31 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ សេណារីយ៉ូ​ធំៗ​ពីរ​ទប់​អំណាច​ត្រកូល​ហ៊ុន​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​លើក​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​កាន់តែ​ឆាប់​ដូច​ដែល​លោក ហ៊ុន សែន ធ្វើ​សព្វថ្ងៃ​នេះ គឺ​មាន​សេណារីយ៉ូ​ធំៗ​ពីរ ដើម្បី​ជួយ​ទប់​អំណាច​ត្រកូល ហ៊ុន គឺ​លោក ហ៊ុន សែន ព្យាយាម​ក្តោប​ក្តាប់​កងកម្លាំង​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ជាតិ​ឱ្យ​បាន​ទាំងស្រុង និង​សម្បទាន​ទ្រព្យសម្បត្តិ​ជាតិ​កាន់តែ​ច្រើន​ឱ្យ​ទៅ​វៀតណាម និង​សម្បទាន​នយោបាយ​ការបរទេស​គ្រប់​បែប​យ៉ាង​ឱ្យ​ទៅ​មិត្ត​ដែកថែប​ចិន តាម​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​មករា នេះ​ថា ការ​លើក​កូនប្រុស​ខ្លួនឯង​ឱ្យ​ឆាប់​ឡើង​កាន់​អំណាច គឺជា​នយោបាយ​ឆ្លាតវៃ​បំផុត​សម្រាប់​ផលប្រយោជន៍ និង​អំណាច​គ្រួសារ​លោក ហ៊ុន សែន ប៉ុន្តែ​ផលប្រយោជន៍​ប្រទេស​ជាតិ​នឹង​រលាយ​ហិនហោច​កាន់តែ​ឆាប់​ផង​ដែរ។

លោក គឹម សុខ លើកឡើង​ថា ការ​ដឹកនាំ​ប្រទេស​តាម​របៀប​លោក ហ៊ុន សែន ក្នុង​ការ​ផ្ទេរ​អំណាច​ស្នង​ត្រកូល​បែប​នេះ គឺជា​វិធី​នៃ​ការ​កម្ទេច​មូលដ្ឋាន​នៃ​ការ​រីក​លូតលាស់​របស់​ប្រទេស​ជាតិ​ទាំងស្រុង ជាពិសេស​គឺ​ការ​នាំ​កម្ពុជា​ទៅ​រក​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​តែម្តង ព្រោះ​ថា​អំណាច​ដែល​គ្រួសារ​លោក ហ៊ុន សែន កំពុង​ក្ដោបក្ដាប់ គឺជា​អំណាច​ដែល​បាន​មកពី​ការ​ដោះដូរ​វាសនា​ប្រទេស​ជាតិ​ជាមួយ​បរទេស​ប៉ុណ្ណោះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន)

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ការ​នាំ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ទៅ​ជួប​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា ការ​ទទួលទាន​អាហារ​ជាមួយ​ប្រធានាធិបតី​វៀតណាម នៅ​គេហដ្ឋាន​របស់​ខ្លួន ទៅ​ជួប​ប្រធានាធិបតី​ចិន គឺជា​យុទ្ធសាស្ត្រ​ណែនាំ​លោក ហ៊ុន ម៉ាណែត ឱ្យ​មេដឹកនាំ​ប្រទេស​ទាំងនោះ​ទទួលស្គាល់ ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ស្វាគមន៍​វិធីសាស្ត្រ​របស់​លោក ហ៊ុន សែន បែប​នេះ​ឡើយ។

លោក គឹម សុខ បាន​អះអាង​ធ្វើឡើង​ដើម្បី​រិះគន់​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា ដែល​កំពុង​ព្យាយាម​ផ្ទេរ​អំណាច​ទៅ​កូនប្រុស​បង្កើត​របស់​ខ្លួន​តាមរយៈ​ធ្វើ​នយោបាយ​រណប​បរទេស​ដូច​ដែល​ខ្លួន​ធ្លាប់​អនុវត្ត​ជាង ៤០​ឆ្នាំ​មក​នេះ។

អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹងសម្បា ដូចជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ប្រឆាំង ការ​ជំពាក់​បំណុល​ចិន និង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​លោកសេរី​នៅ​ពេលនេះ ជាដើម គឺជា​ផលវិបាក​យ៉ាង​ធំធេង​សម្រាប់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​គំរាម​មន្ត្រី​ក្នុង​បក្ស​របស់​ខ្លួន​ថា អ្នក​ដែល​ចង់​ដណ្តើម​តំណែង​ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ពី​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​ព្រមាន​ថា អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​មាន​ជីវិត​រស់នៅ​ដែរ ហើយ​សង្គ្រាម​ច្បាស់​ជា​នឹង​ផ្ទុះឡើង​ជាមិនខាន។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ដើម្បី​ការ​ផ្ទេរ​អំណាច​របស់​ខ្លួន​បាន​ជោគជ័យ លោក ហ៊ុន សែន ប្រឹងប្រែង​ខ្លាំង​ណាស់​ក្នុង​ការ​ណែនាំ​ឱ្យ​មេដឹកនាំ​ចិន ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត។ ជាង​នេះ​ទៅ​ទៀត កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន ក៏​បាន​អញ្ជើញ​មេដឹកនាំ​វៀតណាម ទៅ​ទទួលទាន​អាហារ​នៅ​គេហដ្ឋាន​របស់​ខ្លួន​ជាមួយ​កូនប្រុស​ទាំង​បី​របស់​គាត់ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ការ​ជួបជុំ​ដើម្បី​ផ្តាំផ្ញើ​ទៅ​មេដឹកនាំ​វៀតណាម ឱ្យ​ជួយ​ជ្រោមជ្រែង​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ទៅ​ថ្ងៃ​មុខ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស