26 C
Phnom Penh

លោក កឹម សុខា ថា​នឹង​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដើម្បី​ប្រទេស​ជាតិ​និង​ពលរដ្ឋ​តាម​ឆន្ទៈ​ស្មោះត្រង់​ពិតប្រាកដ

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ បាន​លើកឡើង​ថា លោក​នឹង​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដើម្បី​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ឱ្យ​អស់​ពី​លទ្ធភាព​តាម​អ្វី​ដែល​លោក​អាច​ធ្វើ​ទៅ​បាន តាម​កាលៈទេសៈ តាម​ឆន្ទៈ​ស្មោះត្រង់​ពិតប្រាកដ​ខ្លួនឯង​ជា​រៀង​រហូត។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ដើម្បី​ជួយ​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​សម្រាប់​សង្គម​ជាតិ​ដែល​កំពុង​ជាប់​គាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​នៅតែ​រក្សា​ជំហរ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ដដែល ហើយ​លោក​នឹង​មិន​ធ្វើ​តាម​អ្នក​ដែល​គំរាម ឬ​បង្ខំ​លោក​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា សកម្មភាព​នយោបាយ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មិន​ដែល​ចាត់ទុក​ស្មារតី «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» នោះ​ទេ ព្រោះ​សកម្មភាព​ទាំងនោះ​មិន​មាន​ការ​គាំទ្រ​ពី​រូបលោក ហើយ​ក៏​មិន​បាន​គាំទ្រ​នូវ​ជំហរ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។

មួយ​ថ្ងៃ​ក្រោយ​មក អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​លទ្ធផល​នៃ​ការ​គំរាមកំហែង​ពី​លោក ហ៊ុន សែន ដែល​ភ័យខ្លាច​ចំពោះ​ការ​ឯកភាព​គ្នា​នៃ​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ហើយ​ចាប់​យក​លោក កឹម សុខា ធ្វើជា​ចំណាប់ខ្មាំង​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន បាន​បង្ហាញ​របាយការណ៍​សកម្មភាព​ការងារ​របស់​លោក កឹម សុខា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ លើ​គណនី Facebook របស់​លោក ទាក់ទង​នឹង​សកម្មភាព​លើកស្ទួយ​ព្រះពុទ្ធសាសនា​តាម​បណ្តា​វត្តអារាម​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​បាត់ដំបង ខេត្ត​តាកែវ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ជាដើម។

លោក ចាន់ ចេន បញ្ជាក់​ថា ចំណែក​សកម្មភាព​ក្នុង​ការ​តស៊ូ​តាមផ្លូវ​នយោបាយ​ដើម្បី​ជាតិ​មាតុភូមិ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ជួប​ជាមួយ​អង្គទូត​តាម​បណ្តា​ប្រទេស​លោកសេរី​នានា​ជាច្រើន ដូចជា​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការ​នារី​នៃ​ប្រទេស​អូស្ត្រាលី ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប និង​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ជាដើម។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ថា បើ​ទោះបីជា​លោក​មិនទាន់​មាន​សេរីភាព​ពេញលេញ​ក៏ដោយ ក៏​បណ្តា​ប្រទេស​លោកសេរី​នៅតែ​ទទួលស្គាល់​អំពី​គុណតម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក ដែល​តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា លោក កឹម សុខា បាន​ពុះពារ​គ្រប់​ឧបសគ្គ​ជាច្រើន​ដើម្បី​លុបបំបាត់​គំនុំ​ព្យាបាទ​សងសឹក​រវាង​ខ្មែរ​និង​ខ្មែរ រវាង​បុគ្គល​និង​បុគ្គល ដោយ​ការ​ចាប់ផ្តើម​ពី​ខ្លួន​លោក​ផ្ទាល់ ក្នុង​ការ​ធ្វើជា​គំរូ​ដើម្បី​សម្របសម្រួល​នយោបាយ​ជាតិ ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​ខ្មែរ​ទាំងមូល​ទៅ​ថ្ងៃ​មុខ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស