28 C
Phnom Penh

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិ​ការងារ​រិះគន់​វិធានការ​ក្រសួង​ការងារ​កម្ពុជា​ដែល​ហាម​ពលករ​ចល័ត​កន្លែង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ

បទវិភាគ

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​នៅ​កម្ពុជា រិះគន់​ថា សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន មិនមែន​ជា​ដំណោះស្រាយ​ពេញលេញ និង​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ គឺ​បន្ទាប់ពី​ក្រសួង​ការងារ​កម្ពុជា បាន​ណែនាំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ក្នុង​ប្រទេស​ថៃ ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា ក្នុង​ស្ថានភាព​ពេលនេះ ពលករ​ខ្មែរ​ដែល​ស្រប​ច្បាប់​មួយ​ចំនួន​ធំ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជីវភាព​គ្រួសារ​ធ្ងន់ធ្ងរ បើ​ទោះបីជា​ពួកគេ​ទទួល​បាន​របប​សន្តិសុខ​សង្គម​ក្រោយ​រោងចក្រ​ដែល​ពួកគេ​បាន​បម្រើ​ទាំងនោះ​ផ្អាក​ដំណើរការ​ក៏ដោយ។

ដោយឡែក​ពលករ​ខ្មែរ​ដែល​ខុសច្បាប់​រឹតតែ​ប្រឈម​ខ្លាំង​ឡើង​ថែមទៀត ព្រោះ​ថា​ក្នុង​ស្ថានភាព​នៃ​ការ​ឆ្លង​វីរុស Covid-19 នេះ អាជ្ញាធរ​ថៃ បាន​ចេញ​វិធានការ​ត្រួតពិនិត្យ​លើ​កម្មករ​តាម​រោងចក្រ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 យ៉ាង​តឹងរ៉ឹង។ ដូច្នេះ ពលករ​ទាំងនោះ​នឹង​ត្រូវ​បាត់បង់​ការងារ ហើយ​របប​សន្តិសុខ​សង្គម​ក៏​មិន​អាច​ទទួល​បាន រីឯ​ការ​ទទួល​សេវា​សុខាភិបាល ក៏​រឹតតែ​គ្មាន​សង្ឃឹម​ទៅ​ទៀត ដូច្នេះ​ពលករ​ខុសច្បាប់​ទាំងនោះ គឺ​ពិតជា​ប្រឈម​ខ្លាំង​ណាស់ ទាំង​ផ្លូវ​ច្បាប់ និង​ការ​ឆ្លង​ជំងឺ Covid-19។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ទាំង​ខុសច្បាប់ និង​ស្រប​ច្បាប់ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​សេវា​សុខាភិបាល​របស់​ប្រទេស​ថៃ នៅ​ពេលនេះ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ខ្មែរ​គួរតែ​អនុម័ត​ថវិកា​ជាតិ​ដើម្បី​រៀបចំ​បង្កើន​មណ្ឌល​ចត្តាឡីស័ក​តាម​តំបន់​ព្រំដែន​បន្ថែម​ទៀត និង​សម្ភារ​អាហារ​ហូបចុក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទទួល​ពលករ​ទាំងនោះ ប្រសិនបើ​ពួកគេ​មាន​បំណង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ពេលនេះ។

នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​ថៃ ផ្អាក​ការ​ធ្វើ​ដំណើរ ឬ​ចល័ត​ពី​កន្លែង​ស្នាក់​នៅ​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា-ថៃ រយៈពេល ១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ Covid-19 ប្រភេទ​ថ្មី DELTA ក្នុង​សហគមន៍​ដែល​កំពុងតែ​ឆ្លង​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​សុំ​ឲ្យ​ផ្អាក​ធ្វើ​ដំណើរ​នេះ គឺ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា រហូត​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ទោះ​ពលករ​ទាំងនោះ​មាន​ករណី​ចាំបាច់​ត្រូវ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​យ៉ាងណាក៏ដោយ ក៏​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​១២ សីហា សិន​ដែរ។

ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ថៃ

ដោយឡែក​មេខ្យល់ ឬ​ម្ចាស់​រថយន្ត​ដែល​ដឹក​ពលករ នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​របស់​ប្រទេស​ថៃ យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ក្រសួង​ការងារ​កម្ពុជា អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​បម្រើការ​នៅ​ប្រទេស​ថៃ ទាំងអស់ ទាក់ទង​ទៅ​ស្ថានឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ ក្នុង​ករណី​ដែល​ពួកគេ​មាន​បញ្ហា​លំបាក​ផ្នែក​ជីវភាព​ណាមួយ​នោះ ដោយឡែក​ប្រសិនបើ​ពួកគេ​សង្ស័យ​ខ្លួនឯង​ថា​វិជ្ជមាន​វីរុស Covid-19 សូម​ព្យាយាម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​មន្ទីរពេទ្យ​ថៃ ឬ​អាជ្ញាធរ​ថៃ ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​យក​សំណាក និង​ព្យាបាល​ជំងឺ Covid-19។

សេចក្តី​ជូនដំណឹង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​បិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ ចំនួន ៨​ខេត្ត កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ដូចជា​ខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​ខេត្ត​សៀមរាប។

សេចក្តី​សម្រេច​នេះ គឺ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ ដែល​ជា​វិធានការ​រដ្ឋបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 ក្នុង​សហគមន៍​ដែល​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​ចេញចូល​ក្នុង​ខេត្ត​ដែល​បាន​បិទ​ខ្ទប់​ទាំងនេះ​យ៉ាង​ម៉ឺងម៉ាត់។

ទិន្នន័យ​សង្គម​ស៊ីវិល​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​បម្រើការ​នៅ​ប្រទេស​ថៃ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប្រមាណ​ជាង ២​លាន ៤​សែន​នាក់ ទាំង​ពលករ​ខ្មែរ​ដែល​មាន​ឯកសារ​ត្រឹមត្រូវ និង​ពលករ​ដែល​ខុសច្បាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស