29 C
Phnom Penh

បទវិភាគ៖ តើ​អ្វី​ជា​មូលហេតុ​ដែល​អាមេរិក​មិនព្រម​លុប​ចោល​បំណុល​សម័យ​រដ្ឋាភិបាល​លោក លន់ ណុល?

បទវិភាគ

បំណុល គឺជា​នយោបាយ​ការទូត។ ប្រទេស​ចិន ត្រូវ​បាន​គេ​កត់សម្គាល់​ថា ប្រើប្រាស់​បំណុល​ជា​អន្ទាក់​ដើម្បី​គ្រប់គ្រង​ប្រទេស​ក្រីក្រ​ដែល​ជា​កូនបំណុល​របស់​ខ្លួន។ ចិន គ្រប់គ្រង​ប្រទេស​ជា​កូនបំណុល​របស់​ខ្លួន​ដោយ​ប្រើប្រាស់​ប្រទេស​ទាំងនោះ​ឲ្យ​គាំទ្រ​គោល​នយោបាយ​របស់​ចិន ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ និង​ថែមទាំង​ប្រើ​ប្រទេស​ជា​កូនបំណុល​នោះ​ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន។

ប្រទេស​ក្រីក្រ​ជាច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​អាស៊ី បាន​ផុង​ខ្លួន​ក្នុង​អន្ទាក់​បំណុល​នេះ ដោយសារតែ​ការ​ខ្ចី​លុយ​ពី​ចិន​ពុំ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ​ដូច​ប្រទេស​សេរី ដែល​តម្រូវ​ឱ្យ​ប្រទេស​ជា​កូនបំណុល​ត្រូវ​គោរព​សិទ្ធិមនុស្ស ជាដើម។ កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ទាំងនោះ​ដែល​កំពុង​រំកិល​ខ្លួន​ចូល​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​កាន់តែ​ជ្រៅ។

សហគមន៍​អន្តរជាតិ និង​ខ្មែរ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ បាន​ហៅ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា។ ពាក្យ​ផ្ដាច់ការ​នេះ​ហាក់ដូចជា​ធម្មតា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​សមាជិក​គណបក្ស​ប្រជាជន​ថ្នាក់​ក្រោមៗ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

ដោយឡែក​លោក ហ៊ុន សែន ហាក់ដូចជា​មាន​មោទកភាព​ចំពោះ​ពាក្យ​នេះ​ទៅវិញ ព្រោះ​លោក​ត្រូវ​បាន​គេ​ហៅ​ថា​បុរស​ខ្លាំង​នៅ​កម្ពុជា។ ប៉ុន្តែ​អំពើ​ផ្ដាច់ការ​របស់​លោក បាន​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា។

មជ្ឈដ្ឋាន​ខ្លះ​លើក​ហេតុផល​ថា ដោយសារតែ​អំពើ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​សង្គម​មួយ​ប្រកប​ដោយ​ហិង្សា អយុត្តិធម៌​សង្គម គ្មាន​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព គ្មាន​ការ​បម្រើ និង​ការ​ការពារ​ពី​រដ្ឋាភិបាល​ឡើយ។

ផ្ទុយ​ទៅវិញ មន្ត្រី​រដ្ឋាភិបាល​មាន​តែ​សម្លុត​បំភ័យ រំលោភ​ដីធ្លី និង​សិទ្ធិ​ផ្សេងៗ​របស់​ពលរដ្ឋ ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ និង​បំផ្លិចបំផ្លាញ​ធនធាន​ជាតិ​តាម​ទំនើង​ចិត្ត។

ដូច​គ្នា​នេះ​ដែរ ដោយសារ​តែ​អំពើ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បណ្តា​ប្រទេស​សេរី​បាន​កាត់ផ្ដាច់​ជំនួយ​ផ្សេងៗ និង​បាន​កាត់បន្ថយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ចូល​ទៅកាន់​ទីផ្សារ​របស់​ពួកគេ។ បន្ថែម​លើ​នេះ ក្រុមហ៊ុន​ធំៗ​នៃ​បណ្តាល​ប្រទេស​សេរី​ទាំងនោះ ក៏​មិន​ហ៊ាន​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ដោយសារ​អំពើពុករលួយ​ខ្លាំងក្លា​ក្នុង​ប្រព័ន្ធ​តុលាការ និង​រដ្ឋាភិបាល ព្រមទាំង​ការ​គាបសង្កត់​លើ​អ្នកជំនួញ​ពី​សំណាក់​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច ជាពិសេស​គ្រួសារ​ត្រកូល «ហ៊ុន»

ដូច្នេះ អំពើ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន បាន​បង្កើត​នូវ​សេចក្តី​ឈឺចាប់​ដល់​ពលរដ្ឋ​ខ្មែរ និង​បាន​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​របស់​ជាតិ និង​របស់​ពលរដ្ឋ។ និយាយ​ដោយ​ខ្លី និង​ងាយ​យល់ អំពើ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន មាន​ន័យ​ថា​បំផ្លាញ​ខ្មែរ។

ដោយសារ​អំពើ​ផ្ដាច់ការ​មាន​ផល​ប៉ះពាល់​បែប​នេះ​ហើយ ទើប​សហគមន៍​អន្តរជាតិ​បាន​ព្យាយាម​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ឆ្នាំ​១៩៩១។

សារព័ត៌មាន NIKKEI Asia បាន​ចុះផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨ ថា កម្ពុជា​បាន​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ចំនួន​ជាង ២០​ពាន់​លាន​ដុល្លារ​ចាប់តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ មក ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​មួយ​បន្ទាប់ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល។ ដូច្នេះ សកម្មភាព​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ចុងក្រោយ​របស់​លោក ហ៊ុន សែន ក្នុង​ឆ្នាំ​២០១៧ គឺជា​ការ​បំផ្លាញ​ថវិកា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ រួម​ទាំង​ការ​លះបង់​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។

ការ​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​នេះ មិន​គ្រាន់តែ​ជា​ការ​រំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការ​រំលោភ​លើ​កិច្ចសន្យា​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​នានា ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ថា​ខ្លួន​នឹង​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ដោយ​ជាប់​កិច្ចសន្យា​បែប​នេះ​ហើយ ទើប​បណ្តា​ប្រទេស​សេរី​ដែល​ជា​ម្ចាស់​ជំនួយ​រមែង​ជំរុញ និង​រំឭក​រដ្ឋាភិបាល​លោក ហ៊ុន សែន អំពី​កាតព្វកិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​នៃ​ការ​ទទួល​ជំនួយ​នោះ ហើយ​ថែមទាំង​ព្រមាន​កាត់ផ្ដាច់ ឬ​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត។

ក្នុង​ខណៈ​ដែល​រង​សម្ពាធ​ពី​បណ្តាល​ប្រទេស​សេរី​ដោយសារ​តែ​អំពើ​ផ្ដាច់ការ​របស់​ខ្លួន លោក ហ៊ុន សែន ងាក​ទៅ​ឱប​យក​ចិត្ត​ចិន ដើម្បី​បាន​ទទួល​ជំនួយ ជាពិសេស​លុយ​កម្ចី​ពី​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ដែល​ជា​ការ​ថ្នូរ​នឹង​ការ​បម្រើ​នយោបាយ និង​ផ្តល់​សិទ្ធិ​ឱ្យ​ចិន អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់មក លោក ហ៊ុន សែន ចាប់ផ្តើម​ប្រកាស​ថា ការ​ខ្ចី​លុយ​ពី​ចិន គឺ​មាន​ភាព​ស្រួល​ជាង​ប្រទេស​សេរី ព្រោះ​ចិន​គ្មាន​ដាក់​លក្ខខណ្ឌ​អ្វី​ទាំងអស់។ ជា​ការពិត ប្រទេស​ចិន មិន​ដែល​ដាក់​លក្ខខណ្ឌ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​អ្វី​មែន ប៉ុន្តែ​ចិន​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្រទេស​ដែល​ជា​កូនបំណុល​បម្រើ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន។ បន្ថែម​ពី​លើ​នេះ ចិន​ក៏​មិន​ដែល​ខ្វល់​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ដែល​រង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​ជា​កូនបំណុល​របស់​ខ្លួន​នោះ​ដែរ។ ជាក់ស្តែង គឺ​របប​ខ្មែរក្រហម​ធ្លាប់​ទទួល​ជំនួយ និង​ការ​គាំទ្រ​គ្រប់​យ៉ាង​ពី​ចិន ហើយ​របប​យង់ឃ្នង​នោះ​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​សាហាវ ព្រមទាំង​សម្លាប់​រង្គាល​នូវ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ពីរ​លាន​នាក់ នា​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ តែ​ចិន មិន​ខ្វល់​អ្វី​ទាំងអស់។

ផ្ទុយទៅវិញ ប្រទេស​សេរី​តែងតែ​ផ្សារភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​ទទួល​ជំនួយ ឬ​លុយ​កម្ចី​របស់​គេ​ទៅ​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ដើម្បី​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គម​យូរ​អង្វែង។

ប៉ុន្តែ​លោក ហ៊ុន សែន មិន​ត្រូវការ​លក្ខខណ្ឌ​បែប​នោះ​ឡើយ ព្រោះ​លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ​ដែល​ចូលចិត្ត​ជិះជាន់​ពលរដ្ឋ និង​បំផ្លាញ​ជាតិ ដូចជា​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាដើម។ ដូច្នេះ អ្វី​ដែល​លោក ហ៊ុន សែន ចង់​បាន គឺ​ផ្ទុយពី​គោលការណ៍​របស់​ប្រទេស​លោកសេរី ជាពិសេស​សហរដ្ឋ​អាមេរិក។

នេះ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​យុទ្ធនាការ​ប្រឆាំង និង​អុចអាល​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​ការ​រើសអើង​នឹង​អាមេរិក។ ដើម្បី​ជា​ឧទាហរណ៍ គេ​អាច​លើក​យក​រឿង​បំណុល​អាមេរិក​ដែល​កម្ពុជា​បាន​ខ្ចី​ក្នុង​សម័យ​រដ្ឋាភិបាល​លោក លន់ ណុល មក​ធ្វើការ​វិភាគ។

កម្ពុជា​បាន​ខ្ចី​លុយ​ពី​សហរដ្ឋ​អាមេរិក​ចំនួន ២៧៨​លាន​ដុល្លារ​អាមេរិក នា​ដើម​ទសវត្ស​ឆ្នាំ​១៩៧០។ បំណុល​នោះ​បាន​កើន​ឡើង​ជាង​ពីរ​ដង ដោយសារ​តែ​ការប្រាក់ និង​ការ​ខកខាន​មិន​បាន​បង់​រំលស់​ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លង​មក​នេះ។

កាលពី​ខែ​មេសា កន្លងទៅ​នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​រដ្ឋាភិបាល​លោក Joe Biden ឱ្យ​លុប​បំណុល​នោះ​ចោល ឬ​ក៏​បង្វិល​វា​ទៅ​ជា​ជំនួយ​មនុស្សធម៌​សម្រាប់​កម្ពុជា​វិញ។

ដូច​លើក​មុនៗ​ដែរ លោក ហ៊ុន សែន បាន​លើក​ហេតុផល​បែប​នយោបាយ​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​អំពី​បញ្ហា​បំណុល​នោះ​ថា «ខ្ញុំ​ចាត់ទុក​បំណុល​នោះ​ជា​បំណុល​កខ្វក់ ដែល​អាមេរិក​បង្ខំ​កម្ពុជា​ឱ្យ​ខ្ចី​នៅ​ពេល​នោះ ដើម្បី​ទិញ​គ្រាប់បែក​អាមេរិក​យក​មក​ទម្លាក់​លើ​ក្បាល​ខ្មែរ»

នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រើ​ភាសា​បែប​នេះ តើ​អាមេរិក​អាច​ទទួល​យក​ហេតុផល​ដូច្នោះ​បាន​ទេ? ប្រសិនបើ​អាមេរិក​យល់ព្រម​លុប​ចោល​បំណុល​នោះ​តាម​ការ​លើកឡើង​របស់​លោក ហ៊ុន សែន មែន ដូច្នេះ​វា​មាន​ន័យ​ថា អាមេរិក​ទទួលស្គាល់​ថា ខ្លួន​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​លោក លន់ ណុល ខ្ចី​លុយ​នោះ​ដើម្បី​ទិញ​អាវុធ​យក​មក​សម្លាប់​ខ្មែរ​គ្នា​ឯង។ ផ្ទុយទៅវិញ សហរដ្ឋ​អាមេរិក​ប្រាកដ​ជា​បដិសេធ​នូវ​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន។

ក្នុង​សវនាការ​មួយ​របស់​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក​ក្នុង​ឆ្នាំ​២០១០ តំណាង​រដ្ឋាភិបាល​អាមេរិក​បាន​អះអាង​ថា នោះ​គឺជា​បំណុល​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម។

ស្រដៀង​គ្នា​នឹង​សហរដ្ឋ​អាមេរិក កម្ពុជា​ក៏​កំពុង​ជំពាក់​បំណុល​ប្រទេស​រុស្ស៊ី ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ។ នេះ​គឺជា​បំណុល​ដែល​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ខ្ចី​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​នា​ទសវត្ស​ឆ្នាំ​១៩៨០។ កាលនោះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច​ក្រោម​អាណានិគម​វៀតណាម ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​អតីត​សហភាព​សូវៀត ឬ​រុស្ស៊ី​បច្ចុប្បន្ន ក្នុង​ការ​ផ្គត់ផ្គង់ និង​លក់​អាវុធ​យុទ្ធភណ្ឌ​ដើម្បី​ធ្វើ​សង្គ្រាម​ច្បាំង​នឹង​ក្រុម​ខ្មែរ​តស៊ូ​នៅ​តាម​ជាយដែន​កម្ពុជា-ថៃ។ ដើម្បី​ទប់ទល់​នឹង​សង្គ្រាម​នោះ CPP បាន​បង្កើត​យុទ្ធនាការ “ក៥” ដោយ​កែន​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ឱ្យ​ទៅ​កាប់​ព្រៃ និង​ដើរ​កាត់​ចម្ការ​មីន​នៅ​តាម​សមរភូមិ​ក្តៅ​នានា​ដែល​បណ្តាល​ឱ្យ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាត់បង់​ជីវិត រង​របួស និង​ពិការ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

តារា​ចម្រៀង​អាយ៉ៃ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយ​មួយ គឺ​លោក ព្រហ្ម ម៉ាញ បាន​និយាយ​កំប្លែង​នៅ​សម័យ​នោះ​ថា «ពេល​ទៅ​ជិះ​ឡាន ពេល​មក​ជិះ​ចាន»។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ដែល​ចាត់ទុក​បំណុល​ដែល​គាត់​ជំពាក់​ប្រទេស​រុស្ស៊ី នេះ​ថា​ជា​បំណុល​កខ្វក់ ឬ​បំណុល​ឈាម​នោះ​ទេ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ និង​ការ​ធ្វើ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​ឱ្យ​ប្រទេស​រុស្ស៊ី លុប​បំណុល​នោះ​ដែរ តែ​មិន​បាន​លើក​អំពី​ហេតុផល​ដូច​ដែល​ខ្លួន​លើក​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ឡើយ។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី RBTH ក្នុង​ខែ​មករា ឆ្នាំ​២០១៧ ប្រទេស​រុស្ស៊ី ចង់​ដោះស្រាយ​បំណុល​នេះ​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​នានា​សម្រាប់​ប្រទេស​របស់​ខ្លួន។ អត្ថបទ​នោះ​បន្ត​ថា ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ក្នុង​ប្រទេស​រុស្ស៊ី នា​ឆ្នាំ​២០១៦ លោក ហ៊ុន សែន យល់ព្រម​ដោះស្រាយ​បំណុល​នោះ​តាមរយៈ​ការ​ផ្គត់ផ្គង់​ផលិតផល​ពី​កម្ពុជា និង​ការ​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ក្រុមហ៊ុន​រុស្ស៊ី ក្នុង​ប្រទេស​កម្ពុជា។ ដូច្នេះ បើ​គេ​មើល​លើ​សេណារីយោ​នៃ​ដំណោះស្រាយ​បំណុល​រវាង​អាមេរិក និង​រុស្ស៊ី លោក ហ៊ុន សែន បាន​បង្ហាញ​នូវ​ចេតនា និង​ស្តង់ដារ​ខុស​គ្នា។

ចំពោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក គេ​ឃើញ​មាន​ការ​បង្ហាញ​តួលេខ​ផ្សេង​គ្នា។ ក្នុង​ឆ្នាំ​២០១៧ ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បំណុល​បាន​កើន​ដល់​ចំនួន ៥០៥​លាន​ដុល្លារ​អាមេរិក តែ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ឈ្មោះ Fresh News បាន​ផ្សាយ​ក្នុង​ឆ្នាំ​២០២១ នេះ​ថា បំណុល​នោះ​បាន​កើន​ឡើង​ដល់​ចំនួន ៧០០​លាន​ដុល្លារ​អាមេរិក​ហើយ។ ដូច្នេះ គេ​អាច​ប៉ាន់ប្រមាណ​ថា បំណុល​នោះ​មាន​ចំនួន​ចន្លោះ​ពី ៥០០ ទៅ ៧០០​លាន​ដុល្លារ​អាមេរិក។

ទោះបី​មាន​ការ​តវ៉ា​ពី​លោក ហ៊ុន សែន ជាបន្តបន្ទាប់​កន្លងមក​ក្តី តែ​សហរដ្ឋ​អាមេរិក​មិន​ទាន់​យល់ព្រម​ឡើយ​រហូត​ដល់​ពេល​នេះ។

តើ​អ្វី​ទៅ​ជា​មូលហេតុ​នៃ​ការ​មិន​យល់ព្រម​របស់​អាមេរិក?

សារព័ត៌មាន Asia Times បាន​ផ្សាយ​កាលពី​ខែ​កក្កដា កន្លងទៅ​នេះ​ថា ប្រហែល​ជា​មន្ត្រី​ខ្លះ​ក្នុង​ក្រុង​វ៉ាស៊ីនតុន​ប្រាកដ​ជា​យល់​ថា​ការ​លុប​ចោល​បំណុល​របស់​កម្ពុជា អាច​ជា​គំរូ​អាក្រក់​ដល់​ប្រទេស​ដទៃ​ដែល​រហូត​ដល់​ពេលនេះ អាមេរិក​មិន​ដែល​លុប​ចោល​បំណុល​ដល់​រដ្ឋាភិបាល​បរទេស​ណា​មួយ​ឡើយ។

សារព័ត៌មាន​នេះ​ក៏​បាន​ដកស្រង់​សម្ដី​មន្ត្រី​អាមេរិក​មួយ​រូប​ដែល​ថ្លែង​ថា ប្រសិនបើ​កម្ពុជា​ចង់​ដោះស្រាយ​បញ្ហា​នេះ​មែន កម្ពុជា​គួរ​អង្គុយ​តុ​ពិភាក្សា​គ្នា​របៀប​ជា​មនុស្ស​ពេញវ័យ ជាជាង​យំ​ស្រែក​ដាក់​ខ្លួន​ជា​ជនរងគ្រោះ​ក្នុង​អតីតកាល ហើយ​ទីបំផុត​លោក ហ៊ុន សែន នឹង​កេង​យក​ផល​ចំណេញ​ប្រជាប្រិយភាព​នោះ​ទេ។

លោក Scot Maciel អតីត​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត និង​តំបន់​ប៉ាស៊ីហ្វិក បាន​ថ្លែង​នៅ​ក្នុង​សវនាការ​របស់​ព្រឹទ្ធសភា​អាមេរិក​ក្នុង​ឆ្នាំ​២០០៨ ថា តាមពិត កម្ពុជា​គ្មាន​ឆន្ទៈ និង​គ្មាន​លទ្ធភាព​នៃ​ការ​សង​បំណុល​នោះ។

បើ​យោង​តាម​ធនាគារ​ពិភពលោក បំណុល​បរទេស​របស់​កម្ពុជា​កើន​ឡើង​ដល់​ទៅ ៩៦០០ ឬ​ជិត​មួយ​ម៉ឺន​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង ៣៥,២% នៃ​ផលទុន​សរុប (GDP) ត្រឹម​ឆ្នាំ​២០២១។

ដោយ​ផ្អែកលើ​តួលេខ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតែ​អួតអាង​ថា​កម្ពុជា​នៅតែ​អាច​ខ្ចី​បំណុល​បរទេស​បាន និង​មាន​លទ្ធភាព​សង​ត្រឡប់​ទៅវិញ។

ដូច្នេះ បើ​គេ​ប្រៀបធៀប​បំណុល​កម្ពុជា​ចំពោះ​សហរដ្ឋ​អាមេរិក​ក្នុង​ចំនួន​ប្រមាណ ៧០០​លាន​ដុល្លារ​ទៅ​នឹង​បំណុល​បរទេស​សរុប​របស់​កម្ពុជា​ប្រមាណ ១​ម៉ឺន​លាន​ដុល្លារ​នោះ គេ​ឃើញ​ថា​បំណុល​របស់​កម្ពុជា​ចំពោះ​អាមេរិក​ស្មើ​នឹង ៧% នៃ​បំណុល​បរទេស​សរុប​តែប៉ុណ្ណោះ។

នៅ​ឯ​សវនាការ​រដ្ឋសភា​អាមេរិក​ក្នុង​ឆ្នាំ​២០១០ អតីត​អនុរដ្ឋលេខាធិការ​មួយ​រូប​ទៀត​នៃ​ក្រសួង​ការបរទេស​អាមេរិក គឺ​លោក Joseph Yun បាន​លើកឡើង​ថា កម្ពុជា​សុខចិត្ត​ទុក​បំណុល​ដែល​ខ្លួន​ជំពាក់​អាមេរិក​ឱ្យ​កើន​ឡើង តែ​សុខចិត្ត​សង​ម្ចាស់​បំណុល​ដទៃ​ទាន់​ពេលវេលា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស