31 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​មេ​រដ្ឋប្រហារ​យោធា​ភូមា​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​និង​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ស្នើ​ដល់​មេ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​លើ​គ្រប់​ភាគី ហើយ​រក្សា​ភាព​អត់ធ្មត់ ជាពិសេស​គឺ​អនុវត្ត​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ចំនួន ៥​ចំណុច​ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ឯកភាព​គ្នា​កាលពី​ខែ​មេសា ឆ្នាំ​២០២១។

នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជាមួយ​មេ​រដ្ឋប្រហារ​យោធា​នៅ​ភូមា លោក មីន អ៊ុងឡាំង តាមរយៈ​ប្រព័ន្ធ​វីដេអូ​នា​ថ្ងៃ​ទី​២៦ ខែ​មករា នេះ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក ហ៊ុន សែន មាន​ការ​ព្រួយបារម្ភ​ចំពោះ​អំពើ​ហិង្សា​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​ភូមា កាលពី​ថ្ងៃ​ទី​៧-៨ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ​នេះ​នៅតែ​បន្ត​កើតមាន​ឡើង។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មករា នេះ​ថា ការ​ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក មីន អ៊ុងឡាំង មេដឹកនាំ​យោធា​ប្រទេស​ភូមា ដើម្បី​បន្ត​ពិភាក្សា​រក​ដំណោះស្រាយ​លើ​វិបត្តិ​នៅ​ភូមា។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​មេ​រដ្ឋប្រហារ​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២។ (រូបភាព​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

លោក ហ៊ុន សែន ស្នើសុំ​លោក មីន អ៊ុងឡាំង នូវ ៤​ចំណុច​សំខាន់ៗ​ដោយ​ខិតខំ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ចំនួន ៥​ចំណុច​នោះ ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ឯកភាព​គ្នា​កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ។ លោក​ស្នើ​ឱ្យ​លោក មីន អ៊ុងឡាំង បង្ក​លក្ខណៈ​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​អាច​ទៅ​ទស្សនកិច្ច​នៅ​ភូមា​ជា​លើកដំបូង​នា​ពេល​ខាងមុខ​នេះ។ លោក ហ៊ុន សេន អំពាវនាវ​ភាគី​ទាំងអស់ រួម​ទាំង​ភាគី​មេដឹកនាំ​យោធា​ភូមា ត្រូវតែ​បញ្ឈប់​អំពើ​ហិង្សា និង​ឈាន​ឆ្ពោះ​ទៅ​មាន​បទ​ឈប់​បាញ់​នា​ពេល​ខាងមុខ​នេះ​ជាដើម។

មេដឹកនាំ​ដែល​តែងតែ​ប្រើ​កណ្ដាប់ដៃ​ហិង្សា​កម្ទេច​ដៃគូ​នយោបាយ លោក ហ៊ុន សែន បាន​ស្នើ​មេដឹកនាំ​រដ្ឋប្រហារ​យោធា លោក មីន អ៊ុងឡាំង ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ដល់​ប្រជាជន​ប្រទេស​ភូមា ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស