26 C
Phnom Penh

ចិន​អាច​បាត់​សម្ព័ន្ធមិត្ត​មួយ​ទៀត​នៅ​អាស៊ី​ខាងត្បូង ខណៈ​ប្រទេស​នោះ​កំពុង​រើ​ខ្លួន​ពី​មេដឹកនាំ​អាយ៉ង​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​មួយ​ខែ​មក​ហើយ​ដែល​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​ការ​បះបោរ ខណៈ​ប្រជាជន​នៃ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ទាមទារ​ឲ្យ​មេដឹកនាំ​របស់​ខ្លួន គឺ​ត្រកូល Rajapaksa បោះបង់​អំណាច​ចោល ព្រោះ​តែ​ត្រកូល​មួយ​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​ប្រទេស​ស្រីលង្កា ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ក្រោម​បំណុល​បរទេស​រាប់​ពាន់​លាន​ដុល្លារ ជាពិសេស​គឺ​នៅ​ក្រោម​បំណុល​របស់​ចិន។

បាតុករ​រាប់​ម៉ឺន​នាក់​ចោទ​ថា ត្រកូល Rajapaksa ជា​មេដឹកនាំ​ដែល​បណ្ដោយ​ឲ្យ​មាន​អំពើ​ពុករលួយ​សុសសាយ​នៃ​សង្គម​ស្រីលង្កា។

ប្រធានាធិបតី​របស់​ប្រទេស​នេះ គឺ​លោក Gotabaya Rajapaksa និង​លោក Mahinda Rajapaksa ជា​នាយករដ្ឋមន្ត្រី គឺ​បងប្អូន​ទាំង​ពីរ​នាក់​នេះ​បាន​បន្ត​កាន់​អំណាច​កំពូល​របស់​ប្រទេស​ស្រីលង្កា ពី​បង​ទៅ​ប្អូន ពី​ប្អូន​មក​បង​រយៈពេល ២០​ឆ្នាំ​មក​ហើយ។

នៅ​ថ្ងៃ​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា សង្គម​ស្រីលង្កា​ទាំងមូល​កំពុង​វិវឌ្ឍ គឺ​ប្រជាជន​គ្រប់​និន្នាការ​ទាំងអស់​បាន​ចេញ​ដើរ​តាម​ដងផ្លូវ ដោយ​បន្ត​ទាមទារ​ឲ្យ​បញ្ចប់​អំណាច​ត្រកូល Rajapaksa ជាបន្ទាន់ ដោយ​បាតុករ​ស្រែក​ថា ត្រកូល Rajapaksa លែង​សម​ជា​អ្នក​ដឹកនាំ​ប្រទេស​ស្រីលង្កា ទៀត​ហើយ។

បាតុករ​ប្រាប់​ទៅ​លោក​ប្រធានាធិបតី Gotabaya និង​នាយករដ្ឋមន្ត្រី Mahinda ថា ប្រជាជន​ស្រីលង្កា មិន​អាច​គាំទ្រ​ត្រកូល​មួយ​នេះ​ជា​អ្នក​ស្រោចស្រង់​សេដ្ឋកិច្ច​បាន​ទៀត​នោះ​ទេ ព្រោះ​សេដ្ឋកិច្ច និង​បំណុល​វ័ណ្ឌក​មកដល់​ពេលនេះ គឺ​ដោយសារ​តែ​ត្រកូល​មួយ​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​ស្រីលង្កា​ធ្លាក់​ក្នុង​បំណុល​បរទេស​រើ​ខ្លួន​ពុំ​រួច។

សន្ទុះ​ប្រជាជន​ធ្វើ​បាតុកម្ម​ខ្លាំងក្លា​នេះ ដោយសារតែ​ប្រធានាធិបតី Gotabaya មិន​ព្រម​ទម្លាក់​បងប្រុស​របស់​ខ្លួន​ចេញពី​អំណាច​ជា​នាយករដ្ឋមន្ត្រី នៅ​ខណៈ​ដែល​លោក​ប្រធានាធិបតី​ប្រកាស​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​ក្នុង​នោះ គឺ​លោក Mahinda នៅតែ​ជា​នាយករដ្ឋមន្ត្រី។

យ៉ាងណា លោក Mahinda បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន India Express News ថា លោក​នឹង​ចុះ​ចេញពី​តំណែង​លុះត្រាតែ​ប្រធានាធិបតី​ទម្លាក់​លោក​ពី​តំណែង។ លោក Mahinda បាន​បញ្ជាក់​ទៀត​ថា លោក​ចង់​នៅ​បន្ត​តំណែង ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្នុង​អន្តរកាល​នេះ​ឡើងវិញ។ តែ​យ៉ាងណា អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា បាន​បែកបាក់​គ្នា​អស់​ទៅ​ហើយ។

ក្រុម​ប្រឆាំង​បាន​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​សមាជិក​សភា និង​ប្រធានាធិបតី​ឡើងវិញ គឺ​ការ​បោះឆ្នោត​មុន​អាណត្តិ។ ក្រុម​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី Maithripala Sirisena បាន​និយាយ​ថា ដំណាក់កាល​នេះ ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ គឺ​ត្រូវ​កើត​ចេញពី​រដ្ឋាភិបាល​ថ្មី ហើយ​ការ​កែទម្រង់​ស្ថាប័ន​សេដ្ឋកិច្ច​ទាំងអស់​នៅ​ក្នុង​ប្រទេស​ដោយ​ពិនិត្យ​មើល​ប្រាក់កម្ចី​ឡើងវិញ​ទាំងអស់ ថា​តើ​មាន​តម្លាភាព​កម្រិត​ណា​ក្នុង​ការ​ប្រើប្រាស់​ប្រាក់កម្ចី​កន្លងមក។

ប្រាក់កម្ចី​បរទេស​ដែល​ស្រីលង្កា​ជំពាក់ គឺ​មាន ៥១​ពាន់​លាន​ដុល្លារ ក្នុង​នោះ​សម្រាប់​ចិន​តែ​មួយ គឺ ៣៥​ពាន់​លាន​ដុល្លារ។ ប្រាក់កម្ចី​ដែល​ចិន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ស្រីលង្កា រយៈពេល ២​ទសវត្ស​ចុងក្រោយ គឺ​ហក់​ឡើង​ខ្ពស់​បំផុត ដែល​ស្រីលង្កា​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​គ្រួសារ​មួយ​ដែល​ក្រុម​ប្រឆាំង​ចាត់ទុក​ថា​ជា​អាយ៉ង​របស់​ចិន គឺ​ក្រុម​គ្រួសារ​នៃ​ត្រកូល Rajapaksa។ ប្រទេស​ស្រីលង្កា មាន​ប្រជាជន ២២​លាន​នាក់។

ប្រជាជន​ភាគច្រើន​ខ្វះ​សព្វ​ខ្វះ​គ្រប់ ខ្វះ​ស្បៀងអាហារ ខ្វះ​ថ្នាំសង្កូវ មិន​តែប៉ុណ្ណោះ គឺ​ខ្វះ​ប្រេងសាំង និង​ដាច់​ភ្លើង​អគ្គិសនី។ ប្រជាជន​តម្រង់​ជួរ​គ្នា​ចាក់​សាំង និង​ទិញ​ឧស្ម័ន​ដើម្បី​យក​មក​ចម្អិន​អាហារ។ ថ្នាំពេទ្យ​វិញ​ក៏​ដាច់​ស្តុក គឺ​ឡើង​ថ្លៃ​កប់​ពពក។ ចំពោះ​អ្នកជំងឺ​ដែល​ត្រូវ​ទទួលទាន​ថ្នាំពេទ្យ​ជា​ប្រចាំ គឺ​រង​ការ​លំបាក​មែនទែន ព្រោះ​គ្មាន​ថ្នាំពេទ្យ​នាំចូល។

ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា បាតុកម្ម​នៅ​ក្រុង​កូឡុំបូ និង​តាម​តំបន់​នានា​មាន​ការ​ចូលរួម​ពី​មនុស្ស​រាប់​ពាន់​ទៅ​រាប់​ម៉ឺន​នាក់។ គោលដៅ​របស់​បាតុករ​នៅ​ពេលនេះ មាន​តែ​មួយ​គត់ គឺ​ទាមទារ​ឱ្យ​ត្រកូល Rajapaksa ទម្លាក់​ខ្លួន​ពី​អំណាច។

ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច រួម​ជាមួយ​វិបត្តិ​កូវីដ-១៩​ផង រដ្ឋាភិបាល​ក្រុង​កូឡុំបូ បាន​ស្នើសុំ​ជំនួយ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។ កាលពី​ថ្ងៃ​ទី​៤ ឧសភា នេះ ថ្នាក់ដឹកនាំ​ស្រីលង្កា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ជួប​គ្នា​ជាមួយ​ធនាគារ​ពិភពលោក ដើម្បី​សុំ​ជំនួយ​ពី ៣០០ ទៅ ៧០០​លាន​ដុល្លារ ដើម្បី​មក​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ជាបន្ទាន់។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ត្រកូល Rajapaksa ជៀស​ពុំ​រួច​នោះ​ទេ​នឹង​ត្រូវ​បាត់បង់​អំណាច ហើយ​បើ​ត្រកូល​នេះ​បាត់បង់​អំណាច គឺ​អាស៊ី​ខាងត្បូង​នឹង​បាត់បង់​សម្ព័ន្ធមិត្ត​របស់​ចិន​ដល់​ទៅ ២​ប្រទេស ដែល​កាលពី​ខែ​មុន ក្រុម​ប្រឆាំង​នៅ​ប៉ាគីស្ថាន បាន​ទម្លាក់​នាយករដ្ឋមន្ត្រី Iram Khan ពី​អំណាច ដែល​ត្រូវ​បាន​ក្រុម​ប្រឆាំង​ចាត់ទុក​ថា​ជា​អាយ៉ង​របស់​ចិន គឺ​បាន​ធ្លាក់​ពី​អំណាច​ទៅ​ហើយ។ អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ចិន​នឹង​បាត់បង់​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះ​មួយ​ប្រទេស​ទៀត គឺ​ប្រទេស​ស្រីលង្កា៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស