រដ្ឋាភិបាលអាចចំណាយលើការបោះឆ្នោត ប៉ុន្ដែស្វាគមន៍ជំនួយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ កាលពីម្សិលមិញថា កម្ពុជាត្រៀមចេញការចំណាយទំាងមូលទៅលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងខែមិថុនា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយ ដែលត្រូវបានប៉ាន់ប្រមាណក្នុងការចំណាយរវាងទឹកប្រាក់៣៦ទៅ៣៨លានដុល្លារ ក៏ប៉ុន្ដែថា លោករីករាយទទួលជំនួយ។ លោក ហ៊ុន សែន បានមានប្រសាសន៍ក្នុងសុន្ទរកថាមួយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសរំឭកទិវាពលកម្មអន្ដរជាតិថា “ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោត ហើយនឹងមិនពឹងផ្អែក ថាតើមានជំនួយសម្រាប់ការចំណាយទៅលើការបោះឆ្នោត ឬអត់នោះទេ”។ លោកបានមានប្រសាសន៍ថា “ វានឹងជាការប្រសើរ ប្រសិនបើយើងអាចមាននរណាម្នាក់ផ្ដល់ជំនួយឲ្យយើង។ ប្រសិនបើគ្មានទេ យើងនឹងចំណាយក៏បាន”។ មកទល់ពេលនេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនទាន់និយាយជាមួយក្រុមអ្នកផ្ដល់ជំនួយបរទេសក្នុងការស្វែងរកជំនួយសម្រាប់ការចំណាយទៅលើការបោះឆ្នោតនៅឡើយទេ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ វប្បធម៌នៃការពឹងផ្អែកទៅលើអ្នកដទៃគួរតែកាត់បន្ថយ ដើម្បីពង្រឹងខ្លួនឯងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានទៀងទាត់ក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមថា ការចំណាយទៅលើការបោះឆ្នោត គ្រោងនឹងចំណាយពី១៨ទៅ១៩លានដុល្លារ សម្រាប់ទាំងការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ ទឹកប្រាក់នេះ យើងអាចរកបាន។ គ្មានបញ្ហាទេ។ ប៉ុន្ដែ ប្រសិនបើជាមិត្តយើងឲ្យ យើងនឹងអរគុណ”។ កាលពីពេលកន្លងទៅ ការចំណាយទៅលើការបោះឆ្នោតភាគច្រើននៅកម្ពុជាបានទទួលការឧបត្ថម្ភពីជំនួយបរទេស។ ការបោះឆ្នោតឆ្នាំ១៩៩៣ ត្រូវបានផ្ដល់មូលនិធិទាំងស្រុងដោយអង្គការសហប្រជាជាតិ តាមរយៈអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិសម្រាប់កម្ពុជា រីឯការបោះឆ្នោតផ្សេងទៀត ត្រូវបានផ្ដល់មូលនិធិដោយប្រទេសជប៉ុន សហគមន៍អឺរ៉ុប និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ត្រឹមឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជាបានជួយចំណាយទៅលើការបោះឆ្នោត៤០ភាគរយ...
មន្ត្រីយោធារបស់ប្រទេសថៃផ្ដល់អំណះអំណាងផ្ទាល់ខ្លួនទាក់ទិននឹងការបាញ់ប្រហារនៅព្រំដែន
ផ្ទុយគ្នាពីសេចក្តីរាយការណ៍ពីកងកម្លាំងប្រដាប់អាវុធកម្ពុជា យោធាថៃបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាជនកម្ពុជាដែលទាហានរបស់ខ្លួនបានបាញ់ប្រហារនៅតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារកាលពីថ្ងៃអាទិត្យ គឺជាអ្នកកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងភ្លាម ឧត្ដមសេនីយ៍កងយោធពលខេមរភូមិន្ទមួយរូបបានឲ្យដឹងថា រូបលោក និងទាហានរបស់លោកបានបោះជំរំនៅភាគខាងជើង ខេត្តព្រះវិហារដើម្បីបំពេញភារកិច្ចរារាំងអ្្នកកាប់ឈើខុសច្បាប់មិនឲ្យចូលទឹកដីថៃ ស្រាប់តែនៅពេលនោះទាហានថៃ បានបាញ់ប្រហារមកលើពួកគេ ដោយពួកគេមិនបានធ្វើអ្វីខុសឡើយ ហើយបានបណ្ដាលឲ្យទាហានម្នាក់រងរបួសត្រូវជើងម្ខាង។ ប៉ុន្ដែអ្នកនាំពាក្យយោធាថៃ វរសេនីយ៍ឯកសានសឺន កែវកាំណឺត (Sansern Kaewkamnerd) បានប្រាប់កាសែតបាងកកប៉ុស្ដិ៍អំពីហេតុការណ៍ផ្សេងទៅវិញកាលពីម្សិលមិញ។ វរសេនីយ៍ឯក សានសឺន បានថ្លែងថា ពលរដ្ឋកម្ពុជាទាំងនោះគឺជាអ្្នកកាប់ឈើខុសច្បាប់ មិនមែនជាទាហានទេ ហើយពួកគេបានចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់...
សមាជិកសហជីពជាង៧.០០០នាក់ ដង្ហែក្បួនទៅកាន់រដ្ឋសភា នៅថ្ងៃទិវាពលកម្មអន្តរជាតិ
សមាជិកសហជីពប្រមាណ៧.០០០នាក់បានដើរដង្ហែក្បួនតាមតីរវិថីស៊ីសុវត្ថិទៅកាន់រដ្ឋសភា កាលពីម្សិលមិញ ដោយស្រែកពាក្យស្លោក និងលើកបដាដើម្បីចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ។ ដោយមាន លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ជាអ្នកដឹកនាំការដើរក្បួននេះនោះ សមាជិកមកពីសហជីពផ្សេងបានដើរទៅកាន់រដ្ឋសភា ដើម្បីដាក់ញតិ្តទាមទារសំុឲ្យដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករធម្មតានិងដល់មន្ត្រីរាជការ ព្រមទាំងមានសំណើសំុផ្សេងៗទៀត។ អ្នករត់មូ៉តូឌុប និងអ្នករត់រុឺម៉កម៉ូតូ បានដោតទង់ជាតិនិងបដានៅពីក្រោយរុឺម៉កម៉ូតូ និងបានចុចស៊ីផ្លេកងរំពងព្រមៗគ្នា។លោក អាត់ ធន់ បានមានប្រសាសន៍ថា “យើងកំពុងស្នើសុំឲ្យរដ្ឋាភិបាល ដំឡើង ប្រាក់ខែ ដែលអាចផ្គត់ផ្គង់ដល់ជីវភាពបានសម្រាប់កម្មករ គឺប្រហែល១៣១ដុល្លារ ក្នុងមួយខែ និង២០០ដុល្លារសម្រាប់មន្ត្រីរាជការ ព្រមទាំងបញ្ចុះតម្លៃសាំងមកត្រឹម៤.០០០រៀលក្នុងមួយលីត្រ”។ តាមបញ្ជីរាយឈ្មោះបញ្ហា ដែលលោក អាត់ ធន់ បានលើកឡើងថា រដ្ឋាភិបាលត្រូវតែដោះស្រាយនោះ មានការប្រើអំពើហិង្សាលើកម្មករតវ៉ាច្រើនណាស់។ ដោយពោលសំដៅដល់អតីតអភិបាលក្រុងបាវិត ដែលត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារកម្មការិនីបីនាក់ អំឡុងការតវ៉ានៅរោងចក្រមួយនោះ លោកបានឲ្យដឹងថា “យើងទាំងអស់គ្នាសូមអំពាវនាវដល់រដ្ឋាភិបាល និងសាលាដំបូងខេត្តស្វាយរៀង ឲ្យផ្តន្ទាទោស និងចោទប្រកាន់លើលោក ឈូក បណ្ឌិត ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរថែមទៀត”។ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារនោះលោកបណ្ឌិត ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា។កញ្ញា ចាន់នី អាយុ២៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរបាននិយាយថា អំពើហិង្សានៅក្រុងបាវិត បានធ្វើឲ្យកម្មករមានការព្រួយបារម្ភខ្លាំងណាស់។ កម្មករឈ្មោះ មឿន ចាន់ណា អាយុ៣៦ឆ្នាំបាននិយាយថា “ យើងសូមស្នើឲ្យរដ្ឋាភិបាលបើកភ្នែកមើលកម្មករផង។យើងរស់នៅយ៉ាងពិបាក ហើយយើងគ្មានប្រាក់ទេ ពីព្រោះប្រាក់ខែយើងតិចពេក”។ លោក ហេង សាមួន អគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលជាអ្នករៀបចំការដើរក្បួននេះ បានមានប្រសាសន៍ថា នៅខេត្ត ព្រះសីហនុ អ្នករត់ម៉ូតូឌុប និងអ្នករត់រឺុម៉កម៉ូតូប្រហែល២០០នាក់...
កងយោធពលខេមរភូមិន្ទនិងក្រសួងការពារជាតិសើុបអង្កេតទាហានថៃបាញ់ទាហានកម្ពុជា
មន្ត្រីកងយោធពលខេមរភូមិន្ទ និងមន្ត្រីក្រសួងការពារជាតិ បានចាប់ផ្ដើមការសើុបអង្កេតមួយទាក់ទិន នឹងហេតុការណ៍បាញ់ប្រហារទាហានខ្មែរមួយរូប ដោយទាហានថៃ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរនៅភាគខាងជើងខេត្តព្រះវិហារកាលពីថ្ងៃអាទិត្យ។ តាមសេចក្តីរាយការណ៍ថា ទាហានថៃដែលដើរល្បាតនៅតំបន់នោះបានបាញ់ទៅលើជំរំមួយរបស់ទាហានកងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីយល់ច្រឡំថាពួកគេថាជាអ្នកកាប់ឈើខុសច្បាប់ ដោយបណ្តាលឲ្យទាហានខ្មែរម្នាក់ឈ្មោះ គង់ រីម អាយុ៣២ឆ្នាំរបួសជើងម្ខាង។ ទាហានកងយោធពលខេមរភូមិន្ទទាំងនេះបានឲ្យដឹងថា ពួកគេនៅទីនោះដើម្បីរារាំងក្រុមអ្នកកាប់ឈើកុំឲ្យលួចឆ្លងចូលទៅក្នុងទឹកដីថៃ ទីដែលពលរដ្ឋកម្ពុជា១៧នាក់ត្រូវទាហានថៃ បាញ់សម្លាប់ រហូតទល់ពេលនេះក្នុងឆ្នាំនេះ។ លោកមាស យឿនវរសេនីយ៍ត្រីកងយោធពលខេមរភូមិន្ទបានថ្លែងថា លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ ប្រចាំការនៅខេត្តនេះ...
ក្រុមអ្នកតវ៉ារបស់អ្នកភូមិមកពីសហគមន៍បឹងកក់គ្រោងនឹងដង្ហែក្បួនពេញមួយសប្ដាហ៍
អ្នកភូមិមកពីសហគមន៍បឹងកក់ ក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ភាគច្រើនពាក់មួកកាតិប និងអាវយឺតដៃខ្លីពណ៌ខៀវ បាននាំគ្នាដើរដង្ហែក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ទាមទារប័ណ្ណកម្មសិទ្ធិដីធ្លីសម្រាប់គ្រួសារមិត្តភក្ដិរបស់ខ្លួនចំនួន៩០គ្រួសារ។ គ្រួសារទាំងនេះ ត្រូវបានលុបឈ្មោះចេញពីគម្រោងរបស់រដ្ឋាភិបាល ដែលបានឲ្យសាលារាជធានីភ្នំពេញចេញប័ណ្ណកម្មសិទ្ធិកាន់កាប់លំនៅដ្ឋានឲ្យអ្នកភូមិបឹងកក់ជាង៦០០គ្រួសារ បន្ទាប់ពីមានការតវ៉ាយ៉ាងជូរចត់ប្រឆាំងនឹងគម្រោងអចលនទ្រព្យមួយដែលបានបណ្ដាលឲ្យមានការបណ្តេញអ្នកភូមិរាប់ពាន់គ្រួសារចេញរួចហើយនោះ។ គ្រួសារមួយចំនួនដែលបានទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីរួចហើយនោះ នៅតែប្តេជ្ញាតវា៉រហូតទាល់តែអ្នកជិតខាង របស់ខ្លួនដែលត្រូវបានលុបឈ្មោះចេញពីគម្រោងរបស់រដ្ឋាភិបាលនោះ ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីរបស់ខ្លួន។ ពួកគាត់ក៏ចង់ឲ្យរដ្ឋាភិបាលវាស់វែងកំណត់ព្រំដីទំហំ១២,៤៤ហិកតា ដែលគេលៃទុកសម្រាប់គម្រោងនេះតាមអនុក្រឹត្យមួយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានចុះហត្ថលេខាកាលពីឆ្នាំ២០១១។ មន្ត្រីសាលារាជធានីបានថ្លែងថា លំនៅដ្ឋានរបស់អ្នកភូមិទាំង៩០គ្រួសារនេះស្ថិតនៅក្រៅតំបន់១២,៤៤ហិកតា ប៉ុន្តែមិនព្រមវាស់វែងកំណត់ព្រំដីនេះទេរហូតទាល់តែដោះស្រាយជម្លោះរួចរាល់អស់សិន។ ដោយមានការស្រែកទាមទារតាមឧគ្ឃោសនសព្ទ និងគ្រវីទង់ជាតិរបស់ម្ចាស់ជំនួយអន្ដរជាតិក្នុងប្រទេសកម្ពុជាផងនោះ អ្នកតវ៉ាទាំងនេះ បានចាប់ផ្ដើមការហែក្បួនរបស់ខ្លួន នៅម៉ោងប្រហែល៨ព្រឹក សំដៅទៅកាន់ស្ថានទូតអាមេរិកមុនគេ ដែលនៅទីនោះ ពួកគាត់ បានដាក់ញត្តិស្នើសុំឲ្យស្ថានទូតជួយដោះស្រាយបញ្ហារបស់ខ្លួន។ អ្នកស្រី ហេង មុំ ដែលស្ថិតក្នុងចំណោមអ្នកប្រឈមមុខនឹងការបណ្ដេញចេញ និងមនុស្សបួននាក់ផ្សេងទៀត បានដឹកនាំការដើរក្បួននេះ ហើយពួកគាត់បានយកច្រវាក់ចាក់សោដៃជាប់គ្នា។ អ្នកស្រី ហេង មុំ បានមានប្រសាសន៍ថា “ យើងដាក់ច្រវាក់ខ្លួនឯងដូចជាអ្នកទោស ពីព្រោះយើងចង់បង្ហាញសាធារណជនថា ការរស់នៅរបស់យើងសព្វថ្ងៃនេះ ពុំមានសិទ្ធិ ឬសេរីភាពក្នុងការការពារដីរបស់ខ្លួនឯងទេ”។ បន្ទាប់ពីបានប្រគល់ញត្តិឲ្យទៅស្ថានទូតអាមេរិករួចហើយក្រុមអ្នកតវ៉ាបានធ្វើដំណើរតាមផ្លូវលេខ៥១ ដើម្បីដាក់ញត្តិនៅឯភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននៅជិតវិមានឯករាជ្យ។ ទោះជាយ៉ាងណា នៅពេលពួកគាត់បានមកដល់ភូមិគ្រឹះនោះ មាននគរបាលប្រមាណ១០០នាក់ ខ្លះកាន់អាវុធនិងដំបងឆក់បានរារាំងពួកគាត់មិនឲ្យទៅមុខទៀត និងបានឲ្យពួកគាត់ធ្វើដំណើរទៅខាងត្បូង តាមមហាវិថីព្រះនរោត្តមវិញ។ ពេលមកដល់ព្រឹទ្ធសភា ពួកគាត់បានដាក់ញត្តិមួយផ្សេងទៀតនៅទីនោះមុនពេលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។អ្នកស្រីទេពវន្នីអ្នកចូលរួមក្នុងក្បួនដង្ហែដែលបានដាក់ច្រវាក់ដៃដែរនោះ បានមានប្រសាសន៍ថាក្រុមអ្នកតវ៉ាគ្រោងនឹងដង្ហែក្បួនរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃសៅរ៍។ អ្នកស្រីបានលើកឡើងថា“ យើងមានគម្រោងតវ៉ាពេញមួយសប្ដាហ៍ ដើម្បីឲ្យរដ្ឋាភិបាលវាស់វែងព្រំដីទំហំ១២,៤៤ហិកតាដែលសម្តេច ហ៊ុន សែន ទុកសម្រាប់យើង”។ លោក កើត ឆែ អនុប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថាការវាស់វែងដីនេះ នឹងអាចធ្វើទៅបានដរាបណាជម្លោះដីធ្លីរវាងអ្នកភូមិបឹងកក់ និងសាលារាជធានីភ្នំពេញបានដោះស្រាយរួច។ ក្រុមហ៊ុន ស៊ូកាគូ របស់លោក ឡៅ ម៉េងឃិនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានទទួលកិច្ចសន្យាជួលដីនេះក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមក អ្នកភូមិជាង៣.០០០គ្រួសារមកពីសហគមន៍បឹងកក់ ត្រូវបានបណ្ដេញចេញ ដែលជាការរំលោភច្បាប់ភូមិបាល ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យដ៏ធំមួយ។ បន្ទាប់ពីបានបូមខ្សាច់ចាក់បំពេញបឹងនេះនិងបានបុកគ្រឹះសម្រាប់គម្រោងនេះ កាលពីខែកក្តដានោះក្រុមហ៊ុនទំនងជាបានផ្អាកដំណើរការ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
សកម្មជនបរិស្ថាននិយាយថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពទេ
រយៈពេលបួនថ្ងៃ បន្ទាប់ពីការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងជាអ្នកនិយាយឥតសំចៃ ក្រុមអ្នកគាំទ្រប្រឆាំងការកាប់ឈើក្នុងស្រុកបានលើកឡើងកាលពីម្សិលមិញថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ។ លោកសេងសុខេងអ្នកសម្របសម្រួលប្រចាំបណ្ដាញការពារព្រៃឡង់ ដែលរៀបចំការដើរល្បាតការពារព្រៃឈើជាហូរហែដោយមានការចូលរួមពីអ្នកភូមិជាច្រើនក្រុមធំៗ ដើម្បីលុបបំបាត់ការកាប់ឈើខុសច្បាប់នៅក្នុងមូលដ្ឋាននេះបានមានប្រសាសន៍ថា“ការស្លាប់របស់លោក ឈុត វុទ្ធី មិនអាចបញ្ចប់សកម្មភាពប្រឆាំងការកាប់ឈើបានឡើយ”។ លោក សុខេង បានមានប្រសាសន៍ថានៅមាន ឈុត វុទ្ធី រាប់រយនាក់ទៀត។ យើងមានសកម្មជនការពារព្រៃឈើរាប់រយនាក់ ដែលមានឆន្ទៈពិតប្រាកដ ដើម្បីតស៊ូការពារព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងការកាប់ឈើ”។ កាលពីថ្ងៃព្រហស្បតិ៍ លោក ឈុត វុទ្ធីត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ នៅេពលលោកកំពុងស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងខេត្តកោះកុង។ អង្គការសិទ្ធិមនុស្សបានប្រតិកម្មយ៉ាងរហ័ស ដោយអំពាវនាវឲ្យរដ្ឋាភិបាលស៊ើបអង្កេតឲ្យបានហ្មត់ចត់។ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងអំពីការព្រួយបារម្ភរបស់ខ្លួនថា ការស្លាប់របស់លោក ឈុត វុទ្ធី អាចជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចលនាការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ លោក ភីល រ៉ូប៊ើតសុន (Phil Robertson) អនុប្រធានក្រុមបញ្ចុះបញ្ចូលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី បានថ្លែងថា “ការស្លាប់របស់សកម្មជនដ៏លេចធ្លោម្នាក់នេះ ពិតជាបានបញ្ជូនសារព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដល់អ្នកផ្សេងទៀត ដែលចង់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងព្យាយាមជួយសង្គ្រោះព្រៃឈើនៅក្នុងកម្ពុជា។រដ្ឋាភិបាលកម្ពុជាត្រូវតែស៊ើបអង្កេតឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត”។ ការអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ចំពោះការស្លាប់របស់លោកឈុត វុទ្ធី ត្រូវបានបន្ទរដោយលោក ចាន់សុវេ៉ត អនុប្រធានផ្នែកកម្មវិធីសិទ្ធិមនុស្សរបស់អង្គការអាដហុក ដែលបាននិងកំពុងស៊ើបអង្កេតចំពោះការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍នេះ។ លោកសុវ៉េតបានមានប្រសាសន៍ថា“ខ្ញុំព្យាយាមសាកសួរអ្នកដែលធ្វើការជាមួយលោក ឈុត វុទ្ធី ហើយពួកគេទំនងជាខ្លាចមិនហ៊ានធ្វើសកម្មភាព។ តែវាមិនបញ្ហាទេនៅពេលពួកគេមានជម្លោះ។ ពេលនេះពួកគេខ្លាចគេសម្លាប់”។ លោកបន្ថែមថាលោកបានជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានខ្លាំងក្លាប្រឆាំងនឹងជនល្មើស ដើម្បីបញ្ជូនសញ្ញាមួយថា សកម្មជនអាចបន្ដការងាររបស់ខ្លួន ដោយគ្មានការគំរាមកំហែង។ សកម្មជនខ្លះបានទទូចថា ពួកគេមិនខ្លាចការគាបសង្កត់បែបនោះទេ ថ្វីបើមានការភ័យខ្លាចផ្ទាល់ខ្លួនកាន់តែកើនឡើងក៏ដោយ។ លោក គុច វ៉េង អ្នកការពារបរិស្ថានមានមូលដ្ឋាននៅក្នុងខេត្តពោធិ៍សាត់បានថ្លែងថា“ពិតមែនហើយខ្ញុំខ្លាច ហើយខ្ញុំព្រួយណាស់បារម្ភណាស់ អំពីសុវត្ថិភាពរបស់មេដឹកនាំសកម្មជនការពារព្រៃឈើផ្សេងទៀត ដែលប្រឈមនឹងសោកនាដកម្ម នៅពេលខ្ញុំបានឮដំណឹងអំពីការស្លាប់របស់លោក ឈុត វុទ្ធីភ្លាម។ក៏ប៉ុន្ដែឧត្តមគតិរបស់ខ្ញុំបានលើកឡើងថាក្រុមអ្នកកាប់ឈើ និងឧក្រិដ្ឋជនកាប់ឈើតាមពិតខ្លាចយើងវិញទេ។នេះជាមូលហេតុដែលពួកគេសម្លាប់លោក ដើម្បីគំរាមអ្នកផ្សេងទៀតឲ្យខ្លាច”។ លោក គុច វ៉េង ដែលធ្លាប់បានសហការយ៉ាងជិតស្និទជាមួយលោក ឈុត វុទ្ធី ចាប់តាំងពីមានការតស៊ូប្រឆាំងនឹងការបំផ្លាញព្រៃឈើនាឆ្នាំ២០០៦ នៅតាមជួរភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ថ្លែងថាការបំភិតបំភ័យកើតមានជាទូទៅទៅហើយក្នុងការងាររបស់លោក។ លោក ទីល ធី សមាជិកជនជាតិដើមភាគតិចព្នង ដែលពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងការកាប់ឈើនៅក្នុងខេត្តមណ្ឌលគិរី និយាយថាការសម្លាប់នេះនឹងមិនអាច “ បំបិទមាត់ និងទប់ស្កាត់យើងមិនឲ្យតបតវិញនោះទេ”។ លោកនិយាយថា“នៅពេលមានការដៅសម្លាប់សកម្មជនការពារព្រៃឈើនោះ ពេលនោះនឹងមានសកម្មជនក្រោកឈរកាន់តែច្រើនឡើងដើម្បីតវ៉ាប្រឆាំងការកាប់ឈើខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីនោះ ”។ នៅក្នុងសេចក្ដីប្រកាសមួយចេញកាលពីម្សិលមិញ អង្គការសម្ពន្ធភាពប្រជាពលរដ្ឋដើម្បីគណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជាបានសន្និដ្ឋានថាការបាញ់សម្លាប់នេះគឺជា“ការគំរាមកំហែងដល់សកម្មជនការពារព្រៃឈើនិងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត”។ក្រុមនេះបានបន្ថែមថា “យើងជំរុញឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវកិច្ចសន្យាសម្បទានទាំងអស់ ដែលពាក់ព័ន្ធជាមួយការកាប់បំផ្លាញព្រៃឈើ”។ បណ្ដាញសកម្មជនការពារព្រៃឈើនៅក្នុងខេត្តកោះកុង មណ្ឌលគិរី រតនគិរី និងព្រៃឡង់ នៅក្នុងខេត្តកំពង់ធំបានលើកឡើងថា ពួកគេមានផែនការដើរក្បួននៅក្នុងរាជធានីភ្នំពេញ ដើម្បីអំពាវនាវឲ្យមានការកែទម្រង់ច្បាប់ និងការពារសកម្មជនការពារបរិស្ថានឲ្យបានខ្លាំងក្លាជាងនេះ។ លោក សុខេងអ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ បានថ្លែងថា “យើងកំពុងតែមានផែនការដើរក្បួនមួយ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលចាប់ខ្លួនជនដៃដល់ និងបក្ខពួកដែលពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោក ឈុត វុទ្ធីនិងសកម្មជនការពារព្រៃឈើផ្សេងទៀត។យើងមិនបោះបង់ទេ។ធនធានធម្មជាតិគឺជាជីវិតរបស់យើង វាជាឆ្នាំងបាយរបស់អ្នកជំនាន់ក្រោយរបស់យើង”។ អង្គការអាដហុក បានអំពាវនាវឲ្យរដ្ឋាភិបាល “ បង្ហាញពីការតាំងចិត្តរបស់ខ្លួន ដើម្បីការពារសកម្មជនផ្នែកបរិស្ថាន ព្រមទាំងការពារតំបន់ធនធានធម្មជាតិនានា ហើយតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលទទួលខុសត្រូវចំពោះទង្វើខុសច្បាប់ ដោយមិនគិតពីបុណ្យសក្ដិ ឬឋានៈឡើយ”។ អង្គការ Global Witness...
មនុស្សរាប់រយនាក់កាន់ទុក្ខសពលោក ឈុត វុទ្ធី នៅពេល នគរបាលបន្តការស៊ើបអង្កេត
កាលពីព្រឹកម្សិលមិញ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅខេត្តកណ្ដាលដើម្បីចូលរួមពិធីបញ្ចុះសពលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដែលត្រូវបានមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់ កាលពីថ្ងៃព្រហស្បតិ៍នៅពេលចុះស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅភ្នំក្រវាញ ក្នុងខេត្តកោះកុង។ លោក ជួន ភិរម្យ ត្រូវជាក្មួយរបស់សពបានមានប្រសាសន៍ថា “ មានមនុស្សជាច្រើននាក់បានចូលរួមដង្ហែសពពីលំនៅដ្ឋានរបស់ម្ដាយលោកឈុត វុទ្ធី ទៅកាន់កន្លែងបញ្ចុះសព”។លោកបានបន្តថា លោកមានការសោកស្តាយណាស់ពេលឃើញមានការគាំទ្រច្រើនពីមិត្តភក្ដិ និងអ្នករួមការងារ របស់ឪពុកមាលោក។ បន្ទាប់ពីការបាញ់សម្លាប់អស់រយៈពេលប្រាំថ្ងៃមកនេះ មានលេចឮព័ត៌មានតិចតួចណាស់ពាក់ព័ន្ធនឹងការស្លាប់របស់លោកឈុតវុទ្ធី និងលោក អិុន រតនា មន្ត្រីកងរាជអាវុធហត្ថដែលគេសង្ស័យថា បានបាញ់សម្លាប់លោកឈុតវុទ្ធីរួចហើយបាញ់សម្លាប់ខ្លួនឯងទៀតនោះ។ កងរាជអាវុធហត្ថខេត្តកោះកុង បានលើកឡើងថាលោកអិុនរតនាបានបាញ់ខ្លួនឯងចំនួនពីរគ្រាប់ដោយកាំភ្លើងអាកាដែលគាត់បានប្រើបាញ់សម្លាប់លោកឈុត វុទ្ធី។ការបកស្រាយបែបនេះ បានធ្វើឲ្យសាច់ញាតិរបស់អ្នកស្លាប់ទាំងពីរ និងអង្គការសិទ្ធិមនុស្សនានាមានការសង្ស័យយ៉ាងខ្លាំង។ តំណាងអង្គការសិទ្ធិមនុស្ស អាដហុក អង្គការលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញបានលើកឡើងថាពួកគេកំពុងតែធ្វើការស៊ើបអង្កេតលើហេតុការណ៍បាញ់សម្លាប់នេះដោយខ្លួនឯង ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលទេ។ លោកនាងបូរ៉ាទីណូអ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តកោះកុងបានមានប្រសាសន៍ថា “ ករណីបាញ់សម្លាប់លោក ឈុត វុទ្ធី គឺពិតជាមានជនទីបីចូលរួមពាក់ព័ន្ធនៅក្នុងការបាញ់សម្លាប់ជនរងគ្រោះទាំងពីរនេះ ហើយឥឡូវនេះ ខ្ញុំកំពុងតែផ្ដោតទៅលើបញ្ហានេះ”។ លោកខេងទីតូអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថាអាជ្ញាធរនៅមិនទាន់អាចនិយាយអំពីការបាញ់សម្លាប់នេះបានទេ ដោយសារ “យើងត្រូវការពេលវេលា ដើម្បីធ្វើការស៊ើបអង្កេតពីព្រោះរឿងនេះគឺជារឿងរសើប”។ លោកថុង ណារ៉ុងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានមានប្រសាសន៍ថា “ កងកម្លាំងរបស់យើងកំពុងតែធ្វើការស៊ើបអង្កេតការបាញ់សម្លាប់នេះ ប៉ុន្ដែលទ្ធផលនៅមិនទាន់អាចបង្ហាញនៅឡើយទេ ពីព្រោះការស៊ើបអង្កេតកំពុងតែបន្ដ។ យើងនឹងបង្ហាញជាសាធារណៈ នៅពេលការស៊ើបអង្កេតរបស់យើងចប់រួចរាល់”។ បុគ្គលិកអង្គការសិទ្ធិមនុស្សបានលើកឡើងកាលពីម្សិលមិញថា ការភ័យខ្លាចរបស់ប្រជាជនដែលរស់នៅកន្លែងលោក ឈុតវុទ្ធីត្រូវគេបាញ់សម្លាប់នោះ បានរារាំងដល់ការស៊ើបអង្កេតនេះ។ និយាយដោយមិនបញ្ចេញឈ្មោះដោយសារខ្លាចមានការធ្វើទុក្ខបុកម្នេញ អ្នកភូមិពីរនាក់ពីតំបន់វាលបី ស្រុកមណ្ឌលសីមា កន្លែងកើតហេតុបាញ់សម្លាប់នេះ បានលើកឡើងថា ពួកគាត់មានការភ័យខ្លាចចំពោះកងកម្លាំងសន្ដិសុខដែលឈរជើងក្នុងតំបន់នោះ។ អ្នកភូមិម្នាក់បាននិយាយថា “ អ្នកភូមិរបស់យើងបារម្ភពីសុវត្ថិភាពរបស់ខ្លួន ហើយមិនហ៊ាននិយាយច្រើនអំពីការបាញ់សម្លាប់នេះទេ”។ អ្នកភូមិរូបនេះបានបន្ដថា កងរាជអាវុធហត្ថត្រូវបានក្រុមហ៊ុនឯកជនមួយដែលគាត់មិនបញ្ចេញឈ្មោះ ហៅឲ្យទៅកន្លែងនោះបន្ទាប់ពីលោកឈុតវុទ្ធីនិងអ្នកយកព័ត៌មានពីររូបរបស់កាសែត ខេមបូឌា ដេលីបានទៅដល់តំបន់នោះកាលពីថ្ងៃព្រហស្បតិ៍។ លោក ចាន់ សុវ៉េត អនុប្រធានកម្មវិធីសិទ្ធិមនុស្សនៃអង្គការអាដហុកបានមានប្រសាសន៍ថា លោកដឹងថា មានក្រុមហ៊ុនមួយកំពុងតែធ្វើប្រតិបត្តិការនៅកន្លែងនោះ ហើយបានជួលកម្លាំងប្រដាប់អាវុធរបស់រដ្ឋឲ្យជួយការពារ។ លោក សុវ៉េត បានសួរថា “ ពួកគេទាំងនេះគឺជាមន្ត្រីរាជការធ្វើការដើម្បីការពារដីរដ្ឋ។ ហេតុអ្វីបានជាពួកគេការពារក្រុមហ៊ុនឯកជន ហើយបង្កជម្លោះជាមួយនឹងអ្នកការពារព្រៃឈើទៅវិញ”។ លោក បានបន្ដថាអង្គការសិទ្ធិមនុស្សកំពុងតែជំរុញឲ្យមានការស៊ើបអង្កេតពីថ្នាក់លើ បន្ទាប់ពីមើលឃើញមានចំណុចខ្វះខាតជាច្រើននៅក្នុងការស៊ើបអង្កេតដំបូងរបស់អាជ្ញាធរខេត្តកោះកុង។ អ្នកយកព័ត៌មានពីររូប របស់កាសែតខេមបូឌា ដេលី មានវត្តមាននៅកន្លែងកើតហេតុ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្ដែមិនបានឃើញនរណាជាអ្នកបាញ់សម្លាប់លោកឈុតវុទ្ធីនោះទេ៕ ប្រែសម្រួលដោយ ស៊ាស៊ុយឈាង
អញ្ជើញអ្នកកាសែតចូលរួមស្ដាប់សុន្ទរកថារបស់លោក ហ៊ុន សែន តែបែរជាបង្ខំឲ្យចេញក្រៅវិញ
សមាជិកកងអង្គរក្សលោកនាយករដ្ឋមន្ត្រីបានហែកកំណត់ត្រារបស់អ្នកសែតម្នាក់ លុបចោលសុន្ទរកថារបស់លោក ហ៊ុនសែនពីម៉ាសុីនថតសម្លេងរបស់អ្នកយកព័ត៌មានរូបនេះ និងបានបណ្តេញគាត់ចេញមិនឲ្យចូលរួមពិធី ដែលក្រសួងការងារបានអញ្ជើញគាត់ឲ្យចូលរួមកាលពីថ្ងៃសៅរ៍ នៅក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងយូរពីស្នាដៃរបស់គណបក្សកំពុងកាន់អំណាច។ ទោះបីជាអ្នកយកព័ត៌មានរបស់កាសែត ខេមបូឌា ដេលីរូបនេះត្រូវបានបណ្តេញចេញក្រោយពីការស្ដាប់សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីអស់រយៈពេល១ម៉ោងនិង១០នាទីក៏ដោយក៏អ្នកកាសែតមកពីស្ថានីយទូរទស្សន៍គាំទ្ររដ្ឋាភិបាលដូចជាទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍បាយ័ននិងទូរទស្សន៍អប្សរាអាចចូលរួមបានទាំងអស់។ ក្រសួងការងារដែលបានរៀបចំព្រឹត្តិការណ៍នោះមុនទិវាពលកម្មអន្ដរជាតិនៅថ្ងៃអង្គារបានចេញប័ណ្ណសារព័ត៌មានមួយ កាលពីសប្ដាហ៍មុនឲ្យកាសែត ខេមបូឌា ដេលី ដើម្បីចូលក្នុងបន្ទប់ប្រជុំ នៅកោះពេជ្រ ដែលនៅទីនោះលោកហ៊ុនសែនបានថ្លែងទៅកាន់កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាលោកហ៊ុន សែនបានចាប់ផ្ដើមពីការនិយាយបង្អាប់គណបក្សប្រឆាំងគឺគណបក្ស សម រង្សុី បន្ទាប់មករិះគន់អតីតនាយករដ្ឋមន្ត្រីថៃលោក អភិស៊ីតវីចាជីវ៉ាដែលជាគោលដៅមួយផ្សេងទៀតដើម្បីការពារការអះអាងអំពីការកាន់កាប់ប្រាសាទព្រះវិហាររបស់កម្ពុជានិងសម្ដែងការសោកស្ដាយចំពោះគ្រោះមហន្ដរាយទឹកជំនន់កាលពីឆ្នាំមុន។ លោកក៏បានព្រួយបារម្ភផងដែរថាវិនិយោគិនបរទេសដូចជាជប៉ុន និងចិនអាចដកចេញពីប្រទេសកម្ពុជាដោយព្រួយបារម្ភអំពីកូដកម្មតាមរោងចក្រនៅក្នុងប្រទេសដើម្បីចូលទៅប្រទេសភូមាវិញ ព្រោះប្រទេសនេះបានចាប់ផ្ដើមបើកទទួលវិនិយោទុនពីខាងក្រៅបន្ទាប់ពីមានការដាក់ទណ្ឌកម្មជាច្រើនឆ្នាំពីសំណាក់បស្ចិមប្រទេសមក។ នៅពេលលោកហ៊ុនសែនផ្ដោតទៅលើលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលបានថ្លែងថា លោកទើបតែត្រឡប់មកពីអូស្ត្រាលីជាមួយនឹងប្រាក់ជាច្រើន ដើម្បីឧបត្ថម្ភដល់គណបក្សប្រឆំាងរបស់លោកនិងផ្តោតលើគណបក្សសម រង្សុី ដែលលោកបានមានប្រសាសន៍ថា បានប្រដូចលោកទៅនឹងវរសេនីយ៍ឯក កាដាហ្វី អតីតមេដឹកនាំប្រទេសលីប៊ីនោះស្រាប់តែអង្គរក្សស្លៀកពាក់ខ្មៅម្នាក់បាននាំអ្នកយកព័ត៌មានកាសែត ខេមបូឌាដេលីចេញពីក្រុមមនុស្សនោះហើយបានប្រាប់គាត់ឲ្យចាកចេញដោយពុំបានប្រាប់ហេតុផលអ្វីឡើយ។ នៅពេលមកដល់ខាងក្រៅសាលប្រជុំ មានអង្គរក្សពីរនាក់ទៀតនិងអ្នករៀបចំព្រឹត្តិការណ៍ម្នាក់ បានព្រួតគ្នាដណ្តើមយកលិខិតអញ្ជើញរបស់អ្នកយកព័ត៌មានរូបនេះបានហែកកំណត់ក្នុងសៀវភៅកត់ត្រារបស់គាត់ និងលុបចោលនូវសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី។គ្មាននរណាម្នាក់បានប្រាប់ហេតុផលនោះទេដោយគ្រាន់តែនិយាយថា“បញ្ជាពីថ្នាក់លើ”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
ល្បីណាស់ វីដេអូបង្ហាញអំពីអង្គរក្សរបស់លោក ហ៊ុន សែន វាយគេនៅសណ្ឋាគារខេត្តកោះកុង
មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីទាហានចំនួនបួននាក់មកពីកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចាប់ខ្លួនពីបទវាយបុរសបួននាក់ យ៉ាងសាហាវរួមមានមន្ត្រីនគរបាលម្នាក់ផងដែរនោះ រូបភាពវីដេអូបង្ហាញពីការវាយប្រហារនេះ ត្រូវបានគេបង្ហោះនៅលើទំព័រអុីនធើណិត ហើយគ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ត្រូវបានចាត់ទុកក្នុងចំណាត់ថ្នាក់ដាច់គេនៅលើទំព័រអុីនធើណិត ព្រមទាំងល្បីសុះសាយយ៉ាងខ្លាំងដោយធ្វើឲ្យមានការបញ្ចេញយោបល់បែបកំហឹងយ៉ាងច្រើនពីសំណាក់មនុស្សរាប់ម៉ឺននាក់ ដែលបានមើលរូបភាពវីដេអូនោះរហូតមកទល់ពេលនេះ។ នគរបាល និងម្ចាស់សណ្ឋាគារបានបញ្ជាក់កាលពីម្សិលមិញថា រូបភាពវីដេអូ ដែលត្រូវបានគេបង្ហោះតាមប្រព័ន្ធអុីនធើណិតចែកជាបីភាគនោះត្រូវម៉ាស៊ីនថតការពារសុវត្ថិភាពរបស់សណ្ឋាគារ ក្នុងខេត្តកោះកុងថតបានដោយបានចាប់យករូបភាពស្ទើរតែទាំងស្រុង អំពីការវាយដំយ៉ាងសាហាវនេះ។ រូបភាពវីដេអូ ដែលគ្មានសំឡេងនេះ ទំនងជាបង្ហាញឲ្យឃើញនូវព័ត៌មានដែលអាចបញ្ជាក់ស្ទើរតែអំពីភស្តុតាងទាំងមូល ដែលមន្ត្រីនគរបាលប្រមូលបាននៅពេលនេះ។ លោក ឡាយ ម៉េងលាង នាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកោះកុងបានមានប្រសាសន៍ថា “ប្រហែលជាមិត្តភក្តិរបស់ម្ចាស់សណ្ឋាគារ បានយកពីសណ្ឋាគារ ហើយបង្ហោះតាមអុីនធើណិត ក៏ប៉ុន្តែវាមិនមែនជាបញ្ហា របស់ក្រុមមន្ត្រីនគរបាលទេ ចំពោះ ការបង្ហោះរូបភាពវីដេអូនេះ”។ លោកបន្ថែមថា ការវាយដំ ដែលត្រូវថតបានក្នុងរូបភាពវីដេអូនេះ មានភាពសាហាវឃោរឃៅខ្លាំងពេក។ លោក ឡាយ ម៉េងលាង បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា រូបភាពវីដេអូនេះ គឺជាភស្តុតាងសម្រាប់ឲ្យនគរបាលធ្វើការស៊ើបអង្កេតករណីនេះ...លោកអាចមើលឃើញសកម្មភាពដ៏អាក្រក់ ដែលលោកឧត្តមនីយ៍ទោប្រព្រឹត្តទៅលើជនរងគ្រោះ”។ នៅក្នុងរូបភាពវីដេអូតាមប្រព័ន្ធយូធ្យូប(YouTube)នោះបង្ហាញឲ្យឃើញ...
រដ្ឋាភិបាល និងក្រុមហ៊ុនស៊ូកាគូ ស្ងាត់ស្ងៀមចំពោះគម្រោងអភិវឌ្ឍន៍បឹងកក់នៅពេលអនាគត
រយ:ពេលប្រាំបួនខែ បន្ទាប់ពីក្រុមហ៊ុនស៊ូកាគូ ដែលគាំទ្រដោយក្រុមហ៊ុនចិន របស់លោកឡៅម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានបញ្ចុះបឋមសិលាសាងសង់គម្រោងអចលនទ្រព្យដ៏ចម្រូងចម្រាសរបស់លោកនៅលើដីអតីតបឹងកក់ក្នុងរាជធានីភ្នំពេញមក គម្រោងសាងសង់របស់ការដ្ឋាននេះទំនងជាបានផ្អាកទៅហើយ។ នៅទីបំផុតក្រុមហ៊ុនស៊ូកាគូ បានបញ្ចប់ការបូមខ្សាច់ជាច្រើនលានតោនចាក់ដើម្បីបំពេញបឹងនេះ កាលពីសប្តាហ៍មុន គឺប្រហែលបីឆ្នាំកន្លះ ក្រោយពីបានចាប់ផ្តើម និងក្រោយពីការបណ្តេញប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារចេញ ដោយរំលោភច្បាប់ភូមិបាល។ នៅក្នុងការឆ្លើយតបដូចសព្វមួយដងមន្ត្រីក្នុងរាជធានីភ្នំពេញបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនមិនដឹងអ្វីទេ អំពីជោគវាសនារបស់ដីបឹងដែលត្រូវបានចាក់បំពេញនេះឬក៏បដិសេធមិនព្រមនិយាយតែម្តង។ នៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ មានតែត្រាក់ទ័រចតទុកចោលពីរគ្រឿងប៉ុណ្ណោះដោយគ្មានបន្សល់ទុកអ្វីទាំងអស់ ក្រៅតែការិយាល័យធ្វើការមួយកន្លែងរបស់ក្រុមហ៊ុននេះ ដែលគេទុកចោល អំឡុងពេលចុះទៅពិនិត្យមើលដល់ការដ្ឋានរបស់ក្រុមហ៊ុនស៊ូកាគូ កាលពីសប្តាហ៍មុន។ ពីមុន ធ្លាប់មានសកម្មភាពមមាញឹកខ្លាំងណាស់នៅពេលលោកឡៅម៉េងឃិន ចាប់ផ្តើមដាក់ម៉ាស៊ីនបុកគ្រឹះដ៏ធំមួយឲ្យដំណើរការនៅក្នុងការដ្ឋាននេះ កាលពីខែកក្កដាឆ្នាំមុន។នាពេលនោះ លោកកែបជុតិមា អភិបាលរាជធានីភ្នំពេញ និងភ្ញៀវរាប់សិបនាក់ទៀតបានត្រៀមខ្លួន ដើម្បីបង្ហាញផ្ទាំងប៉ាណូមួយបង្ហាញពីទស្សនវិស័យរបស់ខ្លួនសម្រាប់បឹងនេះនៅពេលអនាគត ដោយមានអគារកញ្ចក់ខ្ពស់ៗនិងភូមិគ្រឹះលម្អដោយដើមឈើដ៏ស្រស់ស្អាត និងប្រព័ន្ធលូទឹកខ្វាត់ខ្វែង។ព្រះសង្ឃក៏ត្រៀមប្រោះព្រំដល់គម្រោងអភិវឌ្ឍន៍តំបន់នេះដែរ។ តែទោះជាយ៉ាងណា...