30 C
Phnom Penh

អាល្លឺម៉ង់​បញ្ចេញ​នាវា​ចម្បាំង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ខណៈ​នាវា​អង់គ្លេស​និង​អាមេរិក​កំពុង​រង់ចាំ

បទវិភាគ

សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បាន​ចាប់ផ្ដើម​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃ​ទី​៣ កក្កដា ខណៈ​នាវា​ចម្បាំង​របស់​អង់គ្លេស និង​អាមេរិក រង់ចាំ​នៅ​ទីនោះ​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា។

ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយ​ទៅជា​ទីលាន​កម្ដៅ​សាច់ដុំ​នៃ​កង​កម្លាំង​ទ័ព​ជើងទឹក​មហាអំណាច​ធំៗ​នៅ​លើ​ពិភពលោក។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវា​ចម្បាំង​ជាច្រើន​គ្រឿង​ទៅកាន់​ទីនោះ គឺ​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ចិន​ដែល​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​នឹង​ការ​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ និង​នាវា​ចម្បាំង​របស់​ខ្លួន​រាប់​សិប​គ្រឿង​នៅ​ទីនោះ ខណៈ​មហាអំណាច​អង់គ្លេស​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ HMS អម​ដោយ​នាវា​ពិឃាត​ចំនួន ១៨​គ្រឿង គឺ​កំពុង​ស្ថិតនៅ​ទីនោះ​ជាស្រេច​ហើយ​ដែរ ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​ក្រុម​នាវា​ទី​៧ របស់​សហរដ្ឋ​អាមេរិក។

ក្នុង​ស្ថានភាព​ដែល​កំពុង​តានតឹង​ស្រាប់​ហើយ​នេះ ស្រាប់តែ​ប្រទេស​ដែល​មាន​ថាមពល​ខ្លាំង​នៅ​អឺរ៉ុប​មួយ​ទៀត គឺ​អាល្លឺម៉ង់ បាន​បញ្ជូន​នាវា​ពិឃាត​ដ៏​ទំនើប​របស់​ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​នេះ ដែល​មើល​ទៅ​គឺជា​ការរៀបចំ​កម្លាំង​សម្ពន្ធភាព​ជាមួយ​នឹង​អាមេរិក និង​អង់គ្លេស​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អាល្លឺម៉ង់ DW បាន​ចុះផ្សាយ​ថា នាវា Bayern គឺជា​នាវា​ពិឃាត​ដំបូង​គេ​របស់​អាល្លឺម៉ង់ បាន​ទៅ​ដល់​សមុទ្រ​ចិន​ខាងត្បូង​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខ​នេះ។ នាវា​នេះ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​មូលដ្ឋាន​ទ័ព Wilhelm-shaven កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា។

ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា អាល្លឺម៉ង់​ចង់​បង្ហាញ​ពី​វត្តមាន​របស់​ខ្លួន​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ អាមេរិក និង​ប្រទេស​ដទៃ​ទៀត​រួម​មាន បារាំង ជប៉ុន អូស្ត្រាលី និង​នូវែលហ្សេឡង់ បាន​បង្កើន​សកម្មភាព​ថ្មីៗ​នៅ​ដែនទឹក​ប៉ាស៊ីហ្វិក។ ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​ចិន​អះអាង​ថា​ដែនទឹក​ទំហំ ៣​លាន​គីឡូម៉ែត្រ​ការ៉េ​ជា​របស់​ខ្លួន​ទាំងស្រុង។

នាវា​ពិឃាត Bayern របស់​អាល្លឺម៉ង់ នឹង​បំពេញ​ទស្សនកិច្ច​របស់​ខ្លួន ៦​ខែ​នៅ​ជុំវិញ​ពិភពលោក។ នាវា​នេះ​នឹង​ចូល​ចត​នៅ​កំពង់ផែ​ចំនួន​១២ ក្នុង​នោះ​មាន​ទាំង Djibouti, Guam រួម​ទាំង Shanghai របស់​ចិន​ផង​ដែរ។

ចិន​អះអាង​ថា យ៉ាងហោចណាស់​នាវា​របស់​អាល្លឺម៉ង់​គោរព​ម្ចាស់​តំបន់ ដោយសារតែ​សំចត​នៅ​កំពង់ផែ​សៀងហៃ ប្រទេស​ចិន។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើលឃើញ​ថា ទោះបីជា​អាល្លឺម៉ង់​ចូល​ចត​នៅ​សៀងហៃ​ក៏ដោយ ប៉ុន្តែ​អាល្លឺម៉ង់​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ចូល​សមុទ្រ​ចិន​ខាងត្បូង គឺ​មក​ដើម្បី​ប្រាប់​ចិន​ថា លំហសមុទ្រ​អន្តរជាតិ​នេះ​ពុំ​អាច​ក្លាយ​ទៅជា​កម្មសិទ្ធិ​របស់​ប្រទេស​ណាមួយ​ផ្ដាច់មុខ​ឡើយ ហើយ​វត្តមាន​នាវា​អាល្លឺម៉ង់​មក​សមុទ្រ​ចិន​ខាងត្បូង​ជា​លើក​ទី​មួយ​នេះ គឺ​មក​សម្ដែង​អំណាច​របស់​ខ្លួន​ចូល​ពាក់ព័ន្ធ​ជាមួយ​នឹង​អាមេរិក ដែល​ជា​សម្ពន្ធមិត្ត​នៃ​អង្គការ​យោធា​ដ៏​មាន​ថាមពល និង​ឥទ្ធិពល​នៅ​អឺរ៉ុប គឺ​អង្គការ​ណាតូ (NATO) ដែល​មាន ៣០​ប្រទេស មិន​ទាន់​ប្រកាស​ថា​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ ប៉ុន្តែ​សមាជិក​អង្គការ​នេះ​ដែល​មាន​ថាមពល​ខ្លាំង​ផ្នែក​យោធា គឺ​អង់គ្លេស បារាំង អាល្លឺម៉ង់ ហូឡង់ កាណាដា ចាប់ផ្ដើម​ចូល​ពាក់ព័ន្ធ និង​សហការ​ជាមួយ​អាមេរិក​ក្នុង​ការ​ប្រជែង​កម្លាំង​យោធា​ជាមួយ​នឹង​មហាយក្ស​ចិន នៅ​អាស៊ី៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស