31 C
Phnom Penh

លោក ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​កម្ពុជា​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ឧសភា នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ។

បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ បាន​ឱ្យ​ដឹង​ថា ការ​ចូលរួម​របស់​លោក​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ត្រូវ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក និង​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហរដ្ឋ​អាមេរិក។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​វត្តមាន​របស់​លោក​លើ​ទឹកដី​សហរដ្ឋ​អាមេរិក លោក​ក៏​មាន​កម្មវិធី​ជួបជុំ​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ផង​ដែរ មុន​មួយ​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក។

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ជាង ៤​ទសវត្សរ៍ លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ជិត ៨​នាទី នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន ចាប់ពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២២ នេះ កម្ពុជា​ត្រូវ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អាមេរិក​ផង​ដែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ពិតជា​មិន​ទាន់​អស់​ចិត្ត​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​គ្រួសារ​របស់​លោក​ដែល​មាន​សមាជិក​ទទួល​អនិច្ចកម្ម​នោះ​ទេ ប៉ុន្តែ​ភារកិច្ច​របស់​ប្រទេស​ជាតិ​ត្រូវ​តម្រូវ​ឱ្យ​លោក​ចាកចេញ​ពី​កម្ពុជា​មកកាន់​ទឹកដី​សហរដ្ឋ​អាមេរិក ដើម្បី​បំពេញ​ការងារ​ជូន​ជាតិ​មាតុភូមិ​ឱ្យ​ល្អ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​នេះ ដែល​លោក​ត្រូវតែ​បំពេញ​តួនាទី​នេះ​ដោយ​ខាន​មិន​បាន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍​ចុង​សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២ នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ដូចជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ជាច្រើន​ទៀត​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន ចាប់ពី​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ ថា ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅពេល​ខាងមុខ​នេះ គឺ​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ និង​ភាព​ជា​ដៃគូ​អាស៊ាន-អាមេរិក​ទៅកាន់​កម្រិត​មួយ​ថែម​ទៀត។

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក មេដឹកនាំ​អាស៊ាន​ទាំងអស់​នឹង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ធុរកិច្ច​សហរដ្ឋ​អាមេរិក អំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងនោះ​ក៏​នឹង​ជួប​ប្រជុំ​ជាមួយ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី កាម៉ាឡា ហារីស ថែម​ទៀត​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​អាមេរិក ស្ដីពី​បញ្ហា​វិធានការ​អាកាសធាតុ ថាមពល​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​ចីរភាព។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​វៀតណាម លោក ផាម ម៉ិញជីញ និង​បណ្តា​មេដឹកនាំ​ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ទៀត​ផង​ដែរ។

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ត្រូវ​បាន​ពន្យារ​ពេល​ពីរ​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​ដើម​ខែ​កុម្ភៈ និង​លើក​ទី​២ នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២២ នេះ ខណៈ​ការ​កំណត់​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ខាងមុខ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កិច្ចប្រជុំ​នេះ​នឹង​ដំណើរការ​រលូន ឬ​មាន​ការ​លំបាក​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​យ៉ាង​ណា​នោះ​នៅឡើយ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស