28 C
Phnom Penh

PMD៖ ទំនាក់ទំនង​កម្ពុជា-វៀតណាម​មិនមែន​ជា​លក្ខណៈ​ការទូត​ទេ ប៉ុន្តែ​ជា​លក្ខណៈ​កូនចៅ​និង​ចៅហ្វាយនាយ

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​មួយ​ក្រុម​រិះគន់​អំពី​ជំនួប​មេដឹកនាំ​កម្ពុជា វៀតណាម និង​ឡាវ ថា​ទំនាក់ទំនង​កម្ពុជា-វៀតណាម មិនមែន​ជា​ជំនួប​បែប​ការទូត​នោះ​ទេ ប៉ុន្តែ​ជា​ជំនួប​ក្នុង​រូបភាព​ជា​កូនចៅ និង​ចៅហ្វាយនាយ​ប៉ុណ្ណោះ ហើយ​ជំនួប​នេះ​ក៏​ជា​ការ​រំឭក​ពី​មេដឹកនាំ​វៀតណាម ទៅ​លោក ហ៊ុន សែន ឱ្យ​បន្ត​សហប្រតិបត្តិការ​បន្ថែម​ទៀត និង​ត្រូវ​ស្ថិត​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ក្រុង​ហាណូយ គ្រប់​បែប​យ៉ាង។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ហៅ​កាត់​ថា PMD លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​បក្ស​កាន់​អំណាច​បាន​ប្រកាស​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​វិសាលភាព​កាន់តែ​ធំធេង​របស់​វៀតណាម ដែល​រៀប​ផែនការ​រំលោភ​បំពាន​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា​បន្ត​ទៀត។

លោក​អះអាង​ថា កិច្ចសហប្រតិបត្តិការ​នេះ គឺ​សំដៅ​លើ​ការ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង សន្ធិសញ្ញា និង​ឯកសារ​ខុសច្បាប់​នានា​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​យល់ព្រម​ជាមួយ​វៀតណាម កន្លងមក ដូចជា​សារាចរ​ឆ្នាំ​១៩៨៦ អនុញ្ញាត​ឱ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​អាច​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា ការ​កែប្រែ​ផែនទី​បោន​ខ្នាត ១/១០០.០០០ (១ លើ ១០០​ពាន់) ទៅជា​ផែនទី​ខុស​ច្បាប់​ថ្មី​ខ្នាត ១/២៥.០០០ (១ លើ ២៥​ពាន់) តាម​ការ​ចង់​បាន​របស់​វៀតណាម។

ជាង​នេះ​ទៀត នៅ​មាន​ការ​ចុះហត្ថលេខា​ប្រគល់​ទឹកដី​កម្ពុជា ឱ្យ​វៀតណាម​គ្រប់គ្រង​ដោយ​ខុស​ច្បាប់​បន្ថែម​ទៀត ដូចជា​កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ កិច្ចព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន​ឆ្នាំ​១៩៨៣ និង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាដើម ដែល​អាច​ឱ្យ​វៀតណាម មាន​សិទ្ធិ​កាន់កាប់​ដែន​ទឹក​របស់​កម្ពុជា ដូចជា​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បក្ស​កាន់​អំណាច​នេះ គឺ​មាន​ន័យ​ថា លោក ហ៊ុន សែន ត្រូវតែ​បន្ត​សហការ និង​សម្បទាន​គ្រប់​យ៉ាង​តាម​ការ​ចង់​បាន​របស់​ក្រុង​ហាណូយ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ដែល​ការ​សហការ​បែប​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​បាន​អនុវត្ត​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទាំងស្រុង។

កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១ គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កាន់​អំណាច​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) និង​អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀង ភូជុង បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​កុម្មុយនីស្ត​វៀតណាម ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​បី។

ប្រភព​ដដែល​អះអាង​ថា មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​បាន​ឯកភាព​រួម​គ្នា​អំពី​សារសំខាន់​នៃ​ទំនាក់ទំនង​ជា​ប្រពៃណី សាមគ្គីភាព មិត្តភាព​ស្អិតល្មួត​រវាង​បក្ស​ទាំង​បី​នៃ​ប្រទេស​ទាំង​បី ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន ក្នុង​គោលដៅ​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ​ក្នុង​តំបន់ និង​លើ​ពិភពលោក​ផង​ដែរ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ជុំវិញ​បញ្ហា​នេះ​ថា ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ខ្លួន​ជា​ជនជាតិ​ភាគតិច​រស់នៅ​លើ​ទឹកដី​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​ជាមិនខាន បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​គោលការណ៍​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ​បន្ត​ទៀត​នោះ។

បែប​នេះ​ក្តី វិទ្យុ​បារាំង RFI បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន កាលពី​ពេល​ថ្មីៗ​នេះ​ថា ជំនួប​នេះ​គឺ​គ្រាន់តែ​ដើម្បី​រឹត​ចំណង​មេដឹកនាំ​បក្ស​កាន់​អំណាច​នៃ​ប្រទេស​ទាំង​បី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​ដែល​ត្រូវ​បក្ស​កុម្មុយនីស្ត​វៀតណាម​លើក​បន្តុប គឺ​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា រាជ​រដ្ឋាភិបាល ប្រជាពលរដ្ឋ​ខ្មែរ និង​រូបលោក​ផ្ទាល់ តែង​យកចិត្ត​ទុកដាក់​ដល់​ការ​ថែរក្សា​នូវ​ចំណង​មិត្តភាព សាមគ្គីភាព និង​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ស្របតាម​ទិសស្លោក​ថា «ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង»

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស