25 C
Phnom Penh

ចក្រភព​អង់គ្លេស​ប្រកាស​តាមដាន​សវនាការ​និង​សេរីភាព​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង

បទវិភាគ

ចក្រភព​អង់គ្លេស ប្រកាស​ជា​សាធារណៈ​ថា នឹង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ដំណើរការ​សវនាការ និង​សេរីភាព​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​រួម​ចំណែក​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី អ្នកស្រី Amanda Milling បាន​សរសេរ​នៅ​លើ​ទំព័រ Twitter ផ្ទាល់ខ្លួន​របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​១១ មករា បន្ទាប់ពី​ជំនួប​ជាមួយ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថា អ្នកស្រី​ពិតជា​រីករាយ​ដែល​បាន​ជួប​លោក កឹម សុខា ដើម្បី​និយាយ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។

អ្នកស្រី​សរសេរ​ថា ទាំង​អ្នកស្រី និង​លោក កឹម សុខា សុទ្ធតែ​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​សន្តិភាព វិបុលភាព និង​លទ្ធិប្រជាធិបតេយ្យ ហើយ​អ្នកស្រី​បាន​ពិភាក្សា​អំពី​ភាព​ចាំបាច់​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​អំពី​វិធី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​មាន​ឥទ្ធិពល។

ទោះ​យ៉ាងណា អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ចក្រភព​អង់គ្លេស ជា​រឿង​ធម្មតា ដោយសារតែ​បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​តាមដាន និង​សង្កេត​ទៅ​លើ​ដំណើរការ​នៃ​នីតិវិធី​របស់​តុលាការ​ដោយ​គ្មាន​ការ​រារាំង។

អ្នក​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា វិធានការ​ច្បាប់​ដែល​ច្បាប់​ចាត់ទុក​ថា​ជា​អំពើ​នៃ​បទល្មើស ហើយ​តាមរយៈ​នីតិវិធី​របស់​តុលាការ នោះ​ជា​ដំណើរការ​យន្តការ​ផ្លូវច្បាប់​ជា​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយ​សង្គម​ប្រជាធិបតេយ្យ​ណា​ក៏​គេ​ធ្វើ​ដូច្នេះ​ដែរ។ លោក​បន្ត​ថា ករណី​នេះ​ជា​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ នីតិរដ្ឋ មិន​មែន​ជា​ការ​បន្ទច់បង្អាក់ ឬ​ការ​រារាំង​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នោះ​ទេ។

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ថ្លែង​ថា សហគមន៍​អន្តរជាតិ​ដឹង​ច្បាស់​ថា​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ និង​នៅតែ​បង្ក​ឧបសគ្គ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដំណើរការ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ លោក​ថា ក្នុង​ក្រសែភ្នែក​អន្តរជាតិ ទាំង​រដ្ឋមន្ត្រី​អង់គ្លេស ទំនង​ជា​បង្ហាញ​នូវ​សេចក្ដី​សង្ឃឹម​ខ្ពស់​លើ​លោក កឹម សុខា ជាង​អ្នក​ណា​ទាំងអស់​ក្នុង​ការ​ជ្រោមជ្រែង​កសាង​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​ថា សារ​របស់​រដ្ឋមន្ត្រី​អង់គ្លេស ក៏​ជា​ការ​លើក​ទឹកចិត្ត​លោក កឹម សុខា ឲ្យ​រក្សា​ស្មារតី​តស៊ូ​ប្រឹងប្រែង​មិន​រាថយ​ផង​ដែរ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ជាន់ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ដែល​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកស្រី Amanda Milling ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នេះ ក្រុម​សង្គម​ស៊ីវិល​បាន​លើកឡើង​ពី​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា លោក​បាន​លើក​នូវ​អ្វី​ដែល​ជា​កង្វល់ និង​ការ​ព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ខាង​ផ្នែក​សិទ្ធិមនុស្ស ផ្នែក​តស៊ូ​មតិ និង​គោលនយោបាយ​ផ្សេងៗ។ លោក​ទទូច​ឱ្យ​អង់គ្លេស លើក​បញ្ហា​ទាំងអស់​នេះ​ទៅ​រដ្ឋាភិបាល ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា និង​រក​ដំណោះស្រាយ។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល កន្លងមក​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ។ លោក កឹម សុខា ត្រូវ​ចូល​ទៅ​កាន់​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ៨​កន្លះ​ព្រឹក។

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​លោក ស្ថិតនៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ចោទ​ថា​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ «ក្បត់​ជាតិ» ឃុបឃិត​ជាមួយ​បរទេស​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល។

លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង ១​ឆ្នាំ ទើប​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ។ លោក​ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ទាំងស្រុង​ជាង ៤​ឆ្នាំ​មក​ហើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស