31 C
Phnom Penh

ប្រជា​សហគមន៍​អះអាង​ថា​ព្រៃឡង់​នឹង​វិនាស​នៅ​ឆ្នាំ​២០២២ បើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់​បទល្មើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​អះអាង​ថា ព្រៃឡង់​នឹង​វិនាស​ក្នុង​ឆ្នាំ​២០២២ ប្រសិនបើ​រដ្ឋាភិបាល​មិន​អើពើ​ទប់ស្កាត់ ខណៈ​សកម្មភាព​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​កើន​ឡើង​ខ្លាំង​យ៉ាង​គគ្រឹកគគ្រេង​ជាង​ពេល​កន្លងមក។

ការ​អះអាង​របស់​ប្រជា​សហគមន៍ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​ព្រៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ទីតាំង​ចំនួន ១០​កន្លែង​ផ្សេង​គ្នា​ក្នុង​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​បទល្មើស​ចំនួន ៣១០​ករណី។

សហគមន៍​ការពារ​ព្រៃឡង់​បាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង ១០​កន្លែង​ដែល​ពួកគេ​ចុះ​ល្បាត ហើយ​បាន​រក​ឃើញ​បទល្មើស​នោះ​មាន​ដូចជា តំបន់​ស្រុក​ចាស់ តំបន់​ភ្នំ​គគឹល តំបន់​ភ្នំ​ចោទ តំបន់​ស្រែចារ តំបន់​ជ្រាប់ស្វាយ តំបន់​អូរអាចម៍ដែក តំបន់​ជាំទូក តំបន់​ក្បាល​តាង៉ុត តំបន់​ក្បាលថ្នុង និង​ស្មាច់កោង ក្នុង​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

កំណាត់ឈើ​ដែល​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ ស្ថិត​ក្នុង​ព្រៃឡង់​ខេត្ត​ព្រះវិហារ។

សមាជិក​បណ្ដាញ​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ទីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ចន្ទ ទី​២៧ ធ្នូ នេះ​ថា ទោះបីជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​អនាធិបតេយ្យ​ក៏ដោយ ប៉ុន្តែ​គ្មាន​មន្ត្រី​អនុរក្ស​ណា​ម្នាក់​ចុះ​ទៅ​ស៊ើបអង្កេត និង​ទប់ស្កាត់​ទេ។ លោក​បន្ត​ថា បច្ចុប្បន្ន​ពួកគេ​បាន​ចុះ​ស៊ើបអង្កេត​ដោយ​រក​ឃើញ​ការ​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ជា​រៀងរាល់​ថ្ងៃ​ដោយ​មិន​មាន​ការ​ថមថយ​ឡើយ។

លោក ស្រី ទីន បញ្ជាប់​ថា បើសិនជា​ព្រៃឈើ​តំបន់​ព្រៃឡង់​នៅតែ​ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ហើយ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅតែ​មិន​អើពើ​ទប់ស្កាត់​បែប​នេះ លោក​ថា​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ទេ ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​មួយ​នេះ​នឹង​ត្រូវ​វិនាស​អស់​មិន​ខាន។

កាលពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០២១ ប្រជា​សហគមន៍​បណ្ដាញ​ព្រៃឡង់ បាន​រក​ឃើញ និង​ជួប​បទល្មើស​គោយន្ត ២៧​គ្រឿង (ដឹក​ឈើ​តាប់) ជួប​ឡាន​បង្គង (ឬ​ហៅ​ថា​អារ៉េវ) ចំនួន ៤​គ្រឿង ដែល​ស្ថិតនៅ​ទីតាំង​ចំនួន ៩​កន្លែង នៅ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បន្ទាប់ពី​ពួកគេ​ចុះ​ល្បាត​រយៈពេល ៤​ថ្ងៃ។

អំឡុង​ពេល​ចុះ​ល្បាត​នោះ ពួកគេ​បាន​ជួប និង​ឃើញ​ឈើ​ជាច្រើន​ដែល​ជនល្មើស​កាប់ ដឹកជញ្ជូន​នោះ​ភាគច្រើន​មុខកាត់​ធំៗ​មាន​មុខកាត់​ចន្លោះ​ពី ៤០​សង់ទីម៉ែត្រ​ទៅ ១១០​សង់ទីម៉ែត្រ ដោយ​ប្រភេទ​ដើម​ឈើទាល ស្រឡៅ ពពេល គគីរ ត្រាច ដូងចែម ផ្ដៀក លំបោរ ស្ទៀង។

កំណាត់ឈើ​ដែល​ក្រុម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ប្រទះ​ឃើញ​ពេល​ចុះ​ល្បាត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២១ ស្ថិត​ក្នុង​ព្រៃឡង់​ខេត្ត​ព្រះវិហារ។

កាលពី​ពេល​កន្លងមក លោក ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​នោះ ធ្លាប់​ប្រកាស​កាត់​ក​ខ្លួនឯង បើ​សិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិន​បាន។ ការ​ប្រកាស​នោះ​មិន​មាន​ប្រសិទ្ធភាព លោក ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​ជាតិ​មួយ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ដឹកនាំ​ដោយ​លោក សៅ សុខា អគ្គមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន។

ក្រោយ​បង្កើត​គណៈកម្មការ​ជាតិ​នោះ ក៏​មាន​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ មាន​ឧកញ៉ា​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ឧកញ៉ា គង់ គ្រឹង និង​ឧកញ៉ា ស៊ឹង សំអុល ហៅ​ខ្នា តែប៉ុណ្ណោះ ប៉ុន្តែ​ឧកញ៉ា​ផ្សេង​ទៀត​ដែល​ល្បី​កាប់​បំផ្លាញ និង​រកស៊ី​ឈើ​នៅ​កម្ពុជា​មួយ​ចំនួន​ទៀត មិន​ត្រូវ​បាន​តុលាការ​កោះហៅ និង​ចាប់​ខ្លួន​ឡើយ។

ព្រៃឡង់​ជា​ព្រៃ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់ និង​កំណត់​ជា​តំបន់​ការពារ​នៅ​ក្នុង​ឆ្នាំ​២០១៦ ដោយ​មាន​ផ្ទៃដី​ប្រមាណ ៥០​ម៉ឺន​ហិកតារ ដោយ​គ្របដណ្ដប់​នៅ​ខេត្ត​ចំនួន​៤ ក្នុង​នោះ​មាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។ ទោះបីជា​ព្រៃឡង់​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​តំបន់​ការពារ​ក្ដី ប៉ុន្តែ​ព្រៃឈើ​នៅ​ក្នុង​តំបន់​នោះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រក​ឃើញ​បទល្មើស​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាបន្តបន្ទាប់។

របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Copenhagen ប្រទេស​ដាណឺម៉ាក បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៩ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឡង់​កើន​ឡើង​ជាង ៧០% បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​មុនៗ។ ការ​សិក្សា​នេះ ឱ្យ​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ ព្រៃឡង់​បាត់បង់​អស់​ប្រមាណ​ជាង ៤​ម៉ឺន ៧​ពាន់​ហិកតារ (៤៧៤០០​ហិកតារ)។

ក្រោយ​ពី​បទល្មើស​នៅតែ​កើត​មាន​នោះ នៅ​ខែ​មិថុនា ឆ្នាំ​២០២១ នេះ សហរដ្ឋ​អាមេរិក​បាន​ផ្តាច់​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា លើ​គម្រោង «ព្រៃឡង់​បៃតង» ឆ្លើយតប​ទៅ​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​បាន​បិទ​ខ្ទប់​សំឡេង និង​សកម្មភាព​របស់​សកម្មជន​ការពារ​ព្រៃឈើ​មិន​ឱ្យ​ចូល​ល្បាត​បទល្មើស​នៅ​តំបន់​ព្រៃឡង់ ខណៈ​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ​នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស