លាន​ហិកតារ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស