28 C
Phnom Penh

ប្រតិភូ​អន្តរជាតិ​កាន់តែ​ច្រើន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ធ្វើ​ឱ្យ​ចិន​កាន់តែ​ចាញ់​ប្រៀប​ជម្លោះ​ការទូត​ជាមួយ​តៃវ៉ាន់

បទវិភាគ

នៅ​រយៈពេល​ចុងក្រោយ​នេះ ប្រតិភូ​បរទេស​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ គឺជា​ការ​បង្ហាញ​អំពី​ការ​លើក​ទឹកចិត្ត​កាន់តែ​ខ្លាំង​ដល់​រដ្ឋាភិបាល​ដែនដី​កោះ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ខាងកើត​មួយ​នេះ ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ និង​សកម្មភាព​យោធា​របស់​ចិន ដែល​មាន​ផែនការ​លើក​ទ័ព​ចូល​កាន់កាប់​កោះ​តៃវ៉ាន់​យក​មក​នៅ​ក្រោម​ដំបូល​របស់​បក្ស​កុម្មុយនីស្ត​ចិន។

ដោយ​មើល​ឃើញ​ថា​តៃវ៉ាន់ ដែល​ជា​ដែនដី​ប្រជាធិបតេយ្យ​មួយ​រឹងមាំ​ហ៊ាន​ប្រឈមមុខ​នឹង​សម្ពាធ​ពី​សំណាក់​កងទ័ព​មហាយក្ស​ចិន សហគមន៍​អន្តរជាតិ ភាគច្រើន​ជា​ប្រទេស​ប្រជាធិបតេយ្យ បាន​ពង្រីក​ចំណង​ការទូត និង​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​កាន់តែ​កើន​ឡើង ទោះ​ជា​ក្រុង​ប៉េកាំង​ថ្កោលទោស​ប្រទេស​ទាំងនោះ​ក៏ដោយ។

ជាក់ស្ដែង សមាជិក​សភា​អាមេរិក​បាន​មក​ធ្វើ​ទស្សនកិច្ច​ដល់​ទី​ពីរ​ដង​នៅ​លើ​ដែន​កោះ​មួយ​នេះ ហើយ​ជាបន្តបន្ទាប់​ក៏​មាន​ទស្សនកិច្ច​នៃ​មន្ត្រី​ជាន់ខ្ពស់​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​រដ្ឋសភា រហូត​មាន​ប្រធានាធិបតី​ទៀត​ផង។

ជា​ការ​កត់សម្គាល់ ប្រទេស​នៅ​អឺរ៉ុប មាន​សន្ទុះ​ខ្លាំង​ជាងគេ ជាពិសេស​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់ទិច​នៃ​អឺរ៉ុប​ខាងកើត និង​ប្រតិភូ​សភា​អឺរ៉ុប។ អ្នកស្រី សាយ អ៊ឹងវិន ដែល​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​សម្ដែង​មោទកភាព​ចំពោះ​រដ្ឋាភិបាល​របស់​អ្នកស្រី ជាពិសេស​ដែន​កោះ​តៃវ៉ាន់​ដែល​អ្នកស្រី​អះអាង​ថា ដោយសារតែ​តៃវ៉ាន់​ប្រកាន់​ភ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ ទើប​ប្រទេស​នៅ​អឺរ៉ុប​កាន់តែ​ច្រើន​នាំគ្នា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​លើ​ដែន​កោះ​នេះ ហើយ​សកម្មភាព​ការទូត​នេះ គឺជា​ការ​ប្រកាន់​ជំហរ​របស់​ប្រទេស​ទាំងនោះ​ប្រឆាំង​នឹង​លទ្ធិ​កុម្មុយនីស្ត​នៃ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ អ្នកស្រី​ប្រកាស​ទទួល​ស្វាគមន៍​ទាំងអស់​នូវ​ការ​មក​ធ្វើ​ទស្សនកិច្ច​របស់​ប្រតិភូ ទាំង​ប្រតិភូ​សភា និង​រដ្ឋាភិបាល។

ប្រតិភូ​សភា​អឺរ៉ុប ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មក​នេះ បាន​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ​របស់​តៃវ៉ាន់ ប្រៀប​ដូច​កំណប់​ទ្រព្យ​មួយ​ដែល​ត្រូវ​រួម​គ្នា​ជួយ​ការពារ។ ពួកគេ​សន្យា​ថា នឹង​គាំទ្រ​រដ្ឋាភិបាល​ដែន​កោះ​នេះ​ទប់ទល់​នឹង​សម្ពាធ​របស់​ទីក្រុង​ប៉េកាំង។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន (Tsai Ing-wen) បាន​និយាយ​ថា តៃវ៉ាន់ និង​ទ្វីប​អឺរ៉ុប ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ទប់ទល់​នឹង​លទ្ធិ​ផ្ដាច់ការ​និយម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

រដ្ឋាភិបាល​ចិន បាន​បង្កើន​សម្ពាធ​យោធា និង​ការទូត​លើ​រដ្ឋាភិបាល​តៃវ៉ាន់ ដើម្បី​ឲ្យ​តៃវ៉ាន់​ឯកភាព​តាម​ខ្លួន​ដែល​ថា តៃវ៉ាន់​គឺជា​ដែនដី​របស់​ខ្លួន និង​ដើម្បី​ដាក់​កំហិត​លើ​ការ​ចូលរួម​របស់​តៃវ៉ាន់​នៅ​លើ​ឆាក​អន្តរជាតិ។

ទោះជាយ៉ាងណា អ្នកស្រី សាយ អ៊ឹងវិន បាន​និយាយ​ប្រាប់​សមាជិក​សភា​ប្រទេស​តំបន់​សមុទ្រ​បាល់ទិច ថា តៃវ៉ាន់​នឹង​មិន​ខ្លបខ្លាច​ការ​គំរាមកំហែង​នេះ​ទេ ហើយ​តៃវ៉ាន់​នឹង​ការពារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​ជានិច្ច។

អ្នកស្រី សាយ អ៊ឹងវិន បាន​ប្រាប់​សមាជិក​សភា​ទាំងនោះ​ទៀត​ថា តៃវ៉ាន់ និង​ប្រទេស​ទាំង​៣ នេះ មាន​បទពិសោធន៍​ប្រហាក់ប្រហែល​គ្នា​នៃ​ការ​រំដោះ​ខ្លួន​ចេញពី​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ និង​ការ​តស៊ូ​ប្រយុទ្ធ​ដើម្បី​សេរីភាព៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស