31 C
Phnom Penh

កម្ពុជា-វៀតណាម​ឯកភាព​គ្នា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ ដើម្បី​បន្ត​សហការ​កសាង​ខ្សែ​ព្រំដែន​សន្តិភាព និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ថា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ផាម ម៉ីញជីង បាន​ជួប​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន តាម​ទូរស័ព្ទ​ដើម្បី​ជូនពរ​មេដឹកនាំ​កម្ពុជា​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់។

ប្រភព​ដដែល​អះអាង​ថា មេដឹកនាំ​កម្ពុជា និង​មេដឹកនាំ​វៀតណាម បាន​ឯកភាព​គ្នា​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ថែរក្សា និង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ក្នុង​នាម​ជា​មិត្ត​ជិតខាង​ល្អ​ជា​ប្រពៃណី ដោយ​ការ​ធ្វើ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម ចំពោះ​សន្តិសុខ ព្រមទាំង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ទាំង​ពីរ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​វៀតណាម បាន​សម្ដែង​មោទកភាព​យ៉ាង​ខ្លាំង​ចំពោះ​ស្នាដៃ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ ឆ្នាំ​១៩៧៨ ដែល​បាន​វាយ​ផ្តួល​រំលំ​របប ប៉ុល ពត ដើម្បី​សង្គ្រោះ​ប្រជាជន​ខ្មែរ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ កន្លងទៅ។

ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្នុង​គំនាប​នយោបាយ​របស់​វៀតណាម ចាប់តាំង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​រដ្ឋការ​ក្រុង​ហាណូយ លើក​បន្តុប​តាំងពី​ឆ្នាំ​១៩៨៥ មក។

កម្ពុជា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បន្ទាប់ពី​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ ត្រូវ​គេ​មើល​ឃើញ​ថា​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​ចូល​ដៃ​ជាមួយ​រដ្ឋការ​ក្រុង​ហាណូយ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សន្ធិសញ្ញា និង​ឯកសារ​ខុស​ច្បាប់​គ្រប់​បែប​យ៉ាង ដែល​សុទ្ធសឹងតែ​ជា​លក្ខខណ្ឌ​ក្នុង​ការ​កាត់​ទឹកដី និង​ដាក់​អធិបតេយ្យភាព​របស់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ទាំងស្រុង។

ក្នុង​នោះ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាច្រើន​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដូចជា៖

  • កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២
  • សារាចរ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម អាច​ចូល​កម្ពុជា​ទាំង​ខុសច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៨៦
  • កិច្ចព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៣
  • និង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាដើម។

ជាង​នេះ​ទៀត លោក ហ៊ុន សែន បាន​សហការ​ជាមួយ​វៀតណាម កែប្រែ​ផែនទី​បោន​ខ្នាត ១/១០០.០០០ (១ លើ ១០០​ពាន់) ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទៅជា​ផែនទី​ខុសច្បាប់​ថ្មី​ខ្នាត ១/២៥.០០០ (១ លើ ២៥​ពាន់) តាម​ការ​ចង់​បាន​របស់​វៀតណាម​ថែម​ទៀត។ បន្ថែម​ពី​នេះ ផែនទី​នេះ​ក៏​ត្រូវ​បាន​បោះពុម្ព​នៅ​ប្រទេស​វៀតណាម ផង​ដែរ។

ក្រៅពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុសច្បាប់ និង​កែប្រែ​ផែនទី​របស់​ខ្លួន​តាម​ការ​ចង់​បាន​របស់​វៀតណាម លោក ហ៊ុន សែន ក៏​បាន​ដាក់​ខេត្ត​៤ របស់​ខ្មែរ ដូចជា​ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​ខេត្ត​ក្រចេះ ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម​ថែម​ទៀត ដែល​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ព្រោះ​ថា​ខេត្ត​ទាំង​៤ ក្នុង​តំបន់​កន្ទុយ​នាគ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម​ចេញ​ចូល និង​រស់នៅ​ដោយ​សេរី។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ខុសច្បាប់​ទាំងនេះ រដ្ឋាភិបាល​វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ដូចជា​ចង្កោម​កោះ​ក្រចកសេះ គ្រប់គ្រង​ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃសមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អគ្គលេខាធិការ​មជ្ឈិម​បក្ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូទ្រង់ ធ្លាប់​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ​បន្ត​ទៀត ខណៈ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន មិន​បាន​បដិសេធ​នឹង​សំណើ​របស់​មេដឹកនាំ​វៀតណាម​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស