24 C
Phnom Penh

វិភាគ៖ តើ​យោធា​ចិន​ខ្លាំង​ដល់​កម្រិត​ណា​ដែល​ធ្វើ​ឲ្យ​មហាអំណាច​យោធា​អាមេរិក​បារម្ភ?

បទវិភាគ

ចិន​មិន​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ច្រើន​ដូច​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​នោះ​ទេ។ នៅ​ក្នុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ ឆ្នាំ​១៩៥០-១៩៥៣ កងទ័ព​ចិន ចូល​ពាក់ព័ន្ធ​ផង​ដែរ តែ​មិន​ចេញ​មុខ​ចំហ​នោះ​ទេ។ យ៉ាងណាក៏ដោយ កងទ័ព​ចិន​ស្លាប់​ច្រើន​ជាង​កងទ័ព​កូរ៉េ​ខាងជើង​ទៅទៀត។

ក្រៅពី​នេះ ចិន​ធ្លាប់​ធ្វើ​សង្គ្រាម​ធំៗ​ជាមួយ​នឹង​ឥណ្ឌា​ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​១៩៦៧ គឺ​សង្គ្រាម​ព្រំដែន។ ចាប់ពី​ពេល​នោះ កងទ័ព​ចិន និង​ឥណ្ឌា​ប៉ះ​គ្នា​ជា​ញឹកញាប់ ប៉ុន្តែ​ពុំ​ដែល​មាន​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ជាមួយ​ឥណ្ឌា​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០ នោះ​ទេ។ ចំពោះ​ជាមួយ​ប្រទេស​រុស្ស៊ី វិញ ក៏​កងទ័ព​ចិន​ធ្លាប់​ប៉ះ​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី​ផង​ដែរ ដែល​គេ​ហៅ​ថា​ជម្លោះ​ព្រំដែន គឺ​នៅ​ឆ្នាំ​១៩៦៩។ សង្គ្រាម​នៅ​ពេល​នោះ​មាន​រយៈពេល ៧​ខែ។

ចុងក្រោយ​នៅ​ក្នុង​ឆ្នាំ​១៩៧៩ សង្គ្រាម​ធំ​មួយ​ជាមួយ​នឹង​វៀតណាម តែ​ពេល​នោះ​ចិន​លើក​កងទ័ព​ចូល​លុកលុយ​ព្រំដែន​ប្រទេស​វៀតណាម គឺ​មិន​មែន​លើក​ទ័ព​ដើម្បី​កាន់កាប់​តំបន់​ណា​ដែល​ទ័ព​ចិន​ចូល​លុកលុយ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ដើម្បី​គាបសង្កត់​ឱ្យ​វៀតណាម ដក​ទ័ព​ចេញពី​កម្ពុជា​ប៉ុណ្ណោះ។

តែ​ជិត ២​ទសវត្ស​ចុងក្រោយ​នេះ ចិន​ដែល​ជា​ប្រទេស​ធំ​ជាងគេ​នៅ​លើ​ពិភពលោក កំពុង​ពង្រីក​មាឌ​វិស័យ​កងទ័ព​របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាច្រើន ជាពិសេស​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង។ ក្នុង​ស្ថានភាព​នេះ ប្រទេស​ធំ​មួយ​នេះ​កំពុង​រត់​ប្រណាំង​អាវុធ​ទំនើប​ជាច្រើន​ប្រភេទ​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​ដល់​ទៅ​កាំជ្រួច​រត់​លឿន​ជាង​សំឡេង​ទៀត​ផង ក៏​ចិន​បាន​ធ្វើ​តេស្ដ​ជោគជ័យ​រួច​ហើយ។

តើ​កងទ័ព​ចិន​ខ្លាំង​ដល់​កម្រិត​ណា​ដែល​ធ្វើ​ឱ្យ​មហាអំណាច​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​បារម្ភ?

តទៅ​នេះ គឺជា​ការ​វិភាគ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera អំពី​វិស័យ​យោធា​ប្រទេស​ចិន។

ការ​លុកលុយ​ចូល​ដែនអាកាស​តៃវ៉ាន់​ញឹកញាប់ ការ​បង្ហោះ​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង សុទ្ធតែ​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​ដែល​ពិភពលោក​បាន​ដឹង​អំពី​ចិន ហើយ​ក៏​សម្លឹង​មើល​ដោយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ​កម្លាំង​បច្ចេកវិទ្យា និង​សព្វាវុធ​របស់​ប្រទេស​មហាយក្ស​មួយ​នេះ​ក្នុង​សម័យកាល​យោធា​ភាវូបនីយកម្ម។

រាប់​ទសវត្ស​កន្លងមក កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន ដែល​ឈ្នះ​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ខ្លួនឯង គឺ​ភាគច្រើន​ជា​ការ​ឃោសនា និង​ការ​ប្រើ​កាំភ្លើង​ឈើ​សម្ញែង​ប៉ុណ្ណោះ។ កងទ័ព​រំដោះ​ប្រជាជន​ចិន​ដែល​ប្រែ​ឈ្មោះ​ពី​កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន គឺ​ពេល​នេះ​ក្លាយ​ជា​កងទ័ព​ធំ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដែល​មាន​ចំនួន​ទ័ព​សកម្ម​ដល់​ទៅ ២​លាន​នាក់។

ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​បក្ស ស៊ី ជីនពីង ចិន​បាន​បង្ហាញ​ឥរិយាបថ​ការទូត​គាបសង្កត់ និង​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​អះអាង​លើ​ដែន​អធិបតេយ្យ​ជម្លោះ​រាប់​ទសវត្ស​ថា​ជា​របស់​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​រង​ការ​ប៉ះទង្គិច ជាពិសេស​ជាមួយ​ឥណ្ឌា។ ការ​ដាក់​ផែនការ​យក​ប្រជុំកោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​ចិន​ខាងកើត ជាពិសេស​សកម្មភាព​កងទ័ព​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​តាមដាន​ជាប់​ជានិច្ច​ចំពោះ​កងទ័ព​ចិន។

ក្រុម​អ្នកវិភាគ​យោធា​ចិន​មាន​មូលដ្ឋាន​នៅ​ឯ​ក្រុង​ប៉េកាំង បាន​ប្រាប់ Aljazeera ថា ការ​បន្លឺ​សំឡេង​ខ្លាំង​នៃ​ជម្លោះ​ចិន និង​អាមេរិក ដោយសារ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​កោះ​តៃវ៉ាន់ គឺ​មកពី​កត្តា​ការពិត​ដែល​ថា អាមេរិក​មើល​ឃើញ​កម្លាំង​ទ័ព​ចិន​កាន់តែ​កើន​អនុភាព ហើយ​ដែល​យល់​ឃើញ​ថា នេះ​ជា​សូចនាករ​មួយ​ដ៏​ខ្លាំង​នៃ​កម្លាំង​អំណាច​របស់​ចិន​សព្វថ្ងៃ​នេះ។

កាលពី​ប៉ុន្មាន​ខែ​មុន នាវា​របស់​អាមេរិក និង​សម្ពន្ធមិត្ត​បើកបរ​ទៀងទាត់​នៅ​សមុទ្រ​អាស៊ី​ប៉ាស៊ីហ្វិក រួម​ទាំង​សមុទ្រ​ចិន​ខាងត្បូង ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​អះអាង​ថា​ជា​សិទ្ធិ​នាវាចរណ៍​ដែនទឹក​អន្តរជាតិ។

កាលពី​ខែ​តុលា អាមេរិក​ប្រកាស​សន្ធិសញ្ញា AUKUS ដែល​ជា​សម្ពន្ធភាព​សន្តិសុខ​ថ្មី​ជាមួយ​អង់គ្លេស និង​អូស្ត្រាលី ដែល​នាំ​ឱ្យ​អូស្ត្រាលី​ទទួល​បាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ពី​អាមេរិក។

ក្រុង​វ៉ាស៊ីនតោន ក៏​ថា​ខ្លួន​ត្រូវ​បញ្ចេញ​អាវុធ​ឱ្យ​តៃវ៉ាន់ ដើម្បី​ទំនើបកម្ម និង​កម្មវិធី​សមត្ថភាព​យុទ្ធសាស្ត្រ​សង្គ្រាម​ស្មើ​ភាព​គ្នា បើ​មាន​ការ​វាយប្រហារ​ណា​មួយ​ពី​សំណាក់​កងទ័ព​ចិន ដែល​ចិន​តែង​អះអាង​ថា​តៃវ៉ាន់​ជា​ដែន​កោះ​របស់​ខ្លួន។

ប្រធានាធិបតី​តៃវ៉ាន់ បាន​អះអាង​ថា អាមេរិក​ពិតជា​មាន​ទ័ព​ពិសេស​មក​បណ្ដុះបណ្ដាល​កងទ័ព​តៃវ៉ាន់​តាំងពី​ឆ្នាំ​២០១៨។

ជា​ហេតុ​ធ្វើ​ឱ្យ​សារព័ត៌មាន​របស់​ចិន អត្ថាធិប្បាយ​ថា គ្មាន​នរណា​អាច​និយាយ​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ថា តើ​អាមេរិក​និង​ចិន នឹង​ធ្លាក់​ក្នុង​សង្គ្រាម​ពិត​លើ​រឿង​តៃវ៉ាន់ ឬ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​កំណើន​អំណាច​យោធា​ចិន គឺ​កើន​ឡើង​មែន ហើយ​គ្មាន​នរណា​ចង់​ឃើញ​ដូចនេះ​ទេ។

តើ​ចិន​មាន​កំណើន​យោធា​ដូចម្ដេច​ខ្លះ?

កងទ័ព​ជើងគោក​របស់​ចិន គឺជា​កម្លាំង​វាយ​សង្គ្រុប​ដែល​មិន​ត្រឹមតែ​ធ្លាប់​ប៉ះ​សង្គ្រាម​ជាមួយ​វៀតណាម ដែល​ជា​ប្រទេស​តូច​មួយ​នោះ​ទេ គឺ​មាន​តាំងពី​ជាមួយ​រុស្ស៊ី និង​ឥណ្ឌា ផង​ដែរ។ ចិន​មាន​កងទ័ព​ជើងគោក​សកម្ម​ដល់​ទៅ ៩​សែន ១​ម៉ឺន ៥​ពាន់​នាក់ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​មាន​ប្រមាណ​ជា ៤​សែន ៨​ម៉ឺន ៦​ពាន់​នាក់។ នេះ​បើ​តាម​របាយការណ៍​ចុងក្រោយ​នៃ​ក្រសួង​ការពារ​ជាតិ​ចិន។

គេ​បាន​ដឹង​ថា ទ័ព​ចិន​មាន​ស្ដុក​កាំភ្លើងធំ​បច្ចេកវិទ្យា high-tech ខ្លាំង​ណាស់។ នៅ​ឆ្នាំ​២០១៩ មីស៊ីល​រំលង​ទ្វីប DF-41 ត្រូវ​បាន​អ្នកជំនាញ​មើល​ឃើញ​ថា វា​អាច​បាញ់​ចំ​ស្នូល​នៃ​ផែនដី​នេះ ខណៈ DF-17 ជា​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​តាមដាន​ជា​ខ្លាំង ជាពិសេស​គឺ​អាមេរិក។

ឆ្នាំ​នេះ ចិន​បាន​ធ្វើ​តេស្ដ​មីស៊ីល​ដល់​ទៅ​ពីរ​ដង​ក្នុង​រយៈពេល​ពីរ​ខែ​ជាប់​គ្នា គឺ​នៅ​ខែ​កក្កដា និង​ខែ​សីហា។

ការណ៍​នេះ បាន​ធ្វើ​ឱ្យ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ព្រមាន​ថា មើល​ទៅ​ដូចជា​ចិន​បបួល​អាមេរិក​ចូល​ក្នុង​ព្រឹត្តិការណ៍ Sputnik ដែល​ជា​ព្រឹត្តិការណ៍​សង្គ្រាម​ផ្កាយ​រវាង​អាមេរិក និង​សហភាព​សូវៀត។

ចំណែក​រឿង​សមុទ្រ​ចិន​ខាងត្បូង​វិញ គឺ​ចិន​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រទេស​ជាប់​មហាសមុទ្រ​ពិភពលោក តែងតែ​ចង់​ធ្វើ​ខ្លួន​ជា​កងទ័ព​ជើងទឹក​ខ្លាំង និង​ធំ​ជាងគេ។

ចិន​អះអាង​ថា ក្រុង​ប៉េកាំង​មាន​កម្មសិទ្ធិ​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង គឺ​រាប់​ពី​ច្រកសមុទ្រ​តៃវ៉ាន់ សមុទ្រ​ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ព្រុយណេ។ ឥឡូវ​នេះ គេ​បាន​ដឹង​ថា កងទ័ព​ជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ជា​កំពូល​កងទ័ព​ធំ​ជាងគេ​ក្នុង​ពិភពលោក។

បើ​យោង​តាម​សៀវភៅ​ស​របស់​យោធា​ចិន គឺ​ចិន​មាន​នាវាមុជទឹក​ដែល​អាច​បំពាក់​មីស៊ីល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ ចិន​មាន​កងជីវពល​សមុទ្រ។ ចិន​មាន​ក្រុម​កងទ័ព​អាវ​ខៀវ​ធ្វើ​សកម្មភាព​ប្រចាំ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ កម្លាំង​នេះ​ហើយ​ជា​ការ​បង្ហាញ​ថា​ចិន​មាន​កំណើន​យោធា​ខ្លាំង។

និយាយ​ពី​កងទ័ព​ជើងអាកាស​វិញ នៅ​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ចិន​ធំ​ជាងគេ​ក្នុង​ពិភពលោក និង​ជា​ប្រទេស​លំដាប់​ទី​បី​ដែល​មាន​យន្តហោះ​ចម្បាំង ៥០០ និង​យន្តហោះ​ប្រយុទ្ធ ២០០០។ នេះ​បើ​តាម​របាយការណ៍​របស់​អាមេរិក​និយាយ​អំពី​វិស័យ​ការពារ​ជាតិ​ចិន។ ចិន​ចូលចិត្ត​ធ្វើជា​អ្នក​ខ្លាំង​ក្នុង​វិន័យ​កងទ័ព ដែល​ថ្មីៗ​នេះ​ចិន​បាន​បង្ហាញ​យន្តហោះ​ដ៏​ល្បី​ទំនើប​ជាងគេ​ជំនាន់​ទី​៥ របស់​ចិន គឺ J-20 ដែល​គេ​ប្រដូច​ថា​ជា​គូប្រកួត​នឹង​យន្តហោះ​ដែល​អាមេរិក​មិន​លក់​ឱ្យ​ប្រទេស​ណា គឺ F-22។ សព្វថ្ងៃ​នេះ ចិន​ក៏​ជា​អ្នក​លក់​អាវុធ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ដែរ ជាពិសេស​ប្រទេស​ណា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ចិន។

បើ​យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព Stockholm ការ​នាំចេញ​សព្វាវុធ​របស់​ចិន​នោះ​មាន​ដូច​ទៅកាន់​បង់ក្លាដេស ប៉ាគីស្ថាន អាល់ហ្សេរី ជាដើម។ ជាពិសេស គឺ​ចិន​ល្បី​ក្នុង​ការ​ផលិត​យន្តហោះ​ដ្រូន ដែល​សូម្បី​អារ៉ាប់រួម និង​អារ៉ាប់អ៊ីមីរ៉េត ក៏​ជា​អតិថិជន​របស់​ចិន​ដែរ។

តាម​អ្នកវិភាគ​ខ្លះ​ទៀត​ឱ្យ Aljazeera ដឹង​ថា អាវុធ​របស់​ចិន​ទោះ​ច្រើន​ក៏​មាន​អាវុធ​ចាស់ និង​ហួស​សម័យ គឺ​មាន​តាំងពី​សម័យ​សហភាព​សូវៀត។ នាវា​ចម្បាំង​របស់​ចិន​ពិតជា​មាន​ច្រើន​ជាង​អាមេរិក តែ​សុទ្ធតែ​នាវា​ល្បាត​ប៉ុណ្ណោះ។ ចំពោះ​នាវា​ផ្ទុក​យន្តហោះ គឺ​ចិន​មាន​តែ​ពីរ​គ្រឿង ដែល​គេ​ស្គាល់​ថា Liaoning and Shandong និង​កំពុង​អភិវឌ្ឍ Type 003 ខណៈ​អាមេរិក​មាន​ដល់​ទៅ ១១​គ្រឿង​ទៅ​ហើយ។

យ៉ាងណា ចិន​តែងតែ​ហ្វឹកហាត់​សមយុទ្ធ​នាវា​ចម្បាំង​ជា​ញឹកញាប់​នៅ​ភាគ​ខាងកើត និង​ឥសាន​ប្រទេស រួម​ទាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ហើយ​ជាពិសេស​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ ទាំងនេះ​សុទ្ធតែ​ជា​ការ​បង្ហាញ​អនុភាព​របស់​កងទ័ព​ចិន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស