26 C
Phnom Penh

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ខ្លួន​នឹង​បន្ត​តាម​ឃ្លាំមើល​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន និង​អភិរក្ស​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ថា​តើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធភាព និង​បាន​យូរ​អង្វែង​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​អះអាង​ថា ខ្លួន​ក៏​មាន​គោល​នយោបាយ​ការពារ និង​ស្ដារ​ឡើងវិញ​នូវ​បឹង​ធម្មជាតិ និង​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ទឹក សម្បូរ​ត្រី និង​សម្បូរ​ព្រៃ​ឡើងវិញ​ផង​ដែរ។ ដូច្នេះ ខ្លួន​ក៏​ចង់​ដឹង​ថា តើ​ផែនការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ នឹង​ជួយ​អ្វី​បាន​ខ្លះ​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេល​អនាគត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន អនុវត្ត​ផែនការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប កាលពី​ពេល​ថ្មីៗ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​កាប់​រាន​ព្រៃលិចទឹក​យក​ជា​កម្មសិទ្ធិ ដោយ​ប្រើ​កម្លាំង​ចម្រុះ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​ទាំងនោះ​ឱ្យ​បាន​ទាន់​ពេលវេលា។

លោក ហ៊ុន សែន ព្រមាន​ថា មន្ត្រី​ខិលខូច​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាប់​ទន្ទ្រាន​នៅ​បឹង​ទន្លេសាប ហើយ​ចង់​បាន​ការ​បន្ធូរបន្ថយ​ទោស ត្រូវ​ចូល​សារភាព​ទោស​កំហុស​ជាបន្ទាន់។ ក្នុង​ករណី​មិន​ចេញ​សារភាព​ទេ លោក​នឹង​បញ្ជា​ឱ្យ​ក្រុម​ដែល​ចេញ​ទៅ​អនុវត្ត​វិធានការ​នេះ​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ហើយ​ឈាន​ទៅ​រឹបអូស មិន​ត្រឹមតែ​ដីធ្លី​ដែល​ពួកគេ​បាន​ទន្ទ្រាន​នោះ​ទេ គឺ​រួម​ទាំង​ទ្រព្យសម្បត្តិ​ដែល​គេ​ទទួល​បាន​ពី​បទល្មើស​នេះ ក៏​នឹង​ត្រូវ​រឹបអូស​ថែម​ទៀត។

សកម្មភាព​ក្រុម​ការងារ​របស់​បណ្ឌិត សុខ ទូច ចុះ​ស្រាវជ្រាវ​នៅ​តំបន់​បឹង​ទន្លេសាប​នា​ពេល​កន្លង​មក។

កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​តំបន់​ទន្លេសាប ស្ថិតនៅ​ខេត្ត​ចំនួន​៦ រួម​មាន​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ក្នុង​នោះ​មាន​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​ធនធាន​ទឹក ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ដែនដី ដើម្បី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​នេះ​រួម​គ្នា។

កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​អះអាង​ថា ខ្លួន​បាន​សម្រេច​ដកហូត​ដី​ព្រៃលិចទឹក​ដែល​មាន​ការ​ទន្ទ្រាន​ជុំវិញ​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ មក​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​វិញ​ហើយ។ ចំណែក​អ្នក​ដែល​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ទាំងនោះ​មាន​លោក ឈួរ ច័ន្ទឌឿន អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ រួម​ទាំង​មន្ត្រី​យោធា មន្ត្រី​ចូល​និវត្តន៍ និង​ប្រជាពលរដ្ឋ​ដែល​ជា​ខ្សែ​បណ្ដាញ​របស់​លោក​សរុប​ចំនួន ១៣​នាក់។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា រដ្ឋាភិបាល​គួរតែ​បកស្រាយ​ប្រាប់​ប្រជាពលរដ្ឋ​ថា តើ​ហេតុ​អ្វី​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​អាច​រំលោភ​យក​ដី​ព្រៃលិចទឹក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ខណៈ​ខ្លួន​ជា​មន្ត្រី​រាជការ​ដែល​ត្រូវ​មាន​តួនាទី​ការពារ​ដី​របស់​រដ្ឋ​ទាំងនោះ។

លោក​លើកឡើង​ថា ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នេះ រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ឱ្យ​បាន​ជា​ប្រចាំ ហើយ​គួរ​កុំ​សម្ដែង​ធ្វើ​ឱ្យ​តែ​ល្អ​មើល​មួយ​ពេល។ លោក​ថា ករណី​នេះ​ត្រូវ​ស្រាវជ្រាវ និង​ដាក់​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ដែល​រំលោភ​យក​ដី​ព្រៃ​ទាំងនោះ ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេង​ទៀត​ផង​ដែរ។

អាជ្ញាធរ​ខេត្ត​សៀមរាប ចុះ​ត្រួតពិនិត្យ​តំបន់​ការពារ​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ)

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន ដោយ​លើក​ជា​សំណួរ​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា តើ​ជន​ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​ចូល​សារភាព នឹង​ត្រូវ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់ ឬ​យ៉ាង​ណា។

បឹង​ទន្លេសាប​ជា​អាង​ស្តុក​ទឹក​ធម្មជាតិ និង​មច្ឆជាតិ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​មាន​ទំហំ​ចំនួន ៣​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​រដូវប្រាំង និង​មាន​ទំហំ​ចំនួន ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​នៅ​រដូវវស្សា និង​មាន​ជាប់​ខេត្ត​ចំនួន​ប្រាំ​ដែល​រួម​មាន​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង ផង​ដែរ ដោយឡែក​ព្រៃរនាម​លិចទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ផ្ទៃ​ប្រមាណ​ជិត ២៥​ម៉ឺន​ហិកតារ​ដែល​ជា​ជម្រក​សម្រាប់​ត្រី​ពង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស