31 C
Phnom Penh

មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា​ប្រកាស​ដឹកនាំ​បាតុកម្ម​ដាក់​គំនាប​លោក ម៉ាឌូរ៉ូ វិល​មក​រក​តុ​ចរចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​បក្ស​ប្រឆាំង Juan Guaido បាន​អំពាវនាវ​ឱ្យ​ប្រជាជន​វេណេហ្ស៊ុយអេឡា ចេញ​ទៅ​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​ផ្លូវ​នានា​នៅ​រដ្ឋធានី Caracas នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ប្រធានាធិបតី លោក Nicolas Maduro ដែល​ជា​ការ​ដាក់​គំនាប​លើ​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ឱ្យ​វិល​ទៅ​រក​តុ​ចរចា​វិញ បើ​ពុំនោះទេ ប្រទេស​នឹង​ធ្លាក់​ក្នុង​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​កាន់តែ​ធ្ងន់​ថែម​ទៀត។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា នេះ។

លោក Juan Guaido បាន​ចេញ​សេចក្តី​អំពាវនាវ​នេះ ខណៈ​លោក​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​រៀបចំ​ឡើង​ដើម្បី​រំឭក​ខួប​នៃ​ការ​បញ្ចប់​របប​យោធា​ផ្ដាច់ការ​ឆ្នាំ​១៩៥៨ កាលពី​ថ្ងៃ​ទី​២៣ មករា។

មេ​បក្ស​ប្រឆាំង​ដ៏​សកម្ម​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា បណ្តា​បក្ស​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា ចាំបាច់​ត្រូវ​រួម​សាមគ្គី​គ្នា​ឡើងវិញ ហើយ​ត្រៀម​លក្ខណៈ​ចាប់ពី​ពេលនេះ​តទៅ​នៅ​ចំពោះ​មុខ​ការ​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០២៤។

មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា​រូប​នេះ​ព្រមាន​លោក ម៉ាឌូរ៉ូ ថា​អាច​នឹង​បន្ត​រង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត បើ​មិន​ត្រឡប់​មក​រក​តុ​ចរចា​ឡើងវិញ។

ការ​ស្ម័គ្រចិត្ត​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អាច​នឹង​មាន​ទម្ងន់​ធ្ងន់ធ្ងរ​ជាង​មុន ប្រសិនបើ​គណបក្ស​កាន់​អំណាច​មិនព្រម​ត្រឡប់​មក​រក​តុ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​វិញ​ទេ​នោះ។ នេះ​បើ​តាម​លោក Juan Guaido។

កាលពី​ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ក្រុម​ប្រតិភូ​មកពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បាន​សម្រេច​ចិត្ត​ដើរ​ចេញពី​តុ​ចរចា បន្ទាប់ពី​មនុស្ស​ជំនិត​ម្នាក់​របស់​លោក ម៉ាឌូរ៉ូ គឺ​លោក Alex Saab ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស Cape Verde ធ្វើ​បត្យាប័ន​ទៅ​កាត់ទោស​នៅ​សហរដ្ឋ​អាមេរិក​ពី​បទ​លាង​លុយ​កខ្វក់ និង​ពី​បទ​រត់ពន្ធ​គ្រឿងញៀន។

គណបក្ស​ប្រឆាំង​បាន​ស្នើ​ជាច្រើនលើក​មក​ហើយ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ម៉ាឌូរ៉ូ ត្រឡប់​មក​រក​តុ​ចរចា​វិញ គឺ​ចំ​ពេល​អាមេរិក​បង្ហាញ​ពី​ចេតនា​បន្ធូរបន្ថយ​ទណ្ឌកម្ម ប្រសិនបើ​មាន​ការ​ផ្លាស់ប្ដូរ​នយោបាយ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា។ តែ​ស្រប​ពេល​ជាមួយ​គ្នា ទណ្ឌកម្ម​បន្ថែម​ទៀត​កំពុង​ស្ថិតនៅ​ក្រោម​ការ​ពិចារណា​ដែល​ក្រុង​វ៉ាស៊ីនតោន ក្រោម​រដ្ឋការ​លោក ចូ បៃដិន ព្រមាន​ថា​នឹង​បន្ថែម​ទណ្ឌកម្ម បើ​របប​ដឹកនាំ​របស់​លោក ម៉ាឌូរ៉ូ មិន​កែប្រែ​ជំហរ​របស់​ខ្លួន​ដោយ​បើក​ឱ្យ​មាន​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក Juan Guaido បាន​បញ្ជាក់​ថា ប្រសិនបើ​ក្រុម​រដ្ឋាភិបាល​មិនព្រម​មក​អង្គុយ​តុ​ចរចា​សាជាថ្មី គឺ​ចាប់ពី​ថ្ងៃ​ទី​១២ កុម្ភៈ ទៅ នឹង​មាន​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ ដែល​ជា​គំនាប​លើ​លោក ម៉ាឌូរ៉ូ។

ប្រទេស​លោក​ខាងលិច​ជាច្រើន​នៅតែ​បង្ហាញ​ការ​គាំទ្រ​លោក Guaido ជា​មេដឹកនាំ​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា។

សម្រាប់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ទទួលស្គាល់​លោក Guaido ជា​មេដឹកនាំ​ស្រប​ច្បាប់​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​ក្រុង​វ៉ាស៊ីនតោន ចាត់ទុក​លោក​ជា​ប្រមុខ​រដ្ឋ​ស្ដីទី​ក្រោយពី​អាមេរិក​ចោទប្រកាន់​ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ករណី​លួច​បន្លំ​សន្លឹកឆ្នោត​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៨ ដែល​ពលរដ្ឋ​ត្រឹមតែ ៤០% ប៉ុណ្ណោះ​ចេញ​ទៅ​បោះឆ្នោត។

ចាប់តាំង​ពី​វិបត្តិ​នយោបាយ​ផ្ទុះ​ខ្លាំង​នៅ​ឆ្នាំ​២០១៧ ប្រទេស​ដែល​សម្បូរ​ប្រេង​លំដាប់​ទី​៤ នៃ​ពិភពលោក បាន​ធ្លាក់​ក្នុង​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក និង​អង់គ្លេស។ ការ​ដាក់​ទណ្ឌកម្ម​នេះ បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ដោយ​រុញ​ឱ្យ​ប្រជាជន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​មាន​ជាង ៣​លាន​នាក់ ហើយ​ជនភៀសខ្លួន​ដែល​រត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ទៅ​ជ្រកកោន​នៅ​ប្រទេស​ជិតខាង​រាប់​សែន​នាក់ ខណៈ​អ្នកទោស​នយោបាយ​រាប់​រយ​នាក់​កំពុង​រង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ។

ក្រុម​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ កំពុង​បើក​ការ​ស៊ើបអង្កេត​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋអំណាច​លោក ម៉ាឌូរ៉ូ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស