30 C
Phnom Penh

ភាគ​៥៖ សេដ្ឋី​និង​សេដ្ឋិនី​ខ្មែរ​បើក​ក្រុមហ៊ុន​សម្បក​ទទេ​ឆ្លង​ទ្វីប​លាក់​លុយ​គេច​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​និង​សម្បត្តិ​ទ្រព្យ

បទវិភាគ

តើ​មាន​សេដ្ឋី​ស្រុក​ខ្មែរ​ណា​ខ្លះ ជនបរទេស​ណា​ខ្លះ ប្រមូល​ទ្រព្យ​ពី​ស្រុក​ខ្មែរ​ទៅ​លាក់​ទុក​នៅ​បរទេស តាម​កោះ​ឯ​នាយ​សមុទ្រ ដោយ​បើក​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក? មាន​អ្នក​ខ្លះ​គេ​ថា​ជន​ទាំងនោះ​បើក​ក្រុមហ៊ុន​ដាក់​ទុន​រកស៊ី​ធម្មតា។

តទៅ​នេះ ជា​ភាគ​ទី​៥ នៃ​សេចក្តី​រាយការណ៍​ស្រង់​ពី​សំណុំ​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​ការ​ទម្លាយ​ក្រៅ​ដែនដី។ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​យ៉ាងណា​ដែរ​ក្រោយ​ធ្លាយ​ព័ត៌មាន​នោះ?

ពាណិជ្ជករ​អ្នកមាន​លុយ​ពី​ស្រុក​ខ្មែរ​ដែល​យក​លុយ​ទៅ​ដាក់​ទុក​នៅ​ប្រទេស​កោះ​តូចៗ​នៅ​អាមេរិក​កណ្តាល ដោយ​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក (offshore shell company) ផ្សេងៗ​បង្វែងដាន​គេច​បង់​ពន្ធ​លើ​ចំណូល ឬ​សម្បត្តិ​ទ្រព្យ មិនមែន​ទៅ​ដាក់​ទុន​រកស៊ី​នៅ​ទីនោះ​ទេ។

តាម​ឯកសារ​បែក​ធ្លាយ​នៅ​ឆ្នាំ​២០១៦ ដែល​រដ្ឋាភិបាល​ប្រទេស​ជាច្រើន​បាន​ស៊ើប​អង្កេត ចាប់​ផ្ដន្ទាទោស​អ្នក​គេច​ពន្ធ​នោះ យើង​សូម​បញ្ជាក់​ថា អ្នក​ដាក់​លុយ​ទុក​នៅ​តាម​កោះ​ទាំងនោះ​មាន​ដូចជា៖

  • British Virgin Islands
  • Cayman Islands
  • Bermuda
  • Bahamas
  • St. Kitts & Nevis
  • Malta
  • Cyprus
  • Mauritius
  • Seychelles ជាដើម មាន​បំណង​តែ​មួយ​គត់ គឺ​គេច​បង់​ពន្ធ​ឲ្យ​រដ្ឋ។

គេ​ហៅ​កន្លែង​ទាំងអស់​នោះ​ថា «Tax Haven» ឬ​ប្រែ​ថា «ទី​សុវត្ថិភាព​ពន្ធដារ»។ បើ​អ្នក​ដាក់​លុយ​ទុក​ទីនោះ​ទាំងអស់​គ្នា រកស៊ី​បង់​ពន្ធដារ​ត្រឹមត្រូវ​តាម​ច្បាប់ រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​នោះ​គេ​មិន​ចាប់ចង​អ្វី​ទេ។

មនុស្សម្នា​ក្នុង​សង្គម​ខ្មែរ​គេ​ធ្លាប់​និយាយ​ថា អ្នក​មាន​គេ​ឆ្លាត។ មកពី​គេ​ឆ្លាត ទើប​គេ​ជា​អ្នកមាន ដូច្នេះ​អ្នកមាន​កប់​ពពក​ទាំងឡាយ​នោះ​ក៏​ឆ្លាត​ចេះ​លាក់​លុយ​ដែរ ទម្រាំ​គេ​តាម​រក​ឃើញ ដូច​ដែល​ព្រះពុទ្ធ​ដីកា​រំឭក​មនុស្ស​លោក​ជិត ២៦០០​ឆ្នាំ​ថា លាក់​យូរ​មិន​បាន​នោះ​ឯង។

ក្នុង​ឯកសារ​ឋានសួគ៌ Paradise Papers មាន​ឈ្មោះ លឹម ហ៊ួ (Lim Hour) មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​៤៩អា/បេ (49A/B) ផ្លូវ​២២១ សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជា​នាយក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក ក្រុមហ៊ុន​លក់​រថយន្ត​ឈ្មោះ China Automobile Group Co. Ltd. នៅ​កោះ Cayman Islands ប្រើ​អាសយដ្ឋាន​ពីរ​នៅ​ទីនោះ៖

  • ទី​១- 3rd Floor, Queensgate House; 113 South Church Street; Georgetown; P.O. Box 10240 Grand Cayman KY1-1002; Cayman Islands
  • ទី​២- Clifton House; 75 Fort Street; Grand Cayman KY1-1108; Cayman Islands

ស៊ីដារ៉ា នុប (Sidara Noup) តាម​ឯកសារ Paradise Papers មាន​ហ៊ុន​ក្នុង​ក្រុមហ៊ុន​រ៉ែ​ឧត្តរមានជ័យ (Uddor Meanchey Mining Holdings, Ltd.) បើក​នៅ​ឯ​កោះ Cayman Islands នា​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០០៧ ដោយ​ប្រើ​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ​ផ្ទះ​លេខ​១៣ បន្ទប់​លេខ​៤០០ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

នុប ស៊ីដារ៉ា មាន​ហ៊ុន​ជាមួយ​ឈ្មោះ ងឺ សាខុន (Sakhon Ngoeu) ក្នុង​ក្រុមហ៊ុន​រ៉ែ​ឧត្តរមានជ័យ (Uddor Meanchey Mining Holdings, Ltd.) ដែល​ប្រើ​អាសយដ្ឋាន​ដោយឡែក​មួយ​ទៀត​ផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​៣២២ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​រ៉ែ​ឧត្តរមានជ័យ (Uddor Meanchey Mining Holdings, Ltd.) បំបែក​ចេញ​ជា​ឈ្មោះ​ក្រុមហ៊ុន​ពីរ​ផ្សេង​ទៀត​នៅ​កោះ Cayman Islands គឺ​ក្រុមហ៊ុន Rexwell Engineering Ltd. និង​ក្រុមហ៊ុន Reid Services Ltd. ដោយ​ប្រើ​អាសយដ្ឋាន​នៃ​ក្រុមហ៊ុន​ចុះបញ្ជី​ដដែល គឺ Clifton House; 75 Fort Street; Grand Cayman KY1-1108; Cayman Islands។

ក្រុមហ៊ុន Reid Services Ltd. បំបែក​ចំណែក​ភាគ​ហ៊ុន​ជា​សាខា​ក្រុមហ៊ុន​ចំនួន​៤០​ទៀត ដោយ​មាន​ឈ្មោះ​ផ្សេងៗ​គ្នា។ ក្រុមហ៊ុន Rexwell Engineering Ltd. ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ប្រទេស​អង់គ្លេស Suite 5, Tower Hill House; P.O. Box 263; Le Bordage; St. Peter Port; Guernsey; Channel Islands GY1 3QT; United Kingdom។

នៅ​ប្រទេស​កម្ពុជា ងឺ សាខុន (Sakhon Ngoeu) ជា​ប្រធាន​ក្រុម​អភិបាល និង​ជា​នាយក​ក្រុមហ៊ុន​ជ្យីរេហ៍ អន្តរជាតិ កម្ពុជា សំណង់ អាហរ័ណ នីហរ័ណ (JIREH INTERNATIONAL CAMBODIA CONSTRUCTION IMPORT & EXPORT CO., LTD.) ចុះបញ្ជី​តាំងពី​ឆ្នាំ​១៩៩៣។ ចំណែក​ឯ ស៊ីដារ៉ា នុប ជា​ប្រធាន​ក្រុម​អភិបាល និង​ជា​នាយក​ក្រុមហ៊ុន៖

  • Green Coastal Co. Ltd
  • Terakviniyo Co. Ltd.
  • រតនៈ​សិលា​កម្ពុជា​អភិវឌ្ឍន៍ (Ratanak Stone Cambodia Development Co. Ltd.)
  • និង​ក្រុមហ៊ុន JPE Co. Ltd.។

ចំណែក​ឯ​ជនបរទេស​ដែល​ប្រើ​អាសយដ្ឋាន​នៅ​ស្រុក​ខ្មែរ ហើយ​បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នៅ​ឯ​នាយ​សមុទ្រ ក៏​មាន​ច្រើន​បង្គួរ​ដែរ ដោយ​មិន​ដឹង​ថា​រកស៊ី​ចូល​ហ៊ុន​ជាមួយ​ពលរដ្ឋ​ខ្មែរ ឬ​ក៏​ជួល​ឈ្មោះ​ខ្មែរ អាសយដ្ឋាន​ខ្មែរ ដើម្បី​បើក​ក្រុមហ៊ុន​លាក់លៀម​ពី​រដ្ឋាភិបាល​គេ​នោះ​ទេ។

Parkes Daniel Graham ប្រើ​អាសយដ្ឋាន​ស្រុក​ខ្មែរ​នៅ Colonial Mansion, អគារ A-One, ផ្លូវ​លេខ​១០២ រាជធានី​ភ្នំពេញ និង​អាសយដ្ឋាន​នៅ​ប្រទេស​អង់គ្លេស ក្នុង​នាម​ជា​អ្នក​ទទួល​កេរ​ពី​កិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា The Sara Meaker Settlement នៅ​កោះ Isle of Man ក្នុង​សមុទ្រ​ភាគ​ខាងជើង​ចន្លោះ​ប្រទេស​អង់គ្លេស និង​អៀឡង់ដ៍ ដោយ​មាន​ភាគ​ហ៊ុន​ឈ្មោះ៖

  • Dowling-Sean Kevin
  • Kewley-Jonathan Dennis Richards
  • Moore-George Ramsey Martin
  • Meikle Vanessa Patricia
  • Humphrey Mark Stephen
  • Parkes Alicia Teresa
  • និង Spice Maria Luisa ។

Parkes Daniel Graham មាន​ក្រុមហ៊ុន​ឈ្មោះ Gowbarrow Ltd. ចុះឈ្មោះ​ចុះបញ្ជី​នៅ​ប្រទេស​អង់គ្លេស​នៅ​អាសយដ្ឋាន Reading House, Waterside Court; Neptune Close; Rochester; Kent, UK ME2 4NZ ដោយ​មាន​ដៃគូ​ហ៊ុន​ឈ្មោះ៖

  • Parkes Michael Norman;
  • Darbara Ltd.;
  • Parkes Alicia Teresa
  • និង Spice Maria Luisa។

ជនជាតិ​ចិន ហ្សាង ហ្សិនហ្សុង (Zhang Zhenzhong) តាម​ឯកសារ Paradise Papers ប្រើ​អាសយដ្ឋាន​ស្រុក​ខ្មែរ​នៅ​ផ្ទះ​លេខ​៥៤ ផ្លូវ​លេខ​២៩៤ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បើក​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​នៅ​កោះ Bermuda អាមេរិក​កណ្តាល ឈ្មោះ​ក្រុមហ៊ុន China Asean Resources Ltd. ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០០១ ហើយ​ធ្វើជា​នាយក​ក្រុមហ៊ុន​នេះ។ ក្រុមហ៊ុន China Asean Resources Ltd. ដែល​មាន​ប្រភព​ពី​ក្រុង​ហុងកុង មាន​ក្រុមហ៊ុន​មេអណ្ដើក​រត់ការ​ពីរ គឺ Central Registration Hong Kong Ltd. និង Computershare Hong Kong Investor Services Ltd. មាន​អាសយដ្ឋាន​នៅ​ហុងកុង​ពីរ និង​មាន​អាសយដ្ឋាន​នៅ​កោះ Bermuda មួយ គឺ Canon’s Court; 22 Victoria Street; Hamilton, HM 12, Bermuda។ ក្រុមហ៊ុន China Asean Resources Ltd. របស់ ហ្សាង ហ្សិនហ្សុង (Zhang Zhenzhong) មាន​ហ៊ុន​នឹង​ដៃគូ​ចំនួន ២៨​នាក់​ចុះឈ្មោះ​ក្រុមហ៊ុន​សម្បក ឬ​ស្នូក​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១១។

Anthony Stuart Plummer តំណាង​ខាង​ចុះឈ្មោះ​ចុះបញ្ជី​ឲ្យ​ក្រុមហ៊ុន​នៅ​កោះ​ម៉ាល់តា ក្នុង​សមុទ្រ​ ម៉េឌីតែរ៉ាណេ ជិត​ប្រទេស​អ៊ីតាលី ប្រើ​អាសយដ្ឋាន​ស្រុក​ខ្មែរ​នៅ​ផ្ទះ​លេខ​ដេ១៥ (D25) បុរី​ចំការមន មហាវិថី​ព្រះនរោត្តម រាជធានី​ភ្នំពេញ បើក​ក្រុមហ៊ុន​ឈ្មោះ The Wellspring Initiative Ltd. នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥។

ឈ្មោះ Robert Knowles បង្កើត​ក្រុមហ៊ុន​ឈ្មោះ Pacific Biomass Energy Co. Ltd. ហើយ​ធ្វើជា​នាយក​ក្រុមហ៊ុន​នេះ។ គេ​ប្រើ​អាសយដ្ឋាន​ស្រុក​ខ្មែរ FS៤ ផ្លូវ​លេខ​១៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ អាសយដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា ស្ថិតនៅ Ankur Farm House, Beyond Ms Hostel, Sama Savli Road, Sama Vadodara, 390008, India។ ក្រុមហ៊ុន Pacific Biomass Energy Co. Ltd. មាន​ដៃគូ​ក្រុមហ៊ុន​ពី​ឥណ្ឌា​ពីរ​គឺ Ankur Jain និង Ankur Scientific Technologies Pte, Ltd.; ក្រុមហ៊ុន​ពី​ម៉ាឡេស៊ី​ពីរ​គឺ Tuck Low និង Low Chee Group SDN Bhd មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ​58g Jalan Wasasan, 2/3 Bandar Baru, Ampang 68000, Selangor, Malaysia; ក្រុមហ៊ុន​ពី​កោះ​សាម័រ (Samoa) បី គឺ Lui Seru; Suafaiga Blood និង Sua Peter Blood មាន​អាសយដ្ឋាន​នៅ Tufuiopa, Apia, Vaimauga Sasae, Samoa។ ក្រុមហ៊ុន Pacific Biomass Energy Co. Ltd. ចុះបញ្ជី​នៅ​កោះ​សាម័រ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

សេចក្តី​រាយការណ៍​ប្រាំ​ភាគ ស្រង់​ពី​ឯកសារ​ប៉ាណាម៉ា ឯកសារ​ឋានសួគ៌ និង​ឯកសារ​បែកធ្លាយ​ក្រៅ​ដែនដី ស្តី​អំពី​ក្រុម​អាជីវករ​ពាណិជ្ជករ​ទុច្ចរិត មិន​ចង់​បង់​ពន្ធដារ​លើ​ចំណូល​ចំណេញ និង​សម្បត្តិ​ទ្រព្យ​ស្តុកស្តម្ភ​របស់​គេ ដោយ​បើក​ក្រុមហ៊ុន​បិទបាំង​ឯ​នាយ​សមុទ្រ​ចប់​តែ​ប៉ុណ្ណេះ។ យើង​ខ្ញុំ​នឹង​ព្យាយាម​ស្រាវជ្រាវ​ស្វែងរក​ការពិត​ផ្សេងៗ​តទៅទៀត ហើយ​នឹង​ផ្សាយ​ជូន​ជ្រាប​នា​ពេល​អនាគត ដើម្បី​ចែករំលែក​ព័ត៌មាន​ពិត​ជួយ​ដល់​សង្គម​ជាតិ។

បើ​គ្មាន​ក្រុម​អ្នកកាសែត​ក្លាហាន​ពី​សមាគម​អ្នកកាសែត​ស៊ើប​អង្កេត​អន្តរជាតិ (ICIJ) យើង​ក៏​មិន​ដឹង​រឿង​ដូច្នោះ​យក​មក​ផ្សាយ​ជូន​ជ្រាប​ដែរ។ យើង​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​តាមដាន​ស្តាប់​របស់​លោក​អ្នក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស