28 C
Phnom Penh

មន្ត្រី​អាមេរិក៖ ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​ចំពោះ​កម្ពុជា​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​មិន​បាន​ស្វែងរក​ការ​អនុគ្រោះ​ឬ​សម្បទាន​អ្វី​ឡើយ

បទវិភាគ

មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក អះអាង​ថា ជំនួយ​វ៉ាក់សាំង​មនុស្សធម៌​របស់​អាមេរិក​ចំពោះ​កម្ពុជា មិន​បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ណាមួយ​ឡើយ ហើយ​ក៏​មិន​បាន​យក​វ៉ាក់សាំង​ទាំងនេះ​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ស្វែងរក​ការ​អនុគ្រោះ ឬ​ការ​សម្បទាន​ណាមួយ​នោះ​ដែរ ប៉ុន្តែ​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ និង​បញ្ចប់​ជំងឺ​រាតត្បាត​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​កំពុង​រាតត្បាត​ពេញ​សកលលោក និង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជាតិ​ក៏ដូចជា​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​ស្តីទី​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក ប៊ែនចាមិន វ៉ាវឡឺ អះអាង​ថា ជំនួយ​វ៉ាក់សាំង Johnson & Johnson ដែល​ចាក់​ត្រឹមតែ ១​ដូស​នេះ​គឺជា​កាដូ​របស់​ពលរដ្ឋ​អាមេរិកាំង​តាមរយៈ​យន្តការ​កូវ៉ាក់ ដើម្បី​ជួយ​ការពារ​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​បាន​ជាង ១​លាន​នាក់​ពី​ជំងឺ Covid-19 ហើយ​ការចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ គឺជា​ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​កម្ពុជា។

លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​យន្តការ​កូវ៉ាក់​ដែល​បាន​ក្លាយ​ជា​ប្រទេស​ដែល​ចូលរួម​ធំ​ជាងគេ​តែ​មួយ​ក្នុង​ការ​ឆ្លើយតប​ជា​អន្តរជាតិ​ទៅ​នឹង​ការ​រាតត្បាត​ជំងឺ Covid-19។

ជាង​នេះ​ទៀត រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ផ្តល់​ថវិកា​ជាង ១១​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​ជា​ជំនួយ​ដល់​ការ​ការពារ​ជំងឺ Covid-19 ចាប់តាំង​ពី​ជំងឺ​សកល​នេះ​បាន​ផ្ទុះឡើង​នៅ​គ្រាដំបូង​ផង​ដែរ។

នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ វ៉ាក់សាំង​បង្ការ Covid-19 ឈ្មោះ Johnson & Johnson ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក បាន​ដឹក​ទៅ​ដល់​កម្ពុជា​ក្នុង​ជំហាន​ដំបូង​ដែល​មាន​ចំនួន ៤​សែន ៥​ម៉ឺន ៥​ពាន់​ដូស ក្នុង​ចំនួន​សរុប ១​លាន ៦​សែន ១០០​ដូស ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​រដ្ឋាភិបាល​អាមេរិក ខណៈ​ចំនួន​ដែល​នៅ​សេសសល់​នឹង​ទៅ​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ។

មន្ត្រី​សហរដ្ឋ​អាមេរិក​ប្រគល់​វ៉ាក់សាំង​មនុស្សធម៌​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១។

ជុំវិញ​ជំនួយ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​នេះ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ ដោយ​បាន​ថ្លែង​អំណរគុណ និង​ស្វាគមន៍​ចំពោះ​ការ​មក​ដល់​វ៉ាក់សាំង​កូវីដ-១៩ Johnson & Johnson ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ពលរដ្ឋ​អាមេរិកាំង​តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់។

លោក​បន្ត​ថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា និង​នៅ​ក្នុង​តំបន់ ស្រប​ពេល​ដែល​ពិភពលោក​កំពុងតែ​ប្រឹង​ងើប​ចេញ​ពី​ជំងឺ​រាតត្បាត​មួយ​នេះ។

លោក ហ៊ុន សែន អះអាង​ថា វ៉ាក់សាំង​គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល​លើ​ពិភពលោក ខណៈ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​ផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 នេះ​ផង​ដែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ Covid-19 នៅ​កម្ពុជា មាន​ប្រទេស​ជា​មិត្ត​ចំនួន​៤​ហើយ​ដែល​បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា រួម​មាន៖

  • ប្រទេស​ចិន ផ្តល់​វ៉ាក់សាំង​ជាង ២​លាន​ដូស
  • ប្រទេស​ជប៉ុន ១​លាន​ដូស
  • អាមេរិក ១​លាន​ដូស
  • និង​អង់គ្លេស​ចំនួន ៤​សែន ១​ម៉ឺន ៥​ពាន់​ដូស​ផង​ដែរ។

គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២១ នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង ១៧​លាន​ដូស​ហើយ ដែល​មាន ៤​ប្រភេទ រួម​មាន ស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាសេណេកា និង Johnson & Johnson ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ផ្តល់​ជា​ជំនួយ​មនុស្សធម៌ និង​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា។

កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ចំនួន ២០​លាន​ដូស​ដូច​ដែល​រដ្ឋាភិបាល​បាន​កំណត់​ក្រោយ​ការ​បញ្ជាទិញ​ពី​ប្រទេស​ចិន រួម​ជាមួយ​ជំនួយ​របស់​ចិន​ផង ដែល​នឹង​ត្រូវ​ដឹក​ទៅ​ដល់​កម្ពុជា នៅ​ខែ​សីហា ឆ្នាំ​២០២១ នេះ។ ដូច្នេះ​បើ​បូក​បញ្ចូល​ទាំង​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជប៉ុន អង់គ្លេស និង​សហរដ្ឋ​អាមេរិក​ទៀត​នោះ កម្ពុជា​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​លើ​ចំនួន​ពលរដ្ឋ​ចំនួន ១២​លាន​នាក់​ទាំង​មនុស្ស​ពេញវ័យ និង​កុមារ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស