28 C
Phnom Penh

ពួក​យោធា​ភូមា​ត្រៀម​រំលាយ​បក្ស​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​រៀបចំ​យុទ្ធសាស្ត្រ​ឈ្នះ​ឆ្នោត​យក​គំរូ​តាម​កម្ពុជា

បទវិភាគ

យ៉ាងហោចណាស់​មាន​ប្រទេស​ពីរ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ត្រូវ​បាន​មើលឃើញ​ថា​ជា​មេរៀន​ឱ្យ​ពួក​យោធា​ភូមា​កំពុង​សិក្សា​យក​គំរូ​តាម ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​បន្ត​ទៀត គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

រាជាណាចក្រ​កម្ពុជា ត្បិត​រដ្ឋធម្មនុញ្ញ​ចែង​អំពី​ការ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ពហុ​បក្ស​មែន តែ​មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​ប្រទេស​នេះ​ប្រើ​យុទ្ធសាស្ត្រ​ក្រោម​អំណាច​របស់​ខ្លួន វាយ​កម្ទេច​គូប្រកួត​មុន​ការបោះឆ្នោត​មក​ដល់ ក៏​ព្រោះ​តែ​ខ្លាច​ចាញ់​ក្នុង​ការ​បោះឆ្នោត។

ជាក់ស្ដែង​បក្ស​ប្រឆាំង​ដ៏​ខ្លាំង​មួយ គឺ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ចេញពី​កម្លាំង​រួបរួម​អ្នក​ជាតិ​និយម និង​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​មុន​ការ​ប្រកួត គឺ​ស្នើ​ឱ្យ​តុលាការ​រំលាយ​បក្ស​នេះ​តែម្ដង គឺ​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​បក្ស​ប្រឆាំង​ធំ​នេះ​ត្រូវ​គេ​រំពឹង​ថា​ប្រាកដ​ណាស់​នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្រោម​យន្តការ​រៀបចំ​បោះឆ្នោត​មួយ​ដែល​ឯករាជ្យ​ហើយ​នោះ។

ប្រទេស​មួយ​ទៀត​ក្នុង​អាស៊ី​អាគ្នេយ៍​ដែរ​នេះ គឺ​រាជាណាចក្រ​ថៃ ក៏​ត្រូវ​បាន​ពួក​យោធា​ប្រើ​យុទ្ធសាស្ត្រ​កម្ទេច​ក្រុម​ប្រជាធិបតេយ្យ ដើម្បី​ប្លន់​អំណាច​ដែរ។ ពួក​យោធា​របស់​រាជាណាចក្រ​នេះ តែងតែ​ធ្វើ​រដ្ឋប្រហារ​ក្រោម​លេស​ដើម្បី​ស្ដារ​សណ្ដាប់ធ្នាប់​សង្គម ក៏​ប្លន់​អំណាច​ពី​បក្ស​កាន់​អំណាច។ មុន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​មកដល់ គឺ​រាជាណាចក្រ​នេះ​ក៏​ធ្លាក់​ក្នុង​ចលាចល​នយោបាយ ហើយ​ពួក​យោធា​ក្រោម​ភ្លើង​ខៀវ​របស់​រាជបល្ល័ង្ក ក៏​ធ្វើ​រដ្ឋប្រហារ​ដោយ​ឡើង​ច្បាម​យក​អំណាច​តែម្ដង។

មេ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ ដែល​ជា​នាយករដ្ឋមន្ត្រី​មាន​កំណើត​ដោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​នៃ​គណបក្ស​ភឿថៃ ដឹកនាំ​ដោយ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ យុទ្ធសាស្ត្រ​ប្លន់​អំណាច​របស់​ពួក​យោធា​ថៃ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៃ​ប្រទេស​ភូមា បាន​យក​អនុវត្ត​បាន​ដោយ​ជោគជ័យ​ទៅ​ហើយ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​បក្ស​កាន់​អំណាច​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ពួក​យោធា​ចាប់​ឃុំ​ខ្លួន​ហើយ​នោះ។ យុទ្ធសាស្ត្រ​ឈ្នះ​ដោយសារ​ការ​ប្លន់​អំណាច​ដើម្បី​បក្សពួក​ខ្លួន​ឯង​នេះ ឃើញ​ថា​ជោគជ័យ​ហើយ​សម្រាប់​ប្រទេស​បី​នេះ​នៅ​អាស៊ី​អាគ្នេយ៍។

សម្រាប់​របប​រដ្ឋប្រហារ​យោធា​ភូមា កំពុង​សិក្សា​យុទ្ធសាស្ត្រ​ចាស់​គំរឹល​មួយ​ទៀត ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន គឺ​ធ្វើតាម​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នៅ​កម្ពុជា ដែល​រំលាយ​បក្ស​ខ្លាំង​ជាង​ខ្លួន​មិន​ឱ្យ​ប្រកួត​ក្នុង​ការបោះឆ្នោត ហើយ​ការបោះឆ្នោត​ដែល​ខ្លួន​គេ​រៀបចំ គឺ​ស្ថិត​ក្រោម​យន្តការ​របស់​ខ្លួន គឺ​ដឹង​តែ​ឈ្នះ បើ​ទោះ​ជា​ពុំ​មាន​ប្រជាជន​ចេញ​ទៅ​បោះឆ្នោត ក៏​កែ​តួលេខ​ថា​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​លើស​ពី​ការ​រំពឹង​ទុក។

យុទ្ធសាស្ត្រ​នេះ ទោះ​ជា​រង​ការ​ថ្កោលទោស​ក៏ដោយ ក៏​មើល​ទៅ​ប្រសើរ​ជាង​ចាញ់​ឆ្នោត ហើយ​ធ្វើ​រដ្ឋប្រហារ​គឺ​អាក្រក់​ណាស់។ តែ​ពួក​យោធា​ភូមា អនុវត្ត​បាន​ទៅ​ហើយ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ ទោះ​ជា​ដឹង​ថា​រង​ការ​ថ្កោលទោស​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ។

ដើម្បី​កាន់​អំណាច​បាន​ទៀត​ក្រោយ​ការបោះឆ្នោត​ដែល​ខ្លួន​គេ​អ្នក​រៀបចំ គឺ​ពួក​យោធា​ភូមា ត្រូវ​រំលាយ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ NLD ព្រោះ​មាន​បក្ស​នេះ គឺ​បក្ស​របស់​ខ្លួន​មិន​អាច​ឈ្នះ​ឆ្នោត​បាន​ឡើយ។ នេះ​ជា​យុទ្ធសាស្ត្រ​ដែល​អនុវត្ត​បាន​សម្រេច​ទៅ​ហើយ​នៅ​ប្រទេស​កម្ពុជា។

ដោយ​ដឹង​ច្បាស់​ណាស់​ថា​ពួក​យោធា​ភូមា​នឹង​ធ្វើ​បែប​នេះ ប្រេសិត​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រទេស​ភូមា អ្នកស្រី Christine Schraner Burgener កាលពី​ថ្ងៃ​អង្គារ ទី​១០ សីហា បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា ត្រូវ​រួមគ្នា​ប្រឆាំង​ពួក​យោធា។ តាម​ប្រេសិត​រូប​នេះ មេដឹកនាំ​របប​យោធា​ភូមា បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ពង្រឹង​ការ​ក្តាប់​អំណាច​របស់​ខ្លួន​ដោយ​ប្រើ​យុទ្ធសាស្ត្រ​ដ៏​គម្រក់​មួយ​ទៀត​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​សីហា បាន​ឱ្យ​ដឹង​ថា អ្នកស្រី Christine Schraner Burgener បាន​ដកស្រង់​សេចក្តី​ប្រកាស​របស់​មេដឹកនាំ​របប​យោធា មីន អ៊ុងឡាំង (Min Aung Hlaing) នៅ​ក្នុង​ខែ​សីហា នេះ​ថា បច្ចុប្បន្ន​នេះ​លោក​ឧត្តមសេនីយ៍​គឺជា​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​ទើប​បង្កើត​ថ្មី​នៅ​ភូមា។

ការប្រកាស​របស់​ពួក​យោធា គឺជា​ការ​លុបចោល​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ដែល​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

អ្នកស្រី Christine Schraner Burgener បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អ្នកស្រី​មាន​អារម្មណ៍​ថា​ដំណឹង​អំពី​ការ​រំលាយ​គណបក្ស NLD នឹង​មាន​ឆាប់ៗ​នេះ។

សម្រាប់​អ្នកស្រី សូម​ប្រឆាំង​ដាច់ខាត។ អ្នកស្រី​ថា​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ថ្កោលទោស បើ​រឿង​នេះ​កើតឡើង ហើយ​សហគមន៍​អន្តរជាតិ​ក៏​ត្រូវ​ថ្កោលទោស​ដែរ។ សម្រាប់​ប្រេសិត​រូប​នេះ​បញ្ជាក់​ថា ទោះ​ពួក​យោធា​ប្រើ​យុទ្ធសាស្ត្រ​នេះ ក៏​របប​សឹក​នេះ​មិន​ជោគជ័យ​ដែរ។ អ្នកស្រី​ប្រាប់​ទៅ​ពួក​យោធា​ភូមា​ថា គឺ​វា​ជា​ទង្វើ​ខុសច្បាប់ ហើយ​សហគមន៍​អន្តរជាតិ​នៅតែ​ទទួល​ស្គាល់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​គណបក្ស NLD។

សម្រាប់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែល​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ បាន​ថ្កោលទោស​ពួក​យោធា​ទៅ​ហើយ​ដែល​រំលាយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០ ដែល​គណបក្ស NLD ឈ្នះ​ឆ្នោត។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ថ្លែង​ថា​នឹង​ពុំ​មាន​សហគមន៍​អន្តរជាតិ​ណា​ទទួល​ស្គាល់​ការបោះឆ្នោត​ដែល​ធ្វើឡើង​ដោយ​ពួក​យោធា​នោះ​ទេ។

តាម​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ គឺ​កុំ​ថា​ឡើយ​រំលាយ​បក្ស NLD សូម្បី​ពួក​យោធា​រក​មធ្យោបាយ​បន្ត​កាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​ដែល​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង សន្យា​ធ្វើឡើង​នៅ​ចុង​ឆ្នាំ​២០២៣ ក៏​សហរដ្ឋ​អាមេរិក​ប្រឆាំង​ដាច់ខាត​ផង​ដែរ។

ក្នុង​សប្ដាហ៍​នេះ គេ​រំពឹង​ថា​ប្រេសិត​អាស៊ាន​ដែល​ទើប​ជ្រើសតាំង នឹង​ទៅកាន់​ប្រទេស​ភូមា ដើម្បី​បើក​ការិយាល័យ​អចិន្ត្រៃយ៍​របស់​ខ្លួន​នៅ​ក្រុង​យ៉ាំងហ្គន ហើយ​នឹង​ចាប់ផ្ដើម​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជា​អ្នក​សម្របសម្រួល​ដំណោះស្រាយ​នយោបាយ។ ក្រុម​ប្រេសិត​នេះ​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​ព្រុយណេ លោក Erywan Yosof។

បុរស​នេះ​ត្រូវ​ដឹកនាំ​ប្រតិភូ​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ដើម្បី​សម្របសម្រួល​ឲ្យ​មាន​ការ​ចរចា​នយោបាយ និង​ឈាន​ទៅដល់​ការ​បញ្ចប់​អំពើ​ហិង្សា ហើយ​ឈាន​ទៅដល់​ការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស