28 C
Phnom Penh

ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ហើយ​នៅ​ពេលនេះ បន្ទាប់ពី​ការ​អំពាវនាវ​ឱ្យ​ប្រជាជន​ក្រោក​ប្រឆាំង​របប​សឹក

បទវិភាគ

ក្រោយ​ពី​លោក Duwa Lashi មេដឹកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភូមា ដែល​បង្កើត​ដោយ​អតីត​សមាជិក​សភា បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឱ្យ​ប្រជាជន​ក្រោក​ឡើង​កាន់​អាវុធ​ប្រយុទ្ធ​យក​ឈ្នះ​របប​សឹក​នោះ គេ​ឃើញ​ថា​ស្ថានការណ៍​សឹក​បាន​រុញ​ឱ្យ​ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ពាសពេញ​ផ្ទៃ​ប្រទេស។

ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​សឹក ធ្វើឡើង​ដោយ​សហការ​គ្នា​ពី​សហគមន៍ និង​តំបន់​ជនជាតិ​ដើម បាន​កើតឡើង​សឹង​គ្រប់​ទីតាំង​សំខាន់ៗ​របស់​ពួក​យោធា​នៅ​ទូទាំង​ប្រទេស។ ទោះបី​ជនស៊ីវិល និង​កងទ័ព​កម្លាំង​ប្រឆាំង​របប​សឹក​ស្លាប់​ក៏ដោយ តែ​កងទ័ព​មេ​រដ្ឋប្រហារ​កាន់តែ​ច្រើន​បាន​ចុះចូល​នឹង​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ។

តំបន់​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ធ្ងន់ធ្ងរ មាន​ដូចជា រដ្ឋ​កាឈីន រដ្ឋ​សាន រដ្ឋ​ម៉ន រដ្ឋ​ឈិន និង​រដ្ឋ​ការ៉េន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​មក​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ។

តាម​ប្រភព​ដដែល​នេះ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​រត់​គេច​ពី​ទីប្រជុំជន​មួយ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ភូមា បន្ទាប់ពី​មាន​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រវាង​ក្រុម​អ្នក​ប្រឆាំង​នឹង​របប​យោធា និង​កងកម្លាំង​យោធា។ ក្នុង​អំឡុង​ពេល​នោះ ក្រុម​យោធា​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ភូមិ និង​ផ្ទះសម្បែង​របស់​ប្រជាជន។

ក្រុម​កងទ័ព​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង បាន​ប្រយុទ្ធ​គ្នា​ធ្ងន់ធ្ងរ​ជាមួយ​ក្រុម​កម្លាំង​ការពារ​ក្នុង​មូលដ្ឋាន​មួយ​ដែល​មាន​គ្នា ១០០​នាក់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ពួន​ស្ទាក់​នៅ​តំបន់ Thantlang ដែល​ស្ថិត​ក្នុង​រដ្ឋ Chin ដាច់ស្រយាល​មួយ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា កន្លងទៅ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​នាំពាក្យ​របប​យោធា លោក Zaw Min Thun កាលពី​ថ្ងៃ​អង្គារ កន្លងទៅ។

អង្គការ​សហប្រជាជាតិ​ផ្នែក​ជនភៀសខ្លួន បាន​ព្រមាន​ថា ការ​បន្ត​នូវ​ការ​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​ជាច្រើន បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង​រត់​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ទីជម្រក និង​ស្បៀងអាហារ។

នៅ​ចំពោះមុខ​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា អ្នកស្រី មីឈែល បាឆឡេ ប្រធាន​ឧត្ដមស្នងការ​សិទ្ធិមនុស្ស បាន​លើកឡើង​ថា ប្រទេស​ភូមា កំពុងតែ​ធ្លាក់​ក្នុង​គ្រោះថ្នាក់​នៃ​សង្គ្រាម​ស៊ីវិល​ពាសពេញ​ផ្ទៃ​ប្រទេស។ អ្នកស្រី​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ភូមា​ទាំងអស់ ត្រូវ​ស្វែងរក​ដំណោះស្រាយ និង​បញ្ឈប់​រាល់​ការ​ប្រយុទ្ធ​គ្នា​ដែល​បណ្តាល​ឲ្យ​ស្លាប់​ជីវិត​ប្រជាជន​ស្លូតត្រង់។

អ្នកស្រី មីឈែល បាឆឡេ បាន​លើកឡើង​ថា ដោយ​ការ​គាបសង្កត់​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​កងទ័ព​របប​សឹក ដែល​អ្នកស្រី​ថា​ចលនា​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ក្រុម​កំពុងតែ​រីក​ដុះដាល​យ៉ាង​ខ្លាំង។ អ្នកស្រី​ប្រធាន​ឧត្ដមស្នងការ​សិទ្ធិមនុស្ស បាន​ថ្លែង​អំពី​ករណី​វាយ​ប្រយុទ្ធ​គ្នា​ឥត​ដាច់​រវាង​កងទ័ព​ភូមា ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​នៅ​តាម​រដ្ឋ​ផ្សេងៗ​របស់​ភូមា ចាប់តាំង​ពី​ខែ​កុម្ភៈ មក។

អ្នកស្រី​អំពាវនាវ​ឱ្យ​កងទ័ព​ភូមា និង​ក្រុម​ប្រដាប់​អាវុធ​ទាំងអស់ ត្រូវតែ​គោរព​សិទ្ធិមនុស្ស និង​ធានា​ការពារ​អាយុ​ជីវិត​ប្រជាជន​ស្លូតត្រង់ ដែល​អ្នកស្រី​ទទូច​ថា​ត្រូវ​ឈប់​ជាបន្ទាន់​នូវ​ការ​បាញ់​ប្លោង​ទម្លាក់​គ្រាប់​ទៅលើ​ផ្ទះសម្បែង ទីប្រជុំជន សាលារៀន មន្ទីរពេទ្យ។

តាម​របាយការណ៍​របស់​អង្គការ​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ ប្រជាជន​ដែល​បាន​រត់​ទៅ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ជិតខាង​មាន​ជាង ១០​ម៉ឺន​នាក់។

តាម​សមាគម​ជំនួយ​អ្នកទោស​នយោបាយ​ភូមា មនុស្ស​ជាង ១១០០​នាក់​ត្រូវ​បាន​សម្លាប់ និង​ជិត ៨០០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​ភូមា។

សហគមន៍​អន្តរជាតិ​ដែល​កំពុង​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ភូមា មាន​ដូចជា សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន ឥណ្ឌា សមាគម​អាស៊ាន និង​អង្គការ​សហប្រជាជាតិ ក៏​បាន​ព្រមាន​ថា បើ​មិន​អាច​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​របប​សឹក​ឱ្យ​ទាន់​ពេលវេលា​ទេ​នោះ គឺ​វិបត្តិ​ជនភៀសខ្លួន​កាន់តែ​ធ្ងន់ធ្ងរ ជនស៊ីវិល​ស្លាប់​កាន់តែ​កើន​ឡើង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស