32 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជ្រើសរើស​ទ័ព​ជាង​៣០០​នាក់​សម្រាប់​ការពារ​ដែន​អាកាស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជ្រើសរើស​កងទ័ព​ជាង ៣០០​នាក់​សម្រាប់​ការពារ​ដែន​អាកាស​កម្ពុជា ដោយ​មិន​ចាំបាច់​ប្រើ​យន្តហោះ​ចម្បាំង​នោះ​ទេ ហើយ​កម្ពុជា​មិន​មាន​ការ​ចាំបាច់​ត្រូវ​បាញ់​នរណា​ម្នាក់​នោះ​ដែរ។

លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​អេ (A) ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆ្នាំ​សិក្សា​២០២០-២០២១ សរុប ១៧៥៣​នាក់ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ថា កន្លងទៅ​មាន​ការ​អត្ថាធិប្បាយ​ខ្លះ​លើកឡើង​ថា កម្ពុជា​ខ្វះ​យន្តហោះ​ចម្បាំង ខ្វះ​នាវាមុជទឹក។ លោក ហ៊ុន សែន ថា​កម្ពុជា​មិន​ចាំបាច់​ប្រើ​យន្តហោះ​ចម្បាំង​នោះ​ទេ ព្រោះ​មិន​មាន​ការ​ចាំបាច់​ត្រូវ​បាញ់​នរណា ប៉ុន្តែ​លោក​ថា​អ្វី​ដែល​គួរ​មាន គឺ​សំណាញ់​មេឃ ឬ​កម្លាំង​ការពារ​អាកាស​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី បាន​លើកឡើង​ថា លោក​និយាយ​ឱ្យ​ច្បាស់ លោក​ទើប​នឹង​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​បង្កើត​ឱ្យ​រើស​កងទ័ព​ចំនួន​ជាង ៣០០​នាក់​សម្រាប់​តែ​ផ្នែក​បំពេញ​បន្ថែម​ឱ្យ​ការពារ​ដែនអាកាស។

លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា កម្ពុជា​មិន​មាន​ការ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​នេះ​ទេ ហើយ​លោក​ចង់​ប្រើប្រាស់ «សំណាញ់​មេឃ» វិញ។ ពាក្យ​ថា​សំណាញ់​មេឃ​នេះ គឺ​លោក​ចង់​មាន​ន័យ​ថា «កម្លាំង​ការពារ​ដែនអាកាស​ពី​ខាងក្រោម»។ លោក​អះអាង​ថា មាន​មនុស្ស​ខ្លះ​នៅតែ​មិន​យល់ ហើយ​មិន​ព្រម​ឈ្វេងយល់​ពី​អ្វី​ដែល​លោក​ចង់​និយាយ​នោះ​ឡើយ។

លោក ហ៊ុន សែន បន្ថែម​ថា លោក​ធ្លាប់​ដឹង​ហើយ​ពី​ប្រសិទ្ធភាព​របស់​យន្តហោះ​ចម្បាំង ខណៈ​នៅ​សម័យ​រដ្ឋ​កម្ពុជា​ក៏​មាន​ដែរ តែ​មិន​ដែល​ប្រើ​ឡើយ។ លោក​ថា​យន្តហោះ​មិច កម្ពុជា​មិន​ប្រើ​ទេ ពីព្រោះ​នៅ​ក្នុង​អតីត​រដ្ឋ​កម្ពុជា​មាន​យន្តហោះ​មិច​នេះ​រាប់​សិប​គ្រឿង។

ការ​អះអាង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ហាក់​ប្រតិកម្ម​ទៅ​ដល់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ថ្លែង​ក្នុង​បទ​បង្ហាញ​មួយ​នៅ​រាជបណ្ឌិត្យសភា​ក្នុង​រាជធានី​ភ្នំពេញ​កន្លងមក ក្រោម​ប្រធានបទ «នយោបាយ​ការបរទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន»។ នៅ​ក្នុង​បទ​បង្ហាញ​នោះ បណ្ឌិត សុខ ទូច បាន​អះអាង​ថា បើ​កម្ពុជា​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ តើ​នឹង​មាន​ប្រទេស​ណា​ជួយ​កម្ពុជា បើ​សិន​មាន​អ្នក​ញុះញង់​វៀតណាម​ឱ្យ​វាយលុក​ចូល​កម្ពុជា។

លោក​បន្ត​ថា បើសិន​មាន​ការ​លុកលុយ​ពី​ប្រទេស​ដទៃ គឺ​កម្ពុជា​ខ្វះ​លទ្ធភាព​ទប់ទល់​ចំនួន ៤​ចំណុច បើ​ធៀប​ទៅ​នឹង​ប្រទេស​ជិតខាង គឺ​កម្ពុជា​គ្មាន​នាវាមុជទឹក គ្មាន​យន្តហោះ​ចម្បាំង គ្មាន​កាតព្វកិច្ច​ចូល​បម្រើ​កងទ័ព ហើយ​រីឯ​កងទ័ព​ដែល​កម្ពុជា​មាន​វិញ គឺ​សម្បូរ​ដោយ​ឧត្តមសេនីយ៍​ក្បាល​ពោះធំ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ទាត់​ចោល​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ដោយ​អះអាង​ថា ការ​អត្ថាធិប្បាយ​នេះ​មិន​តំណាង​ឱ្យ​នយោបាយ​ការបរទេស​កម្ពុជា​នោះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ដោយ​មិន​អនុវត្ត​នយោបាយ​ការបរទេស​ផ្អែក​លើ​កម្លាំង​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ កន្លងមក រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ក្រសួង​ការពារ​ជាតិ ជ្រើសរើស​ពលទាហាន​ចំនួន ៤៧​នាក់ ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​កងឯកភាព​សម្រាប់​ក្រុង​បូកគោ ខេត្ត​កំពត ដែល​ទើប​បង្កើត​ថ្មី ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ថា​នឹង​គ្មាន​ការ​ជ្រើសរើស​បុគ្គលិក​មន្ត្រី​រាជការ​ក្របខ័ណ្ឌ​ថ្មី​នោះ​ទេ​សម្រាប់​ឆ្នាំ​២០២១ កន្លងទៅ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស