28 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថ្កោលទោស​តុលាការ​ក្រុង​ភ្នំពេញ​ដែល​កាត់ទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ថ្កោលទោស​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់ទោស​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ថា​ជា​ការ​ប្រតិដ្ឋ​ភស្តុតាង​មួលបង្កាច់​លើ​រូប​គាត់ និង​ជា​ការ​បង្ហាញ​ពី​ទង្វើ​អយុត្តិធម៌​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ សីហា ថា ផ្អែក​តាម​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា លោក រ៉ុង ឈុន ជា​សកម្មជន​ល្អ ស្អាតស្អំ និង​ឈឺឆ្អាល​រឿង​ទឹកដី​ព្រំដែន​ដែល​គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ការ​កាត់ទោស​នេះ គឺជា​ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​និយាយ ឬ​តវ៉ា​ពី​រឿង​ទឹកដី​របស់​ខ្លួន​ទៅវិញ។

លោក​អះអាង​ថា ការ​សម្រេច​របស់​តុលាការ​ក្រោម​ខ្សែ​ញាក់​របស់​អ្នក​មាន​អំណាច​នៅ​កម្ពុជា​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បម្រើ និង​សម្បទាន​ឲ្យ​រដ្ឋាភិបាល​វៀតណាម នូវ​ការ​ឈ្លានពាន​ព្រំដែន និង​ទឹកដី​កម្ពុជា តាម​បំណង​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ជា​យូរអង្វែង​តទៅ​មុខ​ទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ករណី​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេះ​តែ​ឃាត់ឃាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចុះ​ពិនិត្យ និង​និយាយ​អំពី​រឿង​ព្រំដែន គឺ​ដោយសារតែ​គាត់​ព្យាយាម​លាក់បាំង​ពី​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ចំពោះ​កិច្ចព្រមព្រៀង​រវាង​រូប​លោក និង​មេដឹកនាំ​វៀតណាម លើ​សន្ធិសញ្ញា​ព្រំដែន​ថ្មីៗ​ស្របតាម​សន្ធិសញ្ញា​ខុសច្បាប់​ជាច្រើន ដែល​ពួកគេ​បាន​ឃុបឃិត​គ្នា​តាំងពី​ឆ្នាំ​១៩៨៥ មក​នោះ។

លោក​ថា ការ​សម្បទាន​របស់​កម្ពុជា​នៅតែ​បន្ត​ធ្វើ​ជានិច្ច​តាមរយៈ​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​វៀតណាម រួម​មាន សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ឆ្នាំ​២០១៩ និង​ការ​បង្កើត​ផែនទី​ថ្មី​ខ្នាត ១ លើ ២៥០០០ នៅ​ឆ្នាំ​២០២០ ជាដើម ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​បក្ខពួក​របស់​គាត់​បន្ត​ទៀត​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្មករ រួម​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត​នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ បាន​សម្រេច​ផ្ដន្ទាទោស​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ផ្ដន្ទាទោស​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កន្និកា និង​លោក តុន និមល ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល ២០ខែ​ពី​បទ​ញុះញង់ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ក្រៅពី​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ អ្នក​ទាំង​បី​ក៏​ត្រូវ​តុលាការ​ពិន័យ​ឲ្យ​បង់​ប្រាក់ ២​លាន​រៀល​ក្នុង​ម្នាក់ៗ និង​ត្រូវ​រួមគ្នា​បង់​ប្រាក់​ជូន​ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ជា​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​សម្រាប់​ការ​ខូចខាត​ផ្សេងៗ និង​ជា​សំណង​ជំងឺចិត្ត​នូវ​ទឹកប្រាក់​ចំនួន ៤០០​លាន​រៀល​ថែម​ទៀត ដូច្នេះ​អ្នក​ទាំង​បី​ត្រូវ​ផាក​ពិន័យ​ក្នុង​រឿង​នេះ​អស់​ទឹកប្រាក់​សរុប​ប្រមាណ ១៣៥​លាន​រៀល ឬ​ស្មើ​នឹង​ជាង ៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ ជុំវិញ​ការ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ដោយឡែក​កញ្ញា ស កន្និកា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​អំឡុង​ខែ​សីហា ក្នុង​ឆ្នាំ​២០២០ ក្នុង​ពេល​តវ៉ា​ដោយ​អហិង្សា​សុំ​ឱ្យ​មាន​ការ​ដោះលែង​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ។

លោក រ៉ុង ឈុន សមាជិក​​​គណៈកម្មាធិការជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (កណ្តាល) ដឹក​​​នាំ​​​អ្នក​​​តវ៉ា​​​អំឡុង​​​ការ​​​ហែ​​​ក្បួន​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ទិវា​​​គ្រូបង្រៀន​​​ពិភព​​​លោក​​​​​​ក្នុង​​​ខែ​​​តុលា ឆ្នាំ​​​២០១៤។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ចំណែក​អតីត​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក តុន និមល ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​ផង​ដែរ​អំឡុង​ពេល​ដែល​លោក​ជួបជុំ​គ្នា​តស៊ូ​មតិ​នៅ​ខាងមុខ​ស្ថានទូត​ចិន កាលពី​ខែ​តុលា ឆ្នាំ​២០២០ ហើយ​អ្នក​ទាំង​បី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​មណ្ឌល​កែប្រែ «ម​១» និង «ម​២» ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​សវនាការ​តាំងពី​ពេល​នោះ​មក។

របាយការណ៍​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​បង្ហាញ​ថា សកម្មជន​ដីធ្លី សិល្បករ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​យ៉ាងតិច ២៤​នាក់​ហើយ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ ដោយ​អ្នក​ទាំងនោះ​ភាគច្រើន​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ក្រោយ​ការ​កាត់ទោស​លោក រ៉ុង ឈុន អង្គការ​សមាគម​ជាច្រើន ដូចជា​សហព័ន្ធ​សហជីព​កម្ពុជា CATU ជាដើម នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ បាន​នាំគ្នា​បង្ហោះ​សារ​ដូចៗ​គ្នា និង​ព្រមៗ​គ្នា​លើ​បណ្ដាញ​សង្គម Facebook ថា «សុំ​ឱ្យ​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំងនោះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ»៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស